ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

ស្រប​ពេល​ដែល​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​​នៅ​តែ​បន្ត​យ៉ាង​សកម្ម​នោះ​ អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​បាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប៉ុនប៉ង​នា​នា​របស់​គណបក្ស​កាន់​អំណាច​ ​​ដែល​ទាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ទឹក។

អ្នកស្រី​ ​រ៉ូណា ស្មីត​ (Rhona Smith)​ ​បេសកជន​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​បាន​ព្រមាន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​លទិ្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ពី​ចលនា​នានា​ដែល​វាយ​ប្រហារគណបក្ស​ប្រឆាំង​ ​និង​នៅ​គ្រា​ដែលការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជាអាច​នឹងកើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​នៅ​កម្ពុជា​ ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​ហើយ​ដែល​ VOA ​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​ស្មីត​បាន​លើក​ឡើងក្នុង​ន័យដើម​ថា៖​

«ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប៉ះពាល់​ដល់​សំឡេង​ និង​ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​ នៅ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​បង្ក​ឲ្យ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​តំណាង​របស់​រដ្ឋាភិបាល»។​

អ្នកស្រី​បាន​បន្ថែម​ថា៖​

«ខ្ញុំ​មាន​កង្វល់​ផង​ដែរ​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើ​រឿង​នេះ​ ដោយ​និយាយ​អំពី​នីតិរដ្ឋ​ជាការ​សំអាង»។​

ការ​ថ្លែង​ព្រមាន​របស់​អ្នកស្រី​ រ៉ូណា ស្មីត​ ​កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែនប្រកាស​ឲ្យដឹង​ជា​សាធារណៈ​នៅ​ចំពោះមុខក្រុម​កម្មករ​រាប់​ពាន់​នាក់​ថា​ ​នឹង​មានការ​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​នយោបាយ​មួយ​ ​ដែល​លោក​មិន​និយាយ​ចំ​ឈ្មោះ​តែ​ត្រូវ​គេ​ដឹង​ថា​ ​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​កឹម​ សុខា​ ដែល​កំពុង​ជាប់​ឃុំ​ ក្រោមបទ​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ ​ការ​ថ្លែង​ព្រមាន​របស់​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ ​ក៏​បាន​កើត​មាន​ឡើង បន្ទាប់ពីក្រសួង​មហា​ផ្ទៃ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នីវិធី​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​គឺ ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​(Cambodia National Rescue Party)។​

ស្រប​គ្នា​នោះ​ដែរ​ ​ក្រុមតំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ហ៊ុន សែន​ ​បាន​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន​ ដែល​ពាក់​ព័ន្ធ​នឹង​ដំណើរការរៀបចំ​ការ​បោះ​ឆ្នោត។​ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ដំណើរ​ឈាន​ដល់​ការ​យក​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ដែល​មិន​ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើ​ជា​តំណាង​ពល​រដ្ឋ​នៅ​សភា​ ​តាម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​ការ​អភិវឌ្ឍន៍​សង្គម​ ​បាន​ចាត់​ទុក​ថា​ ​ការ​ដណ្តើម​យក​កៅអី​សភារបស់​គណបក្ស​ប្រឆាំង​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​គឺ​ជា​ ចេតនា​ប្រឆាំង​នឹង​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​ចូលរួម​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​កាលពី​ឆ្នាំ​ ២០១៣។

«ការ​ដក​យក​អាសនៈ​ពី​ពលរដ្ឋ​ ប្រមាណ​ជា​បី​លាន​នាក់​ជាង​ ដែល​គាំទ្រ​គណបក្ស​មួយ​ហ្នឹង​ ​ហើយ​យក​ទៅ​ឲ្យ​អ្នក​ដទៃ​ហ្នឹង​ វាខុស​ពី​មតិ​ពលរដ្ឋ​ហ្នឹង​បាត់​ទៅ​ហើយ។​ អា​នេះ​វា​ យើង​មិន​និយាយ​រឿង​ច្បាប់​ទេ​ យើង​និយាយ​ពី​សង្គម​វិញ​ អា​ហ្នឹង​វា​ខុស​បាត់​ហើយ។ ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​ពាក់​កណ្តាល​ប្រទេស​ហ្នឹង​បាន​ត្រូវ​គេ​យក​ទំនុក​ចិត្ត​របស់​គាត់​ហ្នឹង​ យក​ទៅ​ហែក​ចែក​គ្នា​ ដូច​ហែក​ចែក​នំ​អីចឹង​ណា៎»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​នៃ​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាចរបស់​លោកថា​ ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ជា​ការ​ធ្វើ​ឲ្យ​មាន​គណបក្ស​នយោបាយ​ច្រើន​ក្នុង​រដ្ឋ​សភា។​ ​ លោក​ហ៊ុន សែន​ អះអាង​ផង​ដែរ​ថា ​អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ​គឺ​ការ​អនុវត្ត​ច្បាប់​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស។

អ្នកស្រី​ ស្មីត​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​ផង​ដែរ​ថា​ ​សកម្មភាព​ធ្វើ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ប្រាស​ចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​នឹងមិន​ស្រប​តាម​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​នានា​ទេ ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជួប​ផល​វិបាក​នៃ​ការ​គ្រប់​គ្រង​ប្រទេស។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​អ្នកស្រី​ស្មីត​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​

«កម្ពុជា​សម័យ​ទំនើប​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ ដោយត្រូវ​គោរព​ និង​ការពារ​សិទ្ធិ​មនុស្ស។ ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ព្យាយាម​ទប់​ស្កាត់​ការ​វិលត្រឡប់​ មក​វិញ​នូវ​រដ្ឋ​ឯក​បក្ស។ ​អ្នក​ដែល​បាន​ព្រាង​រដ្ឋធម្មនុញ្ញ​សុទ្ធតែ​បាន​ដឹង​ច្បាស់​អំពី​ផល​វិបាក​ ដែល​កើត​ចេញ​ពី​របៀប​គ្រប់​គ្រង​ឯក​បក្ស»។​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ បាន​សម្រេច​ឱ្យ​គណៈកម្មាធិការ​ជំនាញ​សភា​ពិនិត្យ​ឡើង​វិញ​នូវសេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​បែងចែក​អាសនៈសភា​របស់​គណបក្ស​ដែលត្រូវ​រំលាយ​ ​ហើយ​រង់ចាំ​បន្ត​នីតិវិធីទៅ​មុខ​ទៀត៕

XS
SM
MD
LG