ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រមាន​ចិន​អំពី​«ការធ្លាក់ចុះនូវសេរីភាព»នៅទីក្រុង​ហុងកុង


លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ខណៈ​ដែលក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រុង​ប្រៀប​ប្រកាសរបាយការណ៍​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ អំពី​ការ​វាយ​តម្លៃ​លើ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្ដី​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​វិធានការយ៉ាង​ចាស់​ដៃ​របស់ប្រទេស​ចិន ​ក្នុង​ការ​បង្ក្រាប​បាតុករ​ទាម​ទារលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «យើង​បន្ត​តាមដាន​ដោយ​មាន​ក្ដី​បារម្ភ​កើន​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​ការ​ប្រឹងប្រែង​ដើម្បី​ជ្រៀតជ្រែក​លើ​អភិបាល​កិច្ច​ទីក្រុង​ហុងកុង។ ការ​ធ្លាក់​ចុះ​នូវ​សេរីភាព​របស់​ទីក្រុង​ហុងកុង​គឺ​ផ្ទុយ​ទៅ​នឹង​ការ​សន្យា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​អំពី​ប្រទេស​មួយ ប្រព័ន្ធ​ពីរ»។

លោក Pompeo បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ការ​ប្រឹងប្រែង​ណា​មួយ​នៅ​ក្នុង​ការ​ដាក់​កំហិត​ច្បាប់​សន្តិសុខ​ជាតិ​ឃោរឃៅ​លើ​ទីក្រុង​ហុងកុង​គឺ​មិន​ស្រប​ជាមួយ​នឹង​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីនោះ»។

ការ​លើក​ឡើង​របស់​លោក Pompeo នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ត្រៀម​ដាក់​របាយការណ៍​ជូន​សភា ​អំពី​ការ​វាយ​តម្លៃ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើ​ឋានៈ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង។ ច្បាប់​របស់​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​ក្រសួង​ការបរទេស​បញ្ជាក់​អះអាង​ថា ទីក្រុង​ហុងកុង​ពិតជា​នៅ​មាន​ស្វ័យភាព​គ្រប់គ្រាន់ ដើម្បី​ជា​ហេតុផល​ត្រឹមត្រូវ​សម្រាប់​លក្ខខណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ទីក្រុង​ហុងកុង។

ភាព​តានតឹងនយោបាយបាន​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង បន្ទាប់ពី​ការិយាល័យ​តំណាង​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​បញ្ជាក់​ថា ខ្លួន​មិន​គោរព​តាម​ច្បាប់​ដែល​រារាំង​ការ​ធ្វើ​អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ទីក្រុង​ហុងកុង។

ទីក្រុង​ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ជូន​ប្រទេស​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» ដែល​ផ្ដល់​សេរីភាព​ជា​ច្រើន​ដល់​ទីក្រុង​ហុងកុង​ខុស​ពី​នៅ​ចិន​ដី​គោក។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ អាជ្ញាធរ​ក្នុង​ទីក្រុង​ហុងកុង​បាន​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ ១៥ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​លោក Martin Lee វ័យ ៨១ ឆ្នាំ​ផង​ដែរ ដែល​ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​សហរដ្ឋ​អាមេរិក។

ប្រទេស​ចិន​បាន​ច្រានចោល​ការ​រិះគន់​នេះ ដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​៕

ប្រែសម្រួលដោយ​លោក ភី សុភាដា

XS
SM
MD
LG