ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អ.ស.ប.​អំពាវនាវ​ឲ្យ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​ស្លាប់​របស់​ប៊ិនឡាដិន


ផ្ទះ​​ដែល​អូសាម៉ា​ប៊ិនឡាដិន​មេដឹកនាំ​ពួក​អាល់​ខេដា​ ត្រូវ​បាន​ចាប់ ហើយ​សម្លាប់​នៅ​ទីក្រុង​អាប់បូតាបាត​ ប្រទេស​ប៉ាគិស្ថាន។​
ផ្ទះ​​ដែល​អូសាម៉ា​ប៊ិនឡាដិន​មេដឹកនាំ​ពួក​អាល់​ខេដា​ ត្រូវ​បាន​ចាប់ ហើយ​សម្លាប់​នៅ​ទីក្រុង​អាប់បូតាបាត​ ប្រទេស​ប៉ាគិស្ថាន។​

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​អ្នក​ស៊ើប​អង្កេតការណ៍​ឯករាជ​នៃ​អ.ស.ប​និយាយថា​តាម​ធម្មតា​ពួក​ភេរវជន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​នឹង​នាំ​យក​ទៅ​ជំនុំ​ជម្រះ​ទោស​.អំពាវ​នាវឲ្យ​ស.រ.អ.​ផ្ដល់​សេចក្ដី​លម្អិត​ថែម​ទៀត​អំពី​ការ​ស្លាប់​របស់​អូសាម៉ា​ប៊ិន​ឡាដិន​។ អ្នក​ស៊ើប​អង្កេត​ពីរ​នាក់​នៃ​ អ.ស.ប.ដែល​ផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​រួម​កាល​ពី​ថ្ងៃ​សុក្រ​និយាយថា​ នៅ​ក្នុង​ករណី​ពិសេស​ កង​កម្លាំង​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រតិបត្ដិការប្រឆាំង​ភេរវជន​។

ក៏​ប៉ុន្ដែ​លោក​ Christof Heyns អ្នករាយការណ៍​ពិសេសនៃ​ អ.ស.ប.ទទួល​បន្ទុក​ខាង​ការ​សម្រេច ​ការ​សម្រេច​ភ្លាមៗ​ ឬការ​ធ្វើ​តាម​អំពើ​ចិត្ដ​ ក្រៅ​អំណាច​តុលាការ​ ហើយ​នឹង​លោក​ Martin Scheinin អ្នករាយការណ៍​ពិសេសនៃ​ អ.ស.ប.ទទួល​បន្ទុក​ខាងកិច្ច​ការពារ​សិទ្ធិ​មនុស្សពេល​កំពុង​ប្រឈម​មុខ​នឹង​ភេរវកម្ម​ និយាយ​ថា​តាម​ធម្មតា​ពួក​ភេរវជន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​នឹង​នាំ​យក​ទៅ​ជំនុំជម្រះ​ទោស​។

ពួក​អស់​លោក​និយាយ​ថា​តើ​កងកម្លាំង​របស់​ ស.រ.អ.ធ្វើ​តាម​បទដ្ឋាន​របស់​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ នៅ​ពេល​ដែល​គេសម្លាប់​អូសាម៉ាប៊ិន​ឡាដិន​ អាស្រ័យ​ទៅ​លើ​ ហេតុ​ការណ៍ដែល​កើត​មាន​ឡើង។​ហើយ​អ​ស់​លោក​និយាយ​ថា​ ហេតុ​ការណ៍​ទាំង​នោះ​ត្រូវ​តែ​លាត​ត្រដាង​បើក​ចំហ។

អ្នក​ស៊ើប​អង្កេត​នៃ​ អ.ស.ប. មិន​មែន​ជា​មនុស្ស​ទី​មួយ​ដែល​ចោទ​សួរ​ អំពី​រឿង​ស្រប​ច្បាប់​នៃ​ការ​ស្លាប់​របស់​ប៊ិន​ឡាដិន​ទេ។

លោក​ស្រី​ Navi Pillay មន្ដ្រី​ថ្នាក់​ខ្ពស់​នៃ​ អ.ស.ប. ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ព័ត៌មាន​ថែម​ទៀត។​ អង្គការ​កាកបាទ​ក្រហម​បាន​ឲ្យ​ដឹង​ថា​ គ្មាន​ព័ត៌មានគ្រប់​គ្រាន់ដែល​គេ​អាច​ប្រើ​បាន​ដើម្បី​វាយ​តម្លៃ​មើលភាព​ស្រប​ច្បាប់ទេ​ ហើយ​លោក​ Fidel Castro នៃ​ប្រទេស​គុយបា​ ផ្ដន្ទា​ទោស​ដោយ​ចំហ​នូវ​អ្វី​ដែល​លោក​និយាយ​ថា​ ជា​ការ​សម្លាប់​នៅ​ចំពោះ​មុខប្រពន្ធ​ហើយ​នឹង​កូន​របស់​ប៊ិនឡាដិន។

អង្គការ​ Human Rights Watch ដែល​មាន​ទី​ស្នាក់ការ​នៅ​ ស.រ.អ. ជា​អង្គ​ការ​មួយ​ទៀត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​។​លោក​ Reed Brody បាន​និយាយ​អំពី​រឿង​នេះ​ជា​មួយ​ VOA សម្លេង​ ស.រ.អ.។

