ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ ច្បាប់​បោះឆ្នោត​ថ្មី​នៅ​នីការ៉ាហ្គា គំរាមកំហែង​ការបោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌


រូបឯកសារ៖ អ្នកស្រី Cristiana Chamorro ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់ បាន​ជួប​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Managua ប្រទេស​នីការ៉ាហ្គា កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Cristiana Chamorro ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់ បាន​ជួប​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Managua ប្រទេស​នីការ៉ាហ្គា កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ផលវិបាក​ពី​ច្បាប់​បោះឆ្នោត​ថ្មី​ គឺត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ភ្លាមៗ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អាជ្ញាធរ​នីការ៉ាហ្គា​ បាន​ប្រើប្រាស់​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា កំណែទម្រង់​ក្រោម​ច្បាប់​ថ្មី​ ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ចំនួន​ពីរ។ ពួកគេ ​ក៏​បាន​ធ្វើ​ការ​ស៊ើបអង្កេត​បទ​ព្រហ្មទណ្ឌ​ទៅ​លើ​បេក្ខជនចម្បង​ដែល​អាច​ឈរ​ឈ្មោះ​ជាប្រធានាធិបតី ​គឺ​អ្នកស្រី Cristiana Chamorro ផង​ដែរ។

​អ្នក​នាំពាក្យ​នៃ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ អ្នកស្រី Marta Hurtado និយាយ​ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​អ្នកស្រី Chamorro ពី​បទ​លាងលុយ​កខ្វក់។

អ្នកស្រី Hurtado បាន​ថ្លែង​ថា៖ «ការ​ស៊ើបអង្កេត​ផ្អែក​ទៅ​លើ​ច្បាប់​ប្រឆាំង​នឹង​ការ​លាងលុយ​ ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ភេរជន និង​ការ​ដាក់​ពង្រាយ​អាវុធ​បង្ក​វិនាសកម្ម​ទ្រង់ទ្រាយ​ធំ​ ដែល​ត្រូវ​បាន​អនុម័ត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨។ ច្បាប់​ដ៏​មាន​ន័យ​ទូលំទូលាយ​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ទូទៅ​ថា ប្រហែល​អាច​ត្រូវ​យក​មកប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល។​ បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី Chamorro រួម​មាន​ ការ​ប្រើប្រាស់​ខុស​គោលដៅ​នូវ​មូលនិធិ​ដែល​ទទួល​បាន​ពី​ប្រភព​អន្តរជាតិ»។

ប្រធានាធិបតី​នីការ៉ាហ្គា​លោក Daniel Ortega បាន​ក្លាយ​ជា​កម្លាំង​ផ្នែក​នយោបាយ​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស​ ចាប់តាំង​ពី​គណបក្ស​ Sandinista របស់​លោក ​បាន​ទម្លាក់​មេដឹកនាំ​លោក Anastasio Somoza ដែលមាន​ការ​គាំទ្រ​ពី​ក្រោយ​ដោយ​សហរដ្ឋអាមេរិក​ កាល​ពី​ឆ្នាំ១៩៧៩។ លោក​បានកាន់​តំណែង​ជាប់រហូត​ចាប់​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតីសារ​ជាថ្មី​នៅ​ឆ្នាំ ២០០៦​មក​។ គូប្រជែង​របស់​លោក​កាល​ពី​គ្រា​នោះ​គឺ ​អតីត​ប្រធានាធិបតី​លោកស្រី Violeta Chamorro ដែល​ជា​ម្តាយ​របស់​អ្នកស្រី Cristiana​ Chamorro។

អ្នកស្រី Hurtado និយាយ​ថា នគរបាលជាតិ​ ក៏​បាន​ពង្រឹង​ចំណាត់ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដទៃ​ទៀត​ផងដែរ។

អ្នកស្រី​ Hurtado បាន​ថ្លែង​ថា៖

«នៅ​ក្រោម​កាលៈទេសៈ​ទាំង​នេះ ការ​រំលាយ​គណបក្ស​នយោបាយ និង​ការ​ផ្តួចផ្តើម​ការ​ស៊ើបអង្កេត​ផ្នែក​ព្រហ្មទណ្ឌ​អាច​ធ្វើ​ឲ្យ​បេក្ខជន​បក្ស​ប្រឆាំង​ខកខាន​បំពេញ​លក្ខខណ្ឌ​ឈរ​ឈ្មោះ។​ ហើយ​ពិតណាស់ នេះ​មិនត្រឹម​តែ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​បេក្ខជន​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់សិទ្ធិ​របស់​អ្នកបោះឆ្នោត​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ដែល​ពួកគេ​ចង់​បាន​ផង​ដែរ»។

ច្បាប់​បោះឆ្នោត​ថ្មី ​គឺ​ជាចំណាត់ការ​ចុងក្រោយ​ក្នុង​ចំណោម​ចំណាត់ការ​ជា​បន្តបន្ទាប់​ អនុវត្ត​ដោយ​សភា​ជាតិ​នីការ៉ាហ្គា ដែល​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អ្នកសារព័ត៌មាន មេដឹកនាំ​នយោបាយ​ និង​សង្គម​នានា។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នីការ៉ាហ្គា​បញ្ឈប់​ការ​បៀតបៀន​សមាជិក​គណបក្ស​ប្រឆាំង និង​អ្នកសារព័ត៌មាន។ ហើយ​ការិយាល័យ​នេះ​ កំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​ខ្លួន​និយាយ​ថា បំពាន​សិទ្ធិ​មនុស្ស និង​គំរាមកំហែង​ដំណើរការ​បោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG