ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​នឹង​ធ្វើទស្សនកិច្ច​លើក​ដំបូង​នៅ​កម្ពុជា


រូបភាព​ឯកសារ៖ គេហទំព័រ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥ បង្ហាញ​រូប​​លោកស្រី​ រ៉ូណា​ ស្មីត ​(Rhona Smith) អ្នករាយការណ៍​ពិសេស​ថ្មី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ (រូបថត​ថត​ពី​គេហទំព័រ http://cambodia.ohchr.org)

អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កោះកុង ដើម្បី​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន​បី​នាក់​ដែល​កំពុង​សិ្ថត​ក្នុង​ពន្ធនាគារនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កោះកុង ដើម្បី​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន​បី​នាក់​ដែល​កំពុង​សិ្ថត​ក្នុង​ពន្ធនាគារ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ក្នុង​ខេត្ត​កោះកុង។

លោក​ស្រី​ រ៉ូណា ស្មីត​ (Rhona Smith)​ ដែល​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស (អ.ស.ប) តែងតាំង​ជំនួស​លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី អតីត​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កាលពី​ខែមិនា ឆ្នាំ២០១៥ ​ដើម្បី​ឃ្លាំ​មើល​ដំណើរ​វិវត្តន៍​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។

លោក អិន គង់​ជិត អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ នៅ​ថ្ងៃពុធ​នេះ​ថា លោក​ស្រី រ៉ូណា ស្មីត​ គ្រោង​ទៅ​ជួប​សកម្មជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ និង​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង។

«លោក​ស្រី​គ្រោង​ជួប​សកម្មជន​ការ​ពារ​បរិស្ថាន​បី​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ហើយ​និង​គ្រួសារ​គេ​ ហើយ​បន្ទាប់​មក​ ពួក​គាត់​នឹង​ជួប​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ប្រជា​ពលរដ្ឋ​ដែល​តំណាង​សហគមន៍​ចំនួន១៧ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី២ ខែ​កញ្ញា​ដើមខែ​នេះ ដើម្បី​ចង់​ដឹង​អំ​ពី​ព្រឹត្តិការណ៍​នៃ​ការ​ឃាត់​ខ្លួន»។

លោក​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​ការងារ​របស់​លោក​ស្រី រ៉ូណា ស្មីត​ នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង បន្ទាប់​មក​លោក​ស្រី​នឹង​បន្ត​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ប្រណិត​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG) នៅ​ក្នុង​ស្រុក​បទុមសាគរ​ និង​គិរីសាគរ។

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​កើត​មាន​ឡើង​ បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង។ ក្រុមហ៊ុន​ Direct Access ​បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​របស់​ខ្លួន​ ដោយ​សារ​អាជ្ញាបណ្ណ​បូមខ្សាច់​របស់​ខ្លួន​អស់​សុពលភាព​កាល​ពី​ថ្ងៃទី១៩ ខែសីហា​កន្លង​ទៅ។

លោក ឌិត ទីណា​ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ​ កំពុង​រត់​ការ​ឯកសារ ដើម្បី​បន្ត​អាជ្ញាបណ្ណ​របស់ខ្លួន​ទៀត​ ខណៈ​ដែល​សុពលភាព​របស់​ក្រុមហ៊ុន ​International Rainbow ​Company ​នឹង​ផុត​ទៅ​នៅ​ចុង​ឆ្នាំ​នេះ។​

លោក គឹម រី សមាជិក​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ឲ្យ​ដឹង​ថា​ ដំណើរ​របស់​លោក​ស្រី​រ៉ូណា ស្មីត មក​កាន់​ខេត្ត​កោះកុង អាច​នឹង​ជួយ​ដល់សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ទាំង​បី​នាក់​នេះ​ ឲ្យ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ ដែល​សម្រេច​ឃុំ​ខ្លួន​ពួក​គេ​តាម​បណ្តឹង​របស់​ក្រុម​ហ៊ុន​ Direct Access និង​លោក​ អន ភារ័ក្ស ​អភិបាល​ស្រុក​បទុម​សាគរ។

«ខ្ញុំ​យល់​ថា​ ពេល​ដែល​គាត់​មក​ហ្នឹង​ គាត់​អា​ច​នឹង​ជួយ​សកម្មជន​បី​នាក់​របស់​យើង​បាន​ព្រោះ​យើង​ឃើញ​ថា​ ការ​ឃុំ​ខ្លួន​ពួក​គាត់​ដែល​អត់​ទាន់​បាន​កំណត់​ទោស​ទណ្ឌ​អ្វី​ហ្នឹង​ វា​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មួយ​លើ​ពួកគាត់​ដែរ»។

សកម្មជន​បរិស្ថាន​ទាំងបី​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាល​ពី​ខែ​សីហា រួម​មាន​លោក សាន់ ម៉ាឡា​ អាយុ​២៣ឆ្នាំ ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ទ្រី សុវិគា​ អាយុ​២៤ឆ្នាំ​ និង​លោក ស៊ីម សំណាង​ អាយុ​២៦ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។

ការ​ចុះ​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន​ទាំងបី​នាក់​នេះ​ គឺ​ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូងរបស់​លោក​ស្រី រ៉ូណា ស្មីត ដែល​គ្រោង​នឹង​បំពេញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី១៧ ខែ​កញ្ញា​ ដល់​ថ្ងៃទី២៤ ខែ​កញ្ញា​ខាងមុខ​នេះ។ ទស្សនកិច្ច​របស់​អ្នក​ស្រី​ត្រូវ​បាន​លើក​ពេល​មួយ​ដង​រួច​ទៅ​ហើយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

មន្រ្តី​បម្រើ​ការ​នៅ​ឯ​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ពុំទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ដំណើរ​របស់​លោក រ៉ូណា​ ស្មីត​ទៅ​កាន់​ខេត្ត​កោះកុង​នោះ​ទេ​ តែ​មន្ត្រី​រូបនេះ​ឲ្យ​ដឹង​ថា​ លោក​ស្រី​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក ប៊ុន លើត​ អភិបាល​ខេត្ត​កោះកុង​ បញ្ជាក់​ថា លោក​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​ដំណើរ​របស់​លោកស្រី ​រ៉ូណា ស្មីត​ មក​កាន់​ខេត្ត​កោះកុង​ តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​ពី​កម្មវិធី​របស់​ដំណើរ​ចុះសួរ​សុខទុក្ខ​របស់​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ពិសេស​នេះ​បាន​ទេ។​

រីឯ​លោក ​ប៊ូ ប៊ុន​ហាំង​ ព្រះ​រាជអាជ្ញា​តុលាការសាលា​ដំបូង​ខេត្ត​កោះកុង​ ថ្លែង​ថា​ លោក​មិន​ទាន់​ដឹង​ច្បាស់​អំពី​ដំណើរ​របស់​លោក​ស្រី ​រ៉ូណា ស្មីត​ ទៅកាន់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង​នោះ​ទេ​ តែ​លោក​ថា តុលាការ​នឹង​ទទួល​ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​រូបនេះ​ បើសិន​ជា​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​យុត្តិធម៌។​

លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ ដែល​បាន​កាន់​ការងារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​បេសកកម្ម​របស់​លោក​រយៈពេល​៦ឆ្នាំ ​ដោយ​បាន​វាយតម្លៃ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​មាន​ភាព​ល្អ​ប្រសើរ​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ក្លាហាន​ក្នុងការ​ហ៊ាន​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ខណៈ​ដែល​យុវជន​មាន​សេចក្តី​ក្លាហាន​ច្រើន​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម។

ប៉ុន្តែ លោក ​សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ យល់​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញ​មតិ​នៅ​ពុំទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ រីឯ​ស្ថាប័ន​តុលាការ​ក៏​ពុំទាន់​បាន​ផ្តល់​យុត្តិធម៌​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ៕

XS
SM
MD
LG