ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​តឹងតែង​បន្ថែម​លើ​​វេ៉ណេស៊ុយអេឡា គុយបា និង​នីការ៉ាហ្គា


រូបឯកសារ៖ ប្រធានាធិបតីគុយបាលោក Raul Castro (ខាងឆ្វេង) ប្រធានាធិបតីនីការ៉ាហ្គាលោក Daniel Ortega (កណ្តាល) និងប្រធានាធិបតីវេ៉ណេស៊ុយអេឡាលោក Nicolas Maduro អមដំណើរគ្នានៅខាងក្រៅវិមាន Miraflores ក្នុងក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។ 

ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ទម្លាក់​លោក Maduro ចេញ​ពី​តំណែង មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ដាក់​សម្ពាធ​តឹងតែង​ផង​ដែរ​លើ​ប្រទេស​គុយបា។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​វេ៉ណេស៊ុយអេឡា គុយបា និង​នីការ៉ាហ្គា ដែល​នេះ​ជា​វិធានការ​ថ្មី​ចុង​ក្រោយ​បំផុត​មួយ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គម​និយម​ទាំង​នេះ។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ដាក់​អាទិភាព​នៅ​ក្នុង​ការ​ទម្លាក់​ប្រធានាធិបតី​វេ៉ណេស៊ុយអេឡា​លោក Nicolas Maduro ចេញ​ពី​តំណែង និង​ទទួល​ស្គាល់​ប្រធាន​រដ្ឋសភា​វេ៉ណេស៊ុយអេឡា​លោក Juan Guaido ជា​ប្រធានាធិបតី។ ប្រទេស​ជាង ៥០ ផ្សេង​ទៀត​ក៏​ចាត់​វិធានការ​បែប​នេះ​ផង​ដែរ។

នៅ​មុន​ពេល​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ទីក្រុង Miami រដ្ឋ Florida ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​សង្កត់ធ្ងន់​ថា ជម្រើស​ទាំង​អស់​គឺ​អាច​ប្រើប្រាស់​បាន​ទាក់ទិន​នឹង​វិបត្តិ​នៅ​ប្រទេស​វេ៉ណេស៊ុយអេឡា ដោយ​លោក​បាន​អះអាង​ថា ប្រទេស​នេះ «ជិត​ឈាន​ដល់​ដំណាក់កាល​ដាំ​ក្បាល​ចុះ​ក្រោម​ហើយ»។

លោក Bolton បាន​និយាយ​ថា៖

«សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ប៉ុន្តែ​យើង​ប្ដេជ្ញា​ថា​នឹង​មាន​ការ​ផ្ទេរ​អំណាច​កើត​ឡើង។ ទុក​ឲ្យ​លោក Maduro និង​បក្ខ​ពួក​របស់​លោក​គិត​អំពី​ចំណុច​នេះ​ទៅ​ចុះ»។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ទម្លាក់​លោក Maduro ចេញ​ពី​តំណែង មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ដាក់​សម្ពាធ​តឹងតែង​ផង​ដែរ​លើ​ប្រទេស​គុយបា។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋបាល​លោក Trump នឹង​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ជា​លើក​ដំបូង​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន​បរទេស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​គុយបា ដែល​បាន​ប្រើ​អចលនទ្រព្យ​ដែល​រដ្ឋាភិបាល​របស់​លោក Fidel Castro រឹប​អូស​ពី​ពលរដ្ឋ​អាមេរិកាំង​កាល​ពី​ទសវត្ស ១៩៦០៕

XS
SM
MD
LG