ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដែស​សុំ​កម្ពុជា​ឱ្យ​គាំទ្រ​ដំណោះស្រាយ​យូរ​អង្វែង​លើ​បញ្ហា​ «រ៉ូហ៊ីងយ៉ា»


លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ Sheikh​ Hasina ចាប់ដៃ​ជាមួយ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅ​វិមានសន្តិភាព កាល​ពី​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ Sheikh​ Hasina ចាប់ដៃ​ជាមួយ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅ​វិមានសន្តិភាព កាល​ពី​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបថតពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​មិន​បាន​បន្លឺ​ពាក្យ​ «រ៉ូហ៊ីងយ៉ា»​ សូម្បី​តែ​មួយ​ពាក្យ ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដែស ​កាល​ពី​ថ្ងៃ​ច័ន្ទ។

​នៅ​ចំពោះ​មុខ​វិបត្តិ​ជន​ភៀស​ខ្លួន​ «រ៉ូហ៊ីងយ៉ា​» ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​រត់ភៀសខ្លួនពីអំពើហិង្សានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា​ លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ Sheikh​ Hasina ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ស្នើសមភាគី​កម្ពុជា​ឱ្យ​ជួយ​គាំទ្រ​ឱ្យ​មាន​ដំណោះស្រាយ​យូរ​អង្វែង​មួយ​សម្រាប់​វិបត្តិ​នេះ​ ​ខណៈ​ដែលលោកនាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នៃ​កម្ពុជា​មិន​បាន​សូម្បី​តែ​ប្រើ​ពាក្យ​«រ៉ូហ៊ីងយ៉ា» (Rohingya) ​ក្នុង​សុន្ទរកថា​របស់​លោក​ឡើយ។​

​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា ​ដែល​ធ្វើ​ឡើង​ក្រោយ​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ចន្ទ ​នៅវិមានសន្តិភាព​ លោកស្រី ​Sheikh​ Hasina​ ដែលបានហៅដំណើរទស្សនកិច្ចរបស់អ្នក​ស្រីនៅ​កម្ពុជា​ ​និង​ជំនួប​ជាមួយ​លោក​ ​ហ៊ុន ​សែន​ ​ថា​«ប្រកប​ដោយ​ផ្លែផ្កា​ក្រៃលែង»​ បានព្រមានពីអស្ថិរភាពក្នុងតំបន់​ដែលបង្ក​ឡើង​ដោយ​អំពើ​ភេរវកម្ម អំពើ​ជ្រុល​និយម​ផ្នែក​សាសនា​ ​និង​វិបត្តិ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​ដែល​ចូល​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​លោកស្រី។

លោកស្រី​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​បាន​បន្ថែម​ថា ​លោកស្រី ​និង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ជជែក​ពិភាក្សា​លើបញ្ហាជន​ភៀស​ខ្លួន«​រ៉ូហ៊ីងយ៉ា»​ដែលជាបញ្ហាចាក់ស្រែះ «គំរាមកំហែងដល់សន្តិសុខ​ និងស្ថិរភាពក្នុងតំបន់» ពេលដែល​ជនភៀសខ្លួនច្រើន​ជាង​មួយ​លាន​នាក់​បាន ​រត់​ប្រសាច​ចេញ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ប្រដាប់​អាវុធ និងការតាមប្រមាញ់របស់កងកម្លាំងយោធាមីយ៉ាន់ម៉ា ហើយ​រត់​ទៅ​តាំង​ទី​លំនៅ​ជា​ជន​ភៀស​ខ្លួន​លើ​ទឹកដី​បង់ក្លាដែស​ដែល​នៅ​ក្បែរ​ខាង។

លោកស្រី​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​ថ្លែង​ថា៖​

«ខណៈ​ដែល​យើង​កំពុង​បន្ត​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​មីយ៉ាន់ម៉ា​ ​ដើម្បី​ធានា​ការ​វិល​ត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព​របស់បណ្ដា​ជន​រ៉ូហ៊ីងយ៉ា ​ត្រឡប់​ទៅ​កាន់​មាតុភូមិ​របស់​ខ្លួន​វិញ ​ខ្ញុំ​បាន​ស្នើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ឱ្យ​ជួយ​ផ្ដល់នូវ​ការគាំទ្រ​សម្រាប់​ដំណោះស្រាយ​យូរ​អង្វែង​មួយ​ឆ្លើយ​តប​នឹង​វិបត្តិ​នេះ»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្លាប់​ធានា​នៅ​ចំពោះ​មុខ​មេដឹកនាំ​មីយ៉ាន់ម៉ា​កន្លង​មក​ថា​ កម្ពុជា​នឹង​មិនគាំទ្រសោះឡើយចំពោះរាល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ណា​មួយ ​ក្នុង​ការ​ធ្វើ ​«អន្តរ​ជាតូបនីយ​កម្ម»​ នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា ​ដោយ​ថា​ នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុងរបស់ប្រទេស​មីយ៉ាន់ម៉ា ​ដែល​បណ្ដា​ប្រទេស​ដទៃ​រួម​ទាំងសហគមន៍​អាស៊ាន​ផង​ មិន​គួរ​លូក​ដៃ​នោះ​ទេ។​

នៅ​ស្រប​ពេល​ដែល​លោក​ ហ៊ុន សែន​ ឯកភាព​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌ ​ចូល​រួមជួយផ្គត់ផ្គង់ទំនុក​បម្រុង​ដល់​ជន​ភៀស​ខ្លួន​«រ៉ូហ៊ីងយ៉ា»​ រដ្ឋាភិបាល​របស់​លោក​បាន​នាំ​កម្ពុជា​ចាប់​យក​ជំហរ​បោះឆ្នោត​ប្រឆាំង​សេចក្ដីសម្រេច​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​បញ្ហា​នេះ​កាល​ពី​ខែ​វិច្ឆិកា​ខែ​មុន។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ Sheikh Hasina​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ មិន​បាន​សូម្បី​តែ​ប្រើ​ពាក្យ​ថា​ «រ៉ូហ៊ីង​យ៉ា»​និង​ប្រើ​ពាក្យ​ ​«ជនភៀសខ្លួន»​ ជំនួស​វិញ។​ ​ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អាច​ដោយ​សារ​តែ​ពាក្យ​នេះ​ជា​វាក្យស័ព្ទ​រសើប​ ដែល​បណ្ដា​មហាជន​មួយ​ចំនួន​និងមេដឹកនាំមីយ៉ាន់ម៉ា​ បាន​បង្ហាញ​ការ​មិនទទួល​យក​នូវ​ការ​ប្រើ​ពាក្យពេជន៍​ថា ​«រ៉ូហ៊ីងយ៉ា»​ នោះ​ទេ។ យ៉ាង​ណា​ក្ដី​លោក ​ហ៊ុន ​សែន បានកោតសរសើរ​ចំពោះ​សមានចិត្ត​របស់​ប្រទេស​បង់ក្លាដែស​ក្នុង​ការ​ទទួល​ជន​ «រ៉ូហ៊ីងយ៉ា» ឱ្យ​ស្នាក់​អាស្រ័យ៖​

«យើង​ក៏​មិន​បាន​ភ្លេច​ដែរ​ ក្នុង​ការ​ពិភាក្សា​អំពី​ជន​ភៀស​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​របស់បង់ក្លាដែស ​ហើយ​យើង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​បង់ក្លាដែស ​ដែល​ទោះ​បី​ប្រជាជន​មាន​ទៅ​ដល់​ ១៦០​លាន​នាក់ ​ក៏​ត្រូវទទួល​ចិញ្ចឹម​ប្រជាជន​ចំនួន​ ១​លាន​នាក់​ថែម​ទៀត ​ដែល​ភៀស​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ា»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​បន្ថែម​ ដោយ​គាំទ្រ​លើ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​ «រ៉ូហ៊ីងយ៉ា»៖