«ខ្ញុំ​គិត​ថា​វា​សំខាន់​ណាស់​សម្រាប់​ ស.រ.អ.​ ផ្ដល់​ព័ត៌មាន​ថែម​ទៀត ដើម្បី​បង្ហាញ​ទាំង​ការ​សំអាង​ហេតុ​ផល​របស់​ខ្លួន​សម្រាប់​ភាព​ស្រប​ច្បាប់ ហើយ​នឹង​តាម​ពិត​ទៅ​ សម្រាប់​រារាំង​ប្រទេស​ដទៃ​ទៀត​ជា​ច្រើនកុំ​ឲ្យ​តាម​រក​អ្នក​ប្រឆាំង​នឹង​ពួក​គេ​ ទាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទាំង​នៅ​បរទេស​ហើយ​ប្រើ​ ការ​ធ្វើ​បែបនេះ​ធ្វើ​ជា​ការ​សំអាង​ហេតុ​ផល»។

លោក​និយាយ​ថា​ ត្រូវ​ការ​ឲ្យ​មាន​ការ​បង្ហាញ​បំភ្លឺទៅ​លើ​បញ្ហា​បី​សំខាន់ៗ។​បញ្ហា​ទី​មួយ​តើ​អូសាម៉ា​ប៊ិនឡាដិន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ដែរ​ឬ​ទេ។​ លោក​និយាយ​ថា​ ត្រូវ​ការ​ចាំ​បាច់​ផ្ដល់​ភស្ដុតាង​ ថា​តួនាទី​របស់​ប៊ិន​ឡាដិននៅ​តែ​មាន​ត​ទៅ​ទៀត។

«បើ​លោក​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹងសកម្មភាព​យោធាលោក​អ្នកឲ្យ​បញ្ជាទៅ​កងទ័ព​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ លោក​អ្នក​មាន​តួ​នាទី​ប្រតិបត្ដិការ​ ដូច្នេះលោក​អ្នក​ក្លាយ​ទៅ​ជា​យុទ្ធ​ជន​ឬ​ឧត្ដមសេនីយ​ តាម​តែ​ករណី​ដែល​កើតមាន​ឡើង​ ហើយ​បន្ទាប់​មក​ទៀ​ត​ លោក​អ្នក​ក្លាយ​ទៅ​ជា​ទិសដៅយោធា​ជាក់​ស្ដែង»។

លោក​និយាយ​ថា​ គេ​ត្រូវ​ការចាំបាច់​ដឹងថែម​ទៀត​អំពី​ផែនការ​នៃប្រតិបត្ដិការគឺ​ថា​បញ្ជា​អ្វីខ្លះ​ដែល​ត្រូវ​បានឲ្យ​ ហើយ​តើ​ការ​ចាប់ប៊ិនឡាដិន​ជា​ជម្រើស​មួយ​ ជាជាង​ការ​សម្លាប់ឬ​ទេ។

លោក​និយាយ​ថា​ទី​បី​ ព័ត៌មានបន្ថែម​ទៀត​គួរ​ត្រូវ​បាន​ផ្ដល់​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិវេណផ្ទះ​នៅ​ប្រទេស​ប៉ាគីស្ថាន​ ដែល​នៅ​ទីនោះ​ប៊ិនឡាដិន​ត្រូវ​បាន​សម្លាប់។​ ស.រ.អ.​បាន​ឲ្យ​ដឹង​ហើយ​ថា​ប៊ិនឡាដិន​គ្មាន​អាវុធ​ទេ។​ដូច្នេះ​ហើយ​លោក​ សួរ​ថា​តើ​អ្វី​ដែល​រារាំង​កងកម្លាំង​ ស.រ.អ.​ ​មិន​ឲ្យ​ចាប់​គាត់?។ លោក​និយាយ​ថា​មាន​សំណួរ​ចោទ​សួរ​ច្រើន​ណាស់​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ ក៏​ប៉ុន្ដែ​នេះ​មិន​មែន​ពិត​ជា​មាន​ន័យ​ថា​ ពួក​គេ​មិន​បាន​ចាត់​វិធានការ​ត្រឹម​ត្រូវ​នោះ​ទេ។

«ជាក់​ស្ដែង​ នៅ​ក្នុង​ពិភព​លោក​ឥតខ្ចោះ យើងឈរ​នៅ​ខាង​ក្រៅ​បរិវេណ​ផ្ទះ​នៅ​ប្រទេស​ប៉ាគីស្ថាន​នេះ​ ដោយ​មាន​ប្រដាប់​បំពង​សម្លេងមួយ​ហើយ​ស្រែក​ថា​ ចេញ​មក​ ហើយ​អូ​សាម៉ា​ប៊ិន​ឡាដិននឹង​ចេញ​មកដោយ​លើក​ដៃ​ឡើង​ ហើយ​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​នាំ​យក​ទៅ​ជំនុំ​ជម្រះ​កាត់​សេចក្ដី។​យើង​មិន​រស់​នៅ​ក្នុង​ពិភព​លោកឥតខ្ចោះទេ»។

នៅ​អាទិត្យ​នេះ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​សម្រេច​អំពី​ការ​មិន​បញ្ចេញ​រូប​ថត​ដែល​គេ​បាន​ថត​ប៊ិនឡាដិនក្រោយ​ពី​គាត់​ត្រូវ​បាន​បាញ់​មក។

លោកអូបាម៉ាមាន​ប្រសាសន៍​ថា​ ដោយ​សារ​រូប​ថត​ទាំង​នោះ​គួរ​ឲ្យ​រន្ធត់​ស្មារតី ការ​ផ្សព្វ​ផ្សាយ​វា អាច​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្ដិសុខ​ជាតិ។

អ្នក​ស៊ើប​អង្កេត​លោក​ Heyns ​ហើយ​នឹង​លោក​ Scheinin ​រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​អំពី​រឿង​នេះ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG