ឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្សរបស់ប្រទេសប៊ូរុនឌីកំពុងតែស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញការបដិសេធនិងការខឹងសម្បាររបស់រដ្ឋាភិបាលនៃប្រទេសនេះ។ ក្រុមប្រឹក្សានេះបានឲ្យដឹងថា ខ្លួនមានការភ្ញាក់ផ្អើលនឹងការកើនឡើងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសប៊ូរុនឌីចាប់តាំងពីមានវិបត្តិនយោបាយក្នុងប្រទេសនេះកាលពីឆ្នាំមុនមក។ ក្រុមប្រឹក្សានេះចង់ឲ្យបញ្ចប់ការបំពានសិទ្ធិមនុស្ស ដោយសារតែភ័យខ្លាចថា ជម្លោះពូជសាសន៍នឹងជះឥទ្ធិពលសោកនាដកម្មដល់ប្រទេសទាំងអស់នៅអាហ្វ្រិកកណ្តាល។
អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលប្រទេសប៊ូរុនឌីមានទស្សនៈផ្ទុយគ្នាទៅលើហេតុការណ៍ដែលកំពុងតែកើតឡើងក្នុងប្រទេសនេះ មួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី Pierre Nkurunziza ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី ចំពោះអ្វីដែលក្រុមអ្នករិះគន់ហៅថា ជាអាណត្តិទីបីរបស់លោកដែលមិនស្របទៅតាមរដ្ឋធម្មនុញ្ញ។
ខណៈដែលរដ្ឋាភិបាលប្រទេសប៊ូរុនឌីចោទប្រកាន់អង្គការសហប្រជាជាតិអំពីការធ្វើយុទ្ធនាការមិនពិត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការពិតជាក់ស្តែងដ៏អាក្រក់ដែលកំពុងតែកើតឡើង៕