ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ដែល​​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ចិន​ មាន​​៤៤%​ជា​ជន​ជាតិ​អ៊ុយហ្គ័រ


រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ដែល​សរសេរ​ថា «ដោះលែង​ជនជាតិ​អ៊ុយហ្គ័រ» ខណៈ​ដែល​អ្នកស្រី​ចូល​រួម​ធ្វើ​បាតុកម្ម​ ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២០។ (AP)

សមាជិករដ្ឋសភា​អាមេរិក​មួយក្រុម​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ដាក់​ចេញ​សេចក្តី​សម្រេច ចិត្ត​មួយ​ចំ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ដោយ​បានដាក់​ឈ្មោះ​ប្រទេស​មួយ​ចំនួន​ ដែល​ក្នុង​នោះ ក៏​មាន​ប្រទេសចិន រុស្ស៊ី​ និង​ប្រទេស​បេឡារុស​ផង​ដែរថា​ជា​ប្រទេស​ដែលបានគាបសង្គត់​និង​ធ្វើ​បាប​អ្នកសារព័ត៌មាន​ដ៏​ខ្លាំង​នោះ។

ចិន​ជា​ប្រទេសដែល​មាន​បរិយាកាសព័ត៌មានដ៏​អាក្រក់​ក្នុង​ពិភពលោក​ដោយ​បានធ្វើ​ការគាប​សង្កត់​លើ​ការថ្លែង​សារ​ខាង​នយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស។ នេះ​បើតាម​ការបញ្ជាក់​នៅ​ក្នុង​សេចក្តី​សម្រេច​នោះ​ដែល​បាន​ស្រង់ខ្លឹមសារ​នៃ​ការរក​ឃើញ​របស់គណៈកម្មាធិការការ ពារអ្នក​កាសែត​ឆ្នាំ​ពី២០២១។

ពលរដ្ឋ​អាមេរិកាំង​មួយ​រូប​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​អ៊ុយហ្គ័រ​លោក Bahram Sintash បាន​និយាយ​ថា ឪពុក​របស់​លោកជា​អ្នក​កាសែត​មួយ​រូបក្នុង​ចំណោម​អ្នក​កាសែត​ជា​ច្រើន​នាក់ដែល​កំពុង​ជាប់ឃុំនៅ​ក្នុង​ប្រទេស​ចិន។

លោក Sintash ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក​បាន​ថ្លែង​ប្រាប់វីអូអេ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រូវ​ការពារក្រុម​អ្នកកាសែតជន​ជាតិ​អ៊ុយហ្គ័រ​ជា​ច្រើននាក់​ដូច​ជា​ឪពុក​ខ្ញុំ​ជា​ដើម​ដែល​កំពុង​ត្រូវ​បានឃុំ​ខ្លួន​និងចាប់​ដាក់ពន្ធនាគារ​តាម​ទំនើង​ចិត្ត​ដោយ​អាជ្ញាធរ​ចិន។

លោក Sintash មិន​អាច​ទាក់​ទង​ជា​មួយ​ឪពុករបស់​លោកបានទេ។ ឪពុក​របស់​លោក​ឈ្មោះ Qurban Mamut ដែល​ធ្លាប់​ធ្វើ​ជា​និពន្ធនាយក​អស់​រយៈពេលជាង៤ឆ្នាំ​នៃ​ព្រឹត្តិប័ត្រ​ព័ត៌មាន Xinjiang Civilization ដែលគ្រប់​គ្រង​ដោយ​ចិន។

បើយោង​ទៅ​លើ​របាយការណ៍​របស់​គណៈកម្មាធិការ​ការពារ​អ្នកកាសែត CPJ ក្នុង​ឆ្នាំ២០២១​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​កន្លងទៅ បាន​ឲ្យ​ដឹង​ថា មាន​អ្នក​កាសែតប្រមាណ​៥០​នាក់​ កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ចិនហើយ​អ្នក​កាសែត​ចំនួន២២នាក់ក្នុង​ចំណោម៥០នាក់​នេះ​ជាជន​ជាតិ​អ៊ុយហ្គ័រ​មក​ពី​តំបន់ Xinjiang របស់​ចិន​ឬ​ស្មើ​នឹង​៤៤​ភាគរយ។ នៅ​ជុំវិញ​ពិភព លោក​មានអ្នក​កាសែត​ប្រមាណ២៩៣​នាក់​ បានជាប់​ពន្ធនាគារក្នុង​ឆ្នាំ២០២១ដែល​ក្នុង​នោះ​៧,៥ភាគ​រយ​ជា​ជន​ជាតិ​អ៊ុយហ្គ័រ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុកសកម្មភាព​របស់​ចិន​លើ​ជនជាតិ​អ៊ុយហ្គ័រថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​កាល​ពី​ខែ​មករា​ ឆ្នាំ២០២១។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានហៅ​ការចោទ​ប្រកាន់​របស់​អាមេរិក​នោះ​ថាជា​ការ​ភូត​កុហក​ហើយ​បាន​និយាយ​ថា​ប្រជាពលរដ្ឋ​មូលដ្ឋាន​កំពុង​រស់​នៅ​ដោយ​សុវត្ថិភាព​និង​សុខដុមរមនា​នៅ​ក្នុងតំបន់ Xinjiang នៃ​ប្រទេស​ចិន៕

XS
SM
MD
LG