«នេះ​យើង​ក៏​ពិចារណា​រួម​គ្នា ​ទៅ​លើ​កិច្ច​ខិតខំ​ធ្វើ​ឱ្យ​មាន​ឡើង​នូវ​មាតុភូមិ​និវត្តន៍​ ហើយ​សង្ឃឹម​ថា ​ភាគី​ទាំង​ពីរ​ បង់ក្លាដែស ​និង​មីយ៉ាន់ម៉ា ​រក​ឃើញ​នូវ​ដំណោះ​ស្រាយ​ ដែល​អាច​នាំ​ឱ្យ​ប្រជាជន​វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ»។

VOA ​មិន​អាច​ទាក់​ទងស្ថានទូត​មីយ៉ាន់ម៉ា​នៅ​ភ្នំពេញ ​និង​ក្រសួង​ការបរទេស​កម្ពុជា ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេគិត​ត្រឹមរសៀល​ថ្ងៃ​ចន្ទ​នេះ។​

​បញ្ហា​រ៉ូហ៊ីងយ៉ា​ ផ្ដើមចេញពី​ជម្លោះ​រវាង​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​ ​និង​សហគមន៍​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​នៅ​ខេត្ត​ Rakhine​ ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ ​ដែល​បង្ក​ជា​សតិ​អារម្មណ៍​ស្មារតី​ជាតិនិយម​នៅ​ទូទាំង​ប្រទេសមីយ៉ាន់​ម៉ា ​ដែល​ស្ថានការណ៍​វិវត្ត​នា​ពេល​ថ្មីៗ​នេះ ​នាំ​ឱ្យ​ក្រុម​យោធា​មីយ៉ាន់ម៉ាលូកដៃ​ចូល​ធ្វើ​អន្តរាគមន៍ ​បង្ក​ជា​អំពើហិង្សា ​ដែល​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​រួម​ទាំង​អង្គការ​សហប្រជាជាតិ ​និង​សហរដ្ឋ​អាមេរិក​ បរិហារ​ថា​ បង្ក​ជា​ការ​ ​«បោស​សម្អាត​ជាតិ​សាសន៍»។

លោក ​ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា ​បាន​និយាយ​ថា ​ការណ៍​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​មិនបានពោល​ពាក្យ​ថា​«រ៉ូហ៊ីងយ៉ា»​ ​ក្នុង​សុន្ទរ​កថា​របស់​លោក​កាល​ពី​ព្រឹក​មិញ​ ​ដោយ​សារ​តែ​ភាព​រសើប​នៃ​ការ​ប្រើ​ប្រាស់​វាក្យ​ស័ព្ទនេះ ​ហើយ​ថា​ជំហរ​របស់​កម្ពុជា​នៅ​ដដែល​ គឺ​គាំទ្រ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​«រ៉ូហ៊ីងយ៉ា»​ តែ​ក្នុង​រង្វង់​ប្រទេស​មីយ៉ាន់ម៉ា​ ​និងប្រទេស​ក្បែរ​ខាង​ដែល​ពាក់​ព័ន្ធ​ដូច​ជា​បង់ក្លាដែស​ជា​ដើម។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖​

​«យើង​មិន​ប្រើ​ពាក្យ​ណា​មួយ​ដែល​ប៉ះ​ពាល់​ដល់​សេចក្ដី​សម្រេច​ចិត្ត ​ឬ​បង្ហាញ​នូវ​អត្តសញ្ញាណកម្ម​នៃ​ជម្លោះ​នោះ​ទេ។​ គឺ​យើង​អត់​ទេ! ​យើង​នៅតែ ​... ​ថា​ជា​រឿង​ផ្ទៃ​ក្នុង​ ជា​រឿង​ប្រជា​ពលរដ្ឋ​របស់​ភូមា​ (មីយ៉ាន់ម៉ា)»។

លោក​ Phil ​Robertson ​នាយក​រង​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch បាន​និយាយថា ​ការណ៍​ដែល​លោកស្រី​នាយករដ្ឋមន្ត្រី ​Sheikh ​Hasina ​អំពាវនាវ​សុំការ​គាំទ្រ​នេះ ​បង្ហាញ​ថា ​បង់ក្លាដែស​ដែល​កំពុងទទួលរង​បន្ទុក​ពី​វិបត្តិ​ «រ៉ូហ៊ីងយ៉ា» ​នេះ​ ​បាន​នឹង​កំពុង​លេង​ផ្លូវ​នយោបាយ​ពីរ​ក្នុង​ពេល​តែ​មួយ​ ​ពោលគឺ​ស្រប​ពេល​ដែល​កំពុង​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ បង់ក្លាដែស​ក៏​បាន​ដើរ​សុំ​ការ​គាំទ្រ​ពី​ប្រទេស​ក្បែរ​ខាង​មីយ៉ាន់ម៉ា​ ដើម្បី​ដាក់​សម្ពាធ​ ​និង​ថ្កោល​ទោសទីក្រុង​ណៃពិដោ។ លោក​ថា​ ជន​«រ៉ូហ៊ីងយ៉ា»​បច្ចុប្បន្ន​នេះ​មិន​ហ៊ាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​មាតុ​ប្រទេស​នោះ​ទេ៖

«នៅ​តែ​មាន​ជន​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ពី​មីយ៉ាន់ម៉ា​ចូល​ទៅ​កាន់​បង់ក្លាដែស ​ម្ល៉ោះ​ហើយ​វា​មិន​មាន​សុវត្ថិភាពនោះ​ទេសម្រាប់​ពួក​គេ​នៅ​រដ្ឋ​ Rakhine ប្រទេស​មីយ៉ាន់ម៉ា។ ​មក​ទល់​ពេល​នេះ ​មិន​មាន​ការ​ធានា​ជា​មូលដ្ឋាន​ណា​មួយ​នៅ​ឡើយលើផ្នែក​រក្សា​គាំពារ​ដល់​បណ្ដា​ជន​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​ ជន​រ៉ូហ៊ីង​យ៉ា​ដែល​មិន​ទុក​ចិត្ត​សោះ​ឡើយ​លើ​យោធាមីយ៉ាន់ម៉ា ​ឬ​ក៏​មាន​ទំនុក​ចិត្ត​សោះ​ឡើយ​ ក្នុង​ការ​ត្រឡប់​ទៅ​កាន់​ទីតាំង​ណា​ដែល​នៅ​ជិត​ពួក​គេ​(យោធា​ភូមា) ​ពី​ព្រោះ​តែ​ភាព​ឃោរឃៅ​ប្រព្រឹត្ត​ប្រឆាំង​នឹង​បណ្ដា​ជន​រ៉ូហ៊ីងយ៉ា ​និង​ក្រុម​គ្រួសារ​គេ​ទទួល​រង​គ្រោះ»។​

​ដោយ​ឡែក​ លោកបណ្ឌិត​ ឈាង ​វណ្ណារិទ្ធិ ​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ Ishak ​Yusof​ នា​ប្រទេស​សិង្ហបុរី​ ​បាន​លើក​ឡើង​ថា​ បញ្ហា​«រ៉ូហ៊ីងយ៉ា»​បាន​នាំ​ឱ្យ​បណ្ដា​រដ្ឋមួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍មានសភាពស្ទាក់ស្ទើរមិន​សូវ​ចង់​បញ្ចេញ​សំឡេង ​ឬ​មតិ​យោបល់​អ្វី​ច្រើន​ទេ​ ខ្លាច​បង្ក​ជា​ការ​អាក់​អន់​ស្រពន់​ចិត្ត​ពី​សំណាក់​ទី​ក្រុងណៃពិដោ​ដែល​ជា ​រដ្ឋ​សមាជិក​អាស៊ាន​ដូច​គ្នា។ លោក​ពន្យល់​ថា៖​

