លោក Tomas Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា កង្វះសេរីភាព និងការរំលោភបំពាននានានៅក្នុងប្រទេសកូរ៉េខាងជើង ដែលមានការគ្រប់គ្រងតឹងតែង និងមានលក្ខណៈសម្ងាត់ខ្លាំង គឺផ្ទុយទៅនឹងតម្លាភាព ដែលត្រូវការចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មី។
លោក Ojea Quintana បានទទួលស្គាល់អំពីកិច្ចប្រឹងប្រែងដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងការរារាំងមិនឲ្យមានការឆ្លងរាលដាលនៃមេរោគនេះនៅក្នុងប្រទេស។ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើមានការឆ្លងរាលដាលនៃមេរោគនេះនៅក្នុងប្រទេសនោះ នោះប្រជាជននឹងជួបបញ្ហាធ្ងន់ធ្ងរ ដោយសារតែមនុស្សភាគច្រើនមិនមានជីវជាតិអាហារគ្រប់គ្រាន់ ដោយមានលក្ខណៈក្រិន និងងាយធ្លាក់ខ្លួនឈឺ។
មន្ត្រីអង្គការសហប្រជាជាតិរូបនេះកំពុងអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងជើងផ្ដល់លទ្ធភាពពេញលេញដោយគ្មានការរារាំងដល់អ្នកជំនាញខាងសុខាភិបាល និងបុគ្គលិកជំនួយមនុស្សធម៌ឲ្យចូលទៅកាន់ប្រទេសកូរ៉េខាងជើង និងជំរុញរដ្ឋាភិបាលកូរ៉េខាងជើងកុំឲ្យដាក់កំហិតចំពោះលទ្ធភាពទទួលបានព័ត៌មានសំខាន់ៗនានា។ កន្លងមក រដ្ឋាភិបាលកូរ៉េខាងជើងមិនបានផ្សព្វផ្សាយព័ត៌មានណាមួយជាសាធារណៈថាតើមានករណីឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសឬក៏អត់នៅឡើយនោះទេ។
លោក Ojea Quintana ថ្លែងដូច្នេះថា៖ «វិធានការនៅក្នុងការទប់ស្កាត់ និងទប់ទល់ជាមួយនឹងការឆ្លងរាលដាលនៃមេរោគ COVID-19 ដូចជាការបិទកន្លែងណាមួយ និងការដាច់អ្នកឆ្លងឲ្យនៅដាច់ដោយឡែក ក៏ដូចជាការព្យាបាលអ្នកជំងឺជាដើម គួរតែធ្វើឡើងស្របទៅតាមគោលការណ៍សិទ្ធិមនុស្ស។ ការផ្ដាច់ប្រទេសកូរ៉េខាងជើងឲ្យនៅឯកោបន្ថែមទៀតគឺមិនមែនជាចម្លើយនោះទេ។ សហគមន៍អន្តរជាតិត្រូវតែឆ្លើយតបទៅតាមបញ្ហានេះ និងផ្ដល់នូវជំនួយផ្នែកសុខាភិបាល និងវិទ្យាសាស្ត្រ»។
សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។
លោក Ojea Quintana បាននិយាយថា ទណ្ឌកម្មទាំងនេះបង្កបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចដល់ប្រជាជន ហើយទាក់ទិននឹងបញ្ហាមេរោគកូរ៉ូណាថ្មីនេះ ទណ្ឌកម្មទាំងនេះគួរតែត្រូវពិនិត្យឡើងវិញ។ លោកបានបញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងមានលក្ខណៈអាក្រក់ក្រៃលែង។
លោក Ojea Quintana បញ្ជាក់ដូច្នេះថា៖ «សេរីភាពជាមូលដ្ឋាននៅតែបន្តរងការដាក់កំហិត។ ការគ្រប់គ្រង និងការតាមដានគឺមាននៅគ្រប់កន្លែងជាទូទៅ ហើយប្រជាជនកូរ៉េខាងជើងខ្លាចត្រូវអាជ្ញាធរចាប់ខ្លួនដោយខុសច្បាប់ និងធ្វើទុក្ខទោសមកលើខ្លួន ដែលក្នុងនោះមានទាំងការដាក់ឃុំក្នុងជំរំគុកនយោបាយជាដើម... រឿងរ៉ាវកាលពីពេលថ្មីៗនេះមួយគឺទាក់ទិននឹងការស្លាប់ជាញឹកញាប់របស់អ្នកទោស ដោយសារតែការធ្វើការហួសកម្លាំង កង្វះម្ហូបអាហារ ជំងឺឆ្លង និងពន្ធនាគារណែនណាន់តាន់តាប់»។
លោក Ojea Quintana និយាយថា ស្ត្រីគឺជាអ្នករងគ្រោះខ្លាំងជាងគេបំផុតនៅក្នុងសង្គមផ្ដាច់ការមួយនេះ។ លោកបានបន្តថា ស្ត្រីគឺជាបុគ្គលចម្បងនៅក្នុងការថែរក្សាក្រុមគ្រួសារ ហើយកំពុងរងសម្ពាធឲ្យធ្វើការរកថវិកាផ្ដល់ដល់រដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា ស្ត្រីងាយរងគ្រោះដោយសារការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ និងការរំលោភបំពានផ្លូវភេទពីសំណាក់មន្ត្រីរដ្ឋតាមមូលដ្ឋាន។ បន្ថែមពីនេះទៀត លោកនិយាយថា ពួកគេគ្មានអំណាចនយោបាយណាមួយ ឬក៏មិនទទួលបានការជួយជ្រោមជ្រែងណាមួយនៅក្នុងការស្វែងរកយុត្តិធម៌នោះទេ។
គណៈប្រតិភូកូរ៉េខាងជើងបានធ្វើពហិការមិនចូលរួមការប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមិនបានទាញប្រយោជន៍ពីសិទ្ធិរបស់ខ្លួនក្នុងនាមជាប្រទេសពាក់ព័ន្ធមួយដើម្បីឆ្លើយតបនោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា