ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចិន វាយបក​លើ​ការរិះគន់​ទាក់ទិន​នឹង​បញ្ហា​ស៊ីនជាំង ទីបេ និង​ហុងកុង


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ក្រសួង​ការបរទេស​ចិន ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​ចិន​ បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​នូវ​សមាជិក ៤ នាក់​នៃ​គណៈកម្មការ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​អ្នក​ដែល​រដ្ឋាភិបាល​អាមេរិក​អះអាង​ថា​ ជា​អ្នក​ប្រព្រឹត្តិ​«អំពើ​ប្រល័យ​ពូជសាសន៍»​នៅ​ក្នុង​តំបន់​ស៊ីនជាំង (Xinjiang)។ នេះ ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទេស​ចិន​បាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​នូវ​ប្រធាន​គណៈកម្មការ​សេរីភាព​សាសនា​របស់​សហរដ្ឋ​អាមេរិក​អ្នកស្រី Nadine Maenza អនុ​ប្រធាន​គណៈកម្មការ​លោក Nury Turkel និង​សមាជិក​ពីរ​រូប​ទៀត​របស់​គណៈកម្មការ​នេះ​ដែល​នោះ​ គឺ​អ្នកស្រី Anurima Bhargava និង​លោក James W. Carr។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «វិធានការ​តបត​ទៅវិញ​នេះ ​រួម​មាន​ការ​ហាមឃាត់​បុគ្គល​ខាងលើ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន និង​ការ​បង្កក​រាល់​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំង​នោះ​ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ»។

លោក Zhao Lijian បាន​បន្ថែម​ថា៖ «ពលរដ្ឋ​និង​ស្ថាប័ន​នានា​របស់​ចិន​ ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​ជាមួយ​បុគ្គល​ទាំង ៤ ខាងលើ​នេះ​ផងដែរ»។

វិធានការ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​ចិន​បាន​វាយបក​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បាន​តែងតាំង​អ្នក​សម្របសម្រួល​ពិសេស​ថ្មី​សម្រាប់​តំបន់​ទីបេ និង​បាន​ព្រលះ​ប្រទេស​មហា​អំណាច​នានា​នៅ​លើ​ពិភពលោក ​ទាក់ទិន​នឹង​ការ​រិះគន់​របស់​ពួកគេ​លើ​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។

សកម្មភាព​របស់​ចិន​ដែល​ធ្វើ​ទៅលើ​ជាតិសាសន៍​ទីបេ ជាតិសាសន៍​អ៊ុយហ្គ័រ (Uyghur) ក្នុង​តំបន់​ស៊ីនជាំង និង​ការ​បង្រ្កាប​ជា​បន្ត​ទៅលើ​អ្នក​ប្រឆាំង​ក្នុង​ទីក្រុង​ហុងកុង បាន​រួមចំណែក​ធ្វើឲ្យ​ទំនាក់ទំនង​ការទូត​រវាង​បស្ចិម​ប្រទេស​នានា​ និង​ប្រទេស​ចិន​កាន់តែ​អាក្រក់​ឡើង៕

XS
SM
MD
LG