ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​នៅ​បង់ក្លាដែស


កង​កម្លាំង​ប៉ូលិស​ឃាត់​ខ្លួន​លោក Sumon Hossain Patwari នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
កង​កម្លាំង​ប៉ូលិស​ឃាត់​ខ្លួន​លោក Sumon Hossain Patwari នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​បាន​សម្តែងការ​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​ដោយ​ប្រតិបត្តិការ​ដ៏ធំ​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេស​បង់ក្លាដែស។​

មន្ត្រី​បង់​ក្លាដែស​និយាយ​ថា​ខ្លួន​បាន​ចាប់​មនុស្ស​ជាង​១១.០០០នាក់​ដើម្បី​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​និង​ធ្ងន់ធ្ងរ​ចំពោះ​ការ​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​ជាច្រើន​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម។​

ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក​មាន​ការ​សង្ស័យ​ថា​ការចាប់​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​អាច​ជា​លទ្ធផល​នៃការ​ស៊ើបអង្កេត​ដិត​ដល់​ ឬ​ក៏​វា​នឹង​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​ប្រទេស​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។​

លោក​ Brad Adams នាយក​អង្គការ​សិទ្ធិ​ម​នុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា «ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​រយៈ​ពេល​តែ​ពីរបី​ថ្ងៃ​គឺ​ជា​ទិដ្ឋភាព​ដែល​គេ​បាន​ឃើញ​ដដែល​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ប៉ុន្តែ​វា​មិន​បាន​ជួយ​ជំរុញ​ឱ្យ​មាន​ជំនឿ​ថា​ការ​សម្លាប់​មនុស្ស​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​នឹង​បញ្ចប់​ឬ​ថា​ពួកគេ​នឹង​ទទួល​បាន​ការកាត់​ទោស​តាម​ផ្លូវច្បាប់​ទេ‍»។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ដក​ស្រង់​សេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​ថា​ប៉ូលិស​បាន​ទទួល​ប្រាក់​សំណូក​ដើម្បី​ដោះលែង​អ្នក​ដែល​ត្រូវ​គេ​ចាប់​ឃាត់​ខ្លួន​ទាំងនោះ។

ប៉ូលិស​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស​ជាច្រើន​ពាន់នាក់​ចាប់​តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​លើ​អំពើ​ហិង្សា​ដែល​បាន​បង្កលើ​ជន​រងគ្រោះ​ជាង​៣០នាក់​ក្នុង​ប្រទេស​បង់ក្លាដែស​ចាប់តាំង​ពី​ដើម​ឆ្នាំមុន ក្នុង​នោះ​មាន​អ្នក​សរសេរ​ប្លុក សកម្មជន​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ អ្នក​កាន់​សាសនា​គ្រិស្ត និង​អ្នក​កាន់​សាសនា​ហិណ្ឌូ។ ជន​ជ្រុល​និយម ISIS ​បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​ជាង​២០នាក់៕

XS
SM
MD
LG