ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ថា​ ទង្វើនានា​ដែល​បាន​ធ្វើ​ទៅ​លើ​ជនអំបូរ​រ៉ូហ៊ីងយ៉ា​អាច​ឈាន​ទៅ​រក​អំពើ​ប្រល័យ​ពូជសាសន៍


លោក Zeid Ra'ad Al Hussein ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អញ្ជើញ​ទ ដល់​កិច្ចប្រជុំ​លើក​ទី៣៦​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង Geneva ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រី​កំពូល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ លោក Zeid Ra'ad al Hussein បាន​ថ្កោលទោស​ទៅ​លើ​ការធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​រីករាលដាល នៃ​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​ជា​លក្ខណៈ​ប្រព័ន្ធ​ ប្រឆាំង​នឹង​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ចាត់​ទុក​ទង្វើ​ទាំងនេះ​អាច​ក្លាយ​ទៅ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

នៅ​ក្នុង​ពេល​ចាប់ផ្តើមបើក​កិច្ច​ប្រជុំពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃច័ន្ទ​ ស្តី​ពី​ស្ថានភាព​បច្នុប្បន្ន​នៃ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ភាគខាងជើង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​ លោក Zeid Ra'ad al Hussein បាន​ថ្លែង​ថា​ មាន​របាយការណ៍​ដែល​គួរ​ឲ្យ​ជឿកទុកចិត្ត​បាន​ជា​ច្រើន​ អំពី​ស្ថានភាព​សន្តិសុខ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​បាន​ពណ៌នា​ថា​ ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែសីហាដោយ​ក្រុមឧទ្ទាម «គឺ​មាន​ចេតនា​និង​សំដៅ​ទៅ​លើ​ជនស៊ីវិល» កាល​ពី​ខែ​សីហា ក្រោយ​ពី​មាន​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​សកម្មភាព​ទាំងនេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង៦សែន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង Cox's Bazar ទៅ​ប្រទេស​បង់ក្លាដែស ដែល​ក្នុងនោះ​ចំនួន​ជាង​កណ្តាល​នៃ​ពួកគេ​ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ជា​ជនអំបូររ៉ូហ៊ីងយ៉ា​រស់​នៅ​ភាគខាងជើង​រដ្ឋ Rakhine។ ដោយសារ​តែ​គ្មាន​សមាជិក​នៃ​សហគមន៏​អន្តរជាតិ​ណា​មួយ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់រដ្ឋ Rakhine លោក Zeid បាន​ថ្លែង​ថា​ «គេ​មិន​អាច​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃអ្នក​ដែល​ជាប់​ឃុំឃាំង ចំនួន​អ្នក​បាត់​ខ្លួន និង​ចំនួន​អ្នក​ដែល​ត្រូវ​គេសម្លាប់​ និង​ស្លាប់​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​នោះ​ទេ»។ ​

លោក​ថ្លែង​បន្តថា​ ដោយសារ​តែគ្មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋ​អស់​រយៈពេល​រាប់​ទសវត្សរ៍ ព្រម​ទាំង​ប្រឈម​នឹង​ការ​រើសអើង​ប្រឆាំង​នឹងជនអំបូរ​រ៉ូហ៊ីងយ៉ា​ជា​លក្ខណៈ​ប្រព័ន្ធ ភូមិឋាន ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ និង​ការរស់នៅ​រងការ​បំផ្លិចបំផ្លាញ​ «តើ​មាន​នរណា​ម្នាក់​អាច​កំណត់​បាន​ទេ​ ថា​អ្វីៗ​ទាំងអស់​នេះគឺជា​ទង្វើ​នៃអំពើ​ប្រល័យ​ពូជសាសន៍​ឬ​យ៉ាង​ណា​នោះ?»។ហើយ​នៅ​ចុង​បញ្ចប់​លោក Zeid បាន​បញ្ចាក់​ថា​ ការចាត់​ទុក​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ លុះត្រា​តែ​តុលាការ​មាន​សមត្ថកិច្ច អាច​កំណត់​ថា​ទង្វើ​នានា​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ទៅ​លើ​ជន​អំបូរ​រ៉ូហ៊ីងយ៉ាទាំងនោះ​គឺ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍៕

XS
SM
MD
LG