សន្និសីទអន្តរជាតិមួយស្តីអំពីការគ្រប់គ្រងសារធាតុគីមី បានសម្រេចលើគម្រោងមួយដែលអាចកាត់បន្ថយចំនួនមនុស្សស្លាប់ប្រចាំឆ្នាំដែលមានចំនួនលើសពី១លាននាក់ដោយសារការប៉ះពាល់នឹងសារធាតុគីមីមានជាតិពុល។ អ្នកចូលរួមជាង៨០០នាក់ រួមមានរដ្ឋមន្ត្រី អ្នកដឹកនាំឧស្សាហកម្ម និងមេដឹកនាំសង្គមស៊ីវិលបានយល់ស្របទៅលើយុទ្ធសាស្រ្តមួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុគីមី នៅសន្និសីទកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិដែលមានរយៈពេលមួយសប្តាហ៍។
សារធាតុគីមីជាផ្នែកមួយនៃជីវភាពរស់នៅរបស់មនុស្សទូទៅ។ ប៉ុន្តែ ទន្ទឹមនឹងមានភាពចាំបាច់ និងផ្តល់ផលប្រយោជន៍ សារធាតុគីមីទាំងអស់នេះក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ ការគ្រប់គ្រងគ្រោះថ្នាក់ទាំងនោះគឺមានការពិបាកដោយសារតែចំណេះដឹងអំពីសារធាតុគីមីជាច្រើន នៅមានលក្ខណៈតិចតួចស្តួចស្តើងនៅឡើយ។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា មានតែមួយភាគតូចនៃសារធាតុគីមីប្រមាណជា១០០.០០០ប្រភេទនៅលើទីផ្សារតែប៉ុណ្ណោះដែលត្រូវបានវាយតម្លៃដើម្បីកំណត់ផលប៉ះពាល់របស់ពួកវាទៅលើសុខភាពមនុស្ស និងទៅលើបរិស្ថាន។
ប៉ុន្តែ អ្វីដែលអាចដឹងបានគឺថា ពួកវាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។ អង្គការ UNEP បានរាយការណ៍ថា អត្រាមរណៈទារកដែលបណ្តាលមកពីកត្តាបរិស្ថានកើតឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងប្រទេសអភិវឌ្ឍន៍ចំនួនដល់ទៅ១២ដង។ របាយការណ៍នេះបានឲ្យដឹងទៀតថា ការប៉ះពាល់នូវសារធាតុទាំងនោះពីកុមារភាពបណ្តាលឲ្យមានករណីកុមារពិការផ្លូវចិត្តចំនួន៦០០.០០០ករណីថ្មីៗជារៀងរាល់ឆ្នាំ។
អ្នកចូលរួមក្នុងសន្និសីទនោះមួយចំនួនបានយល់ស្របទៅលើយុទ្ធសាស្រ្តនៃការគ្រប់គ្រងសារធាតុគីមី ដែលមានទាំងការប្រមូលព័ត៌មានឲ្យបានល្អប្រសើរអំពីសារធាតុគីមីដែលមានផលប៉ះពាល់ដល់ការរស់នៅរបស់យើង និងនាំមកនូវគ្រោះថ្នាក់ដល់យើងជាច្រើនករណីទៀត។
លោកស្រី Olga Speranskaya ជាសហប្រធាននៃបណ្តាញ IPEN។ IPEN ជាបណ្តាញអន្តរជាតិមួយដែលមានអង្គការចំនួនជាង៧០០ ដែលប្រយុទ្ធប្រឆាំងនឹងសារធាតុគីមីមានជាតិពុល។ អង្គការទាំងនេះធ្វើការជាមួយមនុស្សដែលរងគ្រោះដោយឆ្លងរោគពីថ្នាំសម្លាប់សត្វល្អិតពីកន្លែងដែលនិយមប្រើប្រាស់សារធាតុបារត និងផលិតផលមានជាតិពុលផ្សេងទៀត។ លោកស្រីបាននិយាយថា៖
«ដូច្នេះ យើងបានមកទីនេះ ហើយយើងពិតជារីករាយនឹងលទ្ធផលនៃសន្និសីទនយោបាយនេះដោយសារប្រតិភូបានសម្រេចយល់ស្របលើគម្រោងសកម្មភាពជាក់លាក់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលនឹងជួយកាត់បន្ថយដល់ការប្រឈមមុខនឹងសារធាតុពុលចំពោះសុខភាពមនុស្ស និងបរិស្ថាន ប្រសិនបើត្រូវបានអនុវត្ត។ ខ្ញុំនិយាយថា ប្រសិនបើត្រូវបានអនុវត្ត»។
ហ្នឹងហើយគឺជាបញ្ហា។ លោកស្រី Speranskaya មានប្រសាសន៍ថា លោកស្រីជឿថា គម្រោងសកម្មភាពនេះមិនអាចអនុវត្តនៅត្រឹមឆ្នាំ២០២០បានទេ ដោយសារគម្រោងនេះប្រឈមនឹងបញ្ហាកង្វះការឧបត្ថម្ភខាងថវិកាជាខ្លាំង។ លោកស្រីបន្តទៀតថា កម្មវិធីគ្រប់គ្រងសារធាតុគីមីមានថវិកាតែ២៧លានដុល្លារប៉ុណ្ណោះ ដែលតាមពិតកម្មវិធីនេះត្រូវការថវិកាចំនួន១០០លានដុល្លារដើម្បីអនុវត្ត។
ទោះជាយ៉ាងណាក៏ដោយ ប្រតិភូនៃសន្និសីទ និយាយថាពួកគេប្តេជ្ញាចិត្តព្យាយាមឧបត្ថម្ភទៅលើកិច្ចខិតខំដើម្បីបង្ការមរណៈភាព និងជំងឺតាមរយៈការគ្រប់គ្រងសារធាតុគីមីដ៏ត្រឹមត្រូវនៅត្រឹមឆ្នាំ២០២០៕
ប្រែសម្រួលដោយ៖ វិញ សុជាតា