​«នៅ​ពេល​ដែល​យើង​ជ្រៀត​ជ្រែក​ចូល​បញ្ហា​រ៉ូហ៊ីងយ៉ា​ហ្នឹង ​វា​អាច​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ ​ប្រទេស​ភូមា ពី​ព្រោះ​រដ្ឋាភិបាល​ភូមា​នៅ​គិត​ថា ​បញ្ហា​រ៉ូហ៊ីងយ៉ា​ហ្នឹង​ជា​បញ្ហា​ប្រឌិត ​មិន​មែន​ជា​ការ​ពិត។ ​អ៊ីចឹង​ទេ ​វា​មាន​ការ​ខ្វែងគំនិតគ្នា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​ហ្នឹង។ ​បើ​ប្រទេស​ណាមួយ​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​បញ្ហា​រ៉ូហ៊ីងយ៉ា​នេះ​ច្រើន​ វា​អាច​ប៉ះ​ពាល់ដល់ទំនាក់ទំនង​ជាមួយ​ប្រទេស​និង​រដ្ឋាភិបាល​ភូមា»។

លោក​ ឈាង ​វណ្ណារិទ្ធិ​ ​និយាយ​ថា​ ដំណោះស្រាយ​បញ្ហា​ «រ៉ូហ៊ីងយ៉ា»​ អាច​ប្រព្រឹត្ត​ទៅ​ជា​បី​ដំណាក់​កាល​គឺ ​ដំបូង​ផ្ដល់ជំនួយមនុស្ស​ធម៌​ដល់​ជន​ភៀស​ខ្លួន​ បន្ទាប់​មក​ធានា​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​ជន​«រ៉ូហ៊ីងយ៉ា»​ទៅ​ភូមា​វិញ ​និង​ចុងក្រោយ ​ធ្វើ​សមាហរណ​កម្ម​សង្គម​ផ្ដល់​ភាព​ស្រប​ច្បាប់​ជា ​ពលរដ្ឋ​ភូមា​ដល់​ជន​ «រ៉ូហ៊ីងយ៉ា»​ ទាំង​ឡាយ​ទាំង​ពួង។

ក្រៅ​តែ​ពី​ជជែក​អំពី​បញ្ហា​រ៉ូហ៊ីងយ៉ា​ ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស​ក៏​សម្រេច​បាន​ការ​ចុះហត្ថ​លេខា​លើ​លិខិតូបករណ៍នានា​ស្ដី​ពី​កិច្ច​ប្រតិបត្តិ​ការ​លើ​ច្រើន​វិស័យ។​ ខណៈ​ដែល​លោក​ ហ៊ុន សែន​ ​ទទួល​យក​ការ​អញ្ជើញ​របស់​លោកស្រី​ Sheikh ​Hasina ​ដែល​លោក​ហៅ​ថា​ជា​ «បងស្រី»​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដែស​ក្នុង​ពេល​ឆាប់ៗ​ អ្នក​ទាំង​ពីរ​ក៏​បានព្រមព្រៀង​គ្នា​ដាក់​ឈ្មោះ​បិតា​ជាតិ​រៀងៗ​ខ្លួន​ ​នៅ​ម្ខាង​ប្រទេស​ម្នាក់​ ​ពោល​គឺ​កម្ពុជា​នឹង​ប្ដូរ​ឈ្មោះ​វិថី​មួយ​ក្នុង​ក្រុង​ភ្នំពេញដាក់​ជា​នាម​របស់​បិតា​ជាតិ​បង់ក្លាដែស​គឺ​លោក ​Sheikh ​Mujibur ​Rahman ​ខណៈ​វិថី​មួយ​នៅ​រដ្ឋធានីដាក្កា ​របស់​បង់ក្លាដែស ​ក៏​នឹង​ត្រូវដូរ​ឈ្មោះ​ដាក់​តាម​ព្រះ​បិតា​ជាតិ​កម្ពុជា ​គឺ​ព្រះករុណា ​ព្រះបាទ​ នរោត្តម ​សីហនុ ​ព្រះ​បរម​រតន​កោដ្ឋ ផង​ដែរ៕

XS
SM
MD
LG