ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីស្វែងរកអន្តរាគមន៍ពីបេ្រសិតអង្គការសហប្រជាជាតិរឿងការដោះលែងអ្នកស្រីទេព វន្នី


កាលពីថ្ងៃ​ទី​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​នៅតំបន់​បឹង​កក់​ ធ្វើ​ពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី​។ (ហ៊ុល រស្មី/VOA)
កាលពីថ្ងៃ​ទី​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​នៅតំបន់​បឹង​កក់​ ធ្វើ​ពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី​។ (ហ៊ុល រស្មី/VOA)

ការ​ទទូច​សុំ​របស់​មេធាវី​ និង​សកម្មជន​បឹងកក់​​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ ជា​មួយ​ប្រេសិត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​តំបន់​បឹងកក់។​

មេធាវី​ការពារក្តី​ឲ្យ​អ្នកស្រី​ ទេព វន្នី​ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​បឹង​កក់​បាន​ទទូច​សុំ​ឲ្យ​អ្នកស្រី​ រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ជួយ​អន្តរាគមន៍​ដល់​សកម្មជន​ជាប់​ឃុំ​ ទេព វន្នី​ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​ ពួក​គេ​អះអាង​ថា​ អ្នក​ស្រី​ ​ទេព វន្នី​ ​គឺជា ​ពល​រដ្ឋ​ស្លូតត្រង់ និង​ជន​គ្មាន​ទោសពៃរ៍។​

ការ​ទទូច​សុំ​របស់​មេធាវី​ និង​សកម្មជន​បឹងកក់នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ ជា​មួយ​ប្រេសិត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​តំបន់​បឹងកក់។​

​អ្នកស្រី​ សាម​ សុគន្ធា​ មេធាវី​ការពារក្តី​អ្នកស្រី​ ទេព វន្នី​ បាន​ប្រាប់​ អ្នកស្រី​ ស្មីត​ថា​ អ្នក​ស្រី​ ទេព វន្នី​ គឺ​ជា​ជន​ស្លូតត្រង់​ ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​នោះ​ឡើយ។​

«​ខ្ញុំ​និយាយ​តាមការ​ពិត​ និង​ស្មោះត្រង់​ចំពោះ​អ្នក​ថា​ អ្នកស្រី​ ទេព វន្នី​ គឺ​ពិតជា ​ជនគ្មាន​ទោស នៅក្នុង​ករណី​នេះ​។ គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់។​ ​ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ទៅលើអ្នក»។​

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​អ្នកស្រី​ រ៉ូណា ស្មីត​ បាន​បង្ហាញ​ខ្លួន​នៅ​តំបន់​បឹង​កក់​ជាលើក​ដំបូង​ និង​បាន​ជួប​កូនស្រី​អ្នកស្រី​ ទេព វន្នី​ គឺ​ កុមារី​ អ៊ូ គង់បញ្ញា​ វ័យ​១៣​ឆ្នាំ​ ​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នកស្រី​ ទេព វន្នី​នៅ​តំបន់​បឹង​កក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ។​

អ្នកស្រី​ស្មីត​ ​បាន​ថ្លែង​អំណរគុណ​ទៅ​កាន់​ អ្នកស្រី​ សាម​ សុគន្ធា​ ចំពោះ​ការ​បំពេញ​កិច្ច​ការងារ​ការពារ​ក្តីអ្នកស្រី​ ទេព វន្នី។​ អ្នក​ស្រី​ក៏​បាន​ បញ្ជាក់​ប្រាប់​សកម្មជន​ការពារ​សិទិ្ធលំនៅដ្ឋាន​នៅ​តំបន់​បឹង​កក់​ ​ដែល​ទទូច​សុំឲ្យ​មានការដោះលែង​អ្នកស្រីទេព វន្នីថា​ អ្នកស្រី​បាន​តាមដាន​ករណីរបស់​អ្នកស្រី​ ទេព វន្នី​ យ៉ាង​ដិត​ដល់​ ហើយ​ថា​ អ្នកស្រីកំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋា​ភិបាល​ចំពោះ​លិខិត​ ដែល​អង្គការ​សហ​ប្រជាជាតិ​ បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​តាម​តុលាការ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

រូបឯកសារ៖ អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាល​ពីថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រសួង​យុត្តិធម៌​ពីដំណើរ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាល​ពីថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រសួង​យុត្តិធម៌​ពីដំណើរ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA)

ក្នុង​ពិធី​ប្រារព្ធខួប​នៃការ​ឃុំខ្លួនអ្នកស្រី​ ទេព វន្នី​ រយៈពេល​មួយ​ឆ្នាំ​ អ្នកស្រី​ ស្មីត​ បាន​ថ្លែង​យ៉ាង​ដូចេ្នះ៖​

«យប់​នេះ​ គឺ​ជាការចងចាំ​ ទេព វន្នី​ ក៏ដូច​ជា​ អ្នកការពារសិទ្ធិមនុស្ស​ផ្សេង​ទៀត ជាពិសេស​គឺស្ត្រី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំខ្លួន​នៅក្នុង​អំឡុង​ពេល​នៃការ​ពុះពារ​ដ៏យូរនេះ»។

កាលពី​សប្តាហ៍​កន្លង​ទៅ​ ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​អ្នកស្រី​ ទេព វន្នី​ ជា​សកម្មជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​សហគមន៍​បឹងកក់​ និង​ជាម្ចាស់​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ ​រយៈពេល​ ​៣០ខែ​ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​កាល​ពីឆ្នាំ​ ២០១៣។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ នៅ​ក្នុង​សហគមន៍​បឹងកក់​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ វត្តមាន​របស់​អ្នកស្រី​ ស្មីត​ នៅ​ក្នុង​រឿងក្តី​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ​ នឹងមិន​មាន​សម្ពាធទៅលើរដ្ឋាភិបាល​នោះទេ​ តែវា​អាច​ផ្តល់​សញ្ញា​ដល់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ ឲ្យ​ពិចារណា​ឡើង​វិញ​ លើ​ការ​ឃុំខ្លួន​ទាំង​ឡាយ​ណា​ ដែល​មិន​មាន​ភស្តុតាង​ច្បាស់​លាស់។

«​ខ្ញុំ​សង្ឃឹម​ថា​ វត្តមាន​របស់​អ្នកស្រី​ នៅពេលនេះ​ ក៏ធ្វើ​ឲ្យមានការ​ពិចារណា​ឡើងវិញ​ ក្នុងការ​ដោះ​លែង​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ សកម្មជន​ការពារ​ដីធ្លី​ និង​សកម្ម​ជន​ គេហៅថា​ អ្នកទោស​មនសិការ​ ផ្សេង​ៗ​ទៀត​ ដើម្បី​ធានានូវ​ ការ​គោរពសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​»។

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​ លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ តែមិន​អាច​ទាក់​ទង​បាន​នៅថ្ងៃ​ពុធ​នេះ។​

​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី​រយៈពេល​មួយ​ឆ្នាំ​ សកម្មជន​ដីធ្លី​ និង​ប្រជាពល​រដ្ឋ​នៅ​តំបន់​បឹង​កក់​ បាន​ដាក់​ញត្តិទៅ​កាន់​បណ្តា​ស្ថាន​ទូត​នៃប្រទេស​មហា​អំណាច​ចំនួន​៨​ ប្រចាំ​នៅ​កម្ពុជា។​ កា​រ​ដាក់​ញត្តិ​នេះ​ ​មាន​គោល​បំណង​ជា​ចម្បង​ ដើម្បី​សុំកិច្ច​អន្តរាគមន៍​ ឲ្យ​ពិនិត្យ​លើ​ដំណើរ​ការ​កាត់​ទោស​យ៉ាង​អយុត្តិធម៌​ មក​លើ​អ្នកស្រី​ ​ទេព វន្នី​ និង​ការ​បន្ត​យាយី​របស់​អាជ្ញាធរ​មក​លើ​ប្រជាពល​រដ្ឋ​ក្នុង​ការ​សំដែង​មតិ។​

អ្នកស្រី​ ដូនីកា ប៉តទី​(Donica Pottie)​ ឯក​អគ្គរាជទូត​ប្រទេសកាណា​ដា ប្រចំា​នៅ​កម្ពុជា​ ​បាន​បញ្ជាក់​ VOA ​តាមសារ​អេឡិចត្រូនិច​ ឬ​ Email ​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា​ ​ស្ថានទូត​បាន​ទទួល​ញត្តិ​របស់​ក្រុម​សកម្មជន​ និង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​សហគមន៍បឹងកក់​ ហើយបាន​ឲ្យដឹងថា​ អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​កាណាដា​ មាន​ក្តី​បារម្ភ​ចំពោះ​ ​សុខមាល​ភាព​របស់​អ្នកស្រី​ ទេព វន្នី។​

អ្នកស្រី​ ឯក​អគ្គរាជទូត​ បាន​សរសេរ​ក្នុងន័យដើមថា៖​

«រដ្ឋាភិបាលកាណា​បានប្តេជ្ញា​ធ្វើ​ឲ្យមានការ​ចម្រើន​ទៅមុខ​នៃ​បញ្ហា​សិទ្ធិមនុស្ស​ទាំងនៅ​ក្នុង​ប្រទេស​ខ្លួន​ និង​នៅជុំវិញ​ពិភពលោក ដូចដែលបាន​ចែង​នៅ​ក្នុង​សន្ឋិសញ្ញា​អន្តរជាតិនានា»។​

មុន​មួយ​ថ្ងៃ​នៃ​ខួប​មួយឆ្នាំ​នៃ​ការ​ឃុំខ្លួន​យ៉ាង​អយុត្តិធម៌​លើ​អ្នកស្រី​ ទេព វន្នី​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ​៦៤​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​បន្តឃុំ​ខ្លួន​របស់​អ្នកស្រី​ ទេព វន្នី​ និង​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ។​

សេចក្តី​ថ្លែង​ការណ៍​នោះ​ បាន​លើក​ឡើង​ថា​ ជារឿយ​ៗ​ អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រឈម​ទៅនឹង​ការ​យាយី​តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា។​ ក្នុង​ចំណោម​នោះ​ វិធី​សាស្ត្រ​ដែលច្រើន​ប្រើ​ជា​ទូទៅ​មួយ​ គឺ​ការ​អនុវត្ត​ការ​ព្យួរទោស​ និង​ការ​សើរើ​ពីបទចោទ​ដែល​ឥត​ចាត់ការ​យូរមក​ហើយ​ តាមអំពើចិត្ត​ ដែលត្រូវបាន​ប្រើប្រាស់ ​ដើម្បី​បំភិតបំភ័យ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ ​និង​រារាំង​ពួក​គេ​កុំឲ្យ​អនុវត្ត​សកម្មភាព​ផ្សេង​ៗ​នា​ពេល​អនាគត៕

XS
SM
MD
LG