ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​នឹង​ពិភាក្សា​គ្នា​អំពី​វិធី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩នៅ​សប្ដាហ៍​ក្រោយ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលជាក្រុមយុទ្ធសាស្ត្រមួយហៅថា «Quad» ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​សប្ដាហ៍​ក្រោយ​អំពី​វិធី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ប្រទេស​ទាំង ៤ នេះ បាន​រួម​គ្នា​បង្កើត​ក្រុម​យុទ្ធសាស្ត្រ​មួយ ដែល​គេ​ស្គាល់​ថា «Quad» ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន និង​លើក​កម្ពស់​ទស្សនៈ​វិស័យ​របស់​ពួកគេ ​អំពី «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ»។

ការ​ពិភាក្សា​នៅ​ថ្ងៃ​ទី ៦ ខែ​តុលា​ខាង​មុខ​នេះ ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar។

លោក Motegi បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ចតុភាគី​នេះ​ ដែល​ជា​កិច្ច​ប្រជុំ​ដូច​គ្នា​នេះ​ដែរ​លើក​ទី​ពីរ បន្ទាប់ពី​កិច្ច​ប្រជុំ​លើក​ទី​មួយបាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​មុន។

លោក Motegi បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដូច្នេះ​ថា៖ «វា​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​ដែល​មាន​គំនិត​ដូច​គ្នា​ទាំង​នេះ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​តូក្យូ ដើម្បី​ពិភាក្សា​ទល់​មុខ និង​ផ្ដោះផ្ដូរ​យោបល់​គ្នា​អំពី​វិធី​ទប់ទល់​នឹង​បញ្ហា​នានា​ដែល​លេច​ឡើង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​កិច្ចការ​ក្នុង​តំបន់​ផ្សេងៗ​ទៀត»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG