វាពិតជាគួរឲ្យភ័យខ្លាចជាខ្លាំងប្រសិនបើ គេដឹងថានៅក្នុងចំណីអាហារនៅលើទីផ្សារនៅ ក្នុងប្រទេសកម្ពុជាត្រូវគេដាក់ជាតិគីមី ដែលអាចនឹងបង្កឲ្យមានជំងឺដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។
យោងតាមលទ្ធផលស្រាវជា្រវជំហានដំបូងស្តីពីវត្តមាននៃសារធាតុគីមី ដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហារ របស់លោកស្រីបណ្ឌិតចេក សុថា អនុប្រធានផ្នែកគីមី និងចំណីអាហារនៃវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យារាជបណ្ឌិតសភាកម្ពុជា បង្ហាញឲ្យដឹងថា អាជីវករកម្ពុជា កំពុងតែប្រើប្រាស់សារធាតុគីមីនៅក្នុងសាច់ និងបន្លែ ដែលអាចបង្កឲ្យកើតមានជំងឺជាច្រើនមានជាអាទិ៍ ជំងឺមហារីក និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាពយូរអង្វែង។ ការប្រើប្រាស់សារធាតុគីមីទាំងនេះ ក្នុងបំណងដើម្បីរក្សាសាច់ និងបន្លែទាំងនោះឲ្យមានសម្បុរស្រស់ និងកុំឲ្យស្អុយរលួយជាដើម។
លោកស្រីបណ្ឌិតចេក សុថា បានលើកឡើងថា សារធាតុគីមីដែលកំពុងត្រូវប្រើប្រាស់ក្នុងចំណីអាហារនៅលើទីផ្សារនោះប៉ះពាល់ដល់សុខភាពជាខ្លាំង ហើយវាជាបញ្ហាគួរឲ្យព្រួយបារម្ភមួយដែលត្រូវការឲ្យមានការដោះស្រាយជាបន្ទាន់។ លោកស្រីបន្តថា៖
«គឺយើងរកឃើញថ្នាំកសិកម្មមួយចំនួនដែលជាថ្នាំហាមឃាត់គឺមានវត្តមាននៅក្នុងបន្លែរបស់យើងនៅក្នុងសាច់ដូចជាសាច់ប៉ាតេ ប្រហិត មឹក បង្គារគឺនៅមាន៧៣ភាគរយថ្នាំនេះ គឺ ហ្វ័រម៉ាលីនតែម្តងគឺគេប្រើសម្រាប់ដាក់កុំឲ្យសាច់ស្អុយហើយថ្នាំនេះ វាប៉ះពាល់ដល់សុខភាពខ្លាំង មែនទែន វាធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជាពុលឈឺពោះក្អួតចង្អោររលាក ប្រដាប់ដង្ហើមពេលខ្លះអាចឲ្យសន្លប់ ឬក៏ស្លាប់បានហើយវាជាសារធាតុមួយបង្កឲ្យមានជំងឺមហារីកផង»។
នេះគឺជាការសិក្សាស្រាវជ្រាវជំហានដំបូងរបស់លោកស្រី ហើយការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១០ នេះ។ លោកស្រីបណ្ឌិតចេក សុថា បានឲ្យដឹងថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនទាន់បានយល់ដឹងពីសុវត្ថិភាពចំណីអាហារនៅឡើយ។
យោងតាមលទ្ធផលស្រាវជ្រាវបឋមការស្រាវជ្រាវ ដែលធ្វើនៅ លើផ្សារចំនួន២២ នៅក្នុង ក្រុងភ្នំពេញ និងតាមបណ្តាលផ្សារមួយចំនួនទៀតក្នុងខេត្ត ចំនួន១២ ដែលវីអូអេសម្លេង សហរដ្ឋអាមេរិកទទួលបាននោះ បង្ហាញទៀតថា សារធាតុគីមីប័រ៉ាក់ ឬហៅថាទឹកអន្សា ត្រូវក្រុមអាជីវករប្រើលើសាច់ប៉ាតេ ប្រហិតសាច់គោ ត្រីងៀត បង្គាក្រៀម ម៉ឹកក្រៀម ងៀតគោ សាច់ក្រក សាច់គោស្រស់ ត្រីប្រឡាក់ គុយទាវ មី និងបង្អែម មួយចំនួន ដើម្បីឲ្យស្វិតល្អ។
សារធាតុគីមីនេះបណ្តាលឲ្យមានគ្រោះថ្នាក់ដល់តម្រងនោម និងក្រលៀន បង្កឲ្យឈឺក្បាល រមាស់ស្បែក រលាកប្រដាប់រំលាយអាហារ ក្រពះ និងពោះវៀន និងអាចបណ្តាលឲ្យក្អួតឈាម និងស្លាប់បាន។ ការប្រើប្រាស់សារធាតុនេះជាប់ជាប្រចាំលើសរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំគឺអាចប្រឈមនឹងជំងឺមហារីកថ្លើម។
រីឯសារធាតុគីមីហ្វ័រម៉ាលីនដែលបង្កឲ្យ ពុល ឈឺពោះ ក្អួតចង្អោរ រាគរូស រលាកប្រដាប់រំលាយអាហារ មានជំងឺមហាររីក និងគ្រោះថ្នាក់ដល់ក្រលៀននោះ ត្រូវបានប្រើដាក់ក្នុងសាច់ក្លាសេ និងអាហារសមុទ្រដូចជាបង្គា ម៉ឹកជាដើម សម្រាប់រក្សាទុកឲ្យបានយូរកុំឲ្យស្អុយ។
ចំពោះសារធាតុអាស៊ីតសាលីស៊ីលីក ត្រូវបានយកទៅប្រើសម្រាប់ជ្រលក់បន្លែ និងផ្លែឈើ ដើម្បីឲ្យវាមានពណ៌សម្បុរនៅស្រស់បានយូរ។ សារធាតុនេះនឹងបណ្តាលឲ្យក្អូត វិលមុខ ក្តៅខ្លួន និងស្លាប់បានបើកាលណាប្រើលើសកម្រិត។
របាយការណ៍ស្រាវជ្រាវបានបង្ហាញទៀតថា សារធាតុគីមីសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅស ត្រូវបានប្រើក្នុងសណ្តែកបណ្តុះ ខ្ញីហាន់ គល់ស្លឹកគ្រៃហាន់ ដូងខ្ចី ដែលគេចិតសំបករួច ផ្លែត្នោតចិតរួច និងស្ករត្នោតជាដើម ដើម្បីឲ្យមានពណ៌ស្រស់។ ក៏ប៉ុន្ដែ សារធាតុនេះនឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ថប់ដង្ហើម ឈឺក្រពះ ក្អួត រាគ កន្ទួលលើស្បែក ហើយចំពោះអ្នកជំងឺហឺតអាចស្ទះដង្ហើមសន្លប់ ឬស្លាប់។
ការស្រាវជ្រាវដដែលនោះ បានឲ្យដឹងថា មានពពួកថ្នាំកសិកម្មមួយចំនួនដ៏គ្រោះថ្នាក់ ហើយដែលត្រូវបានហាមឃាត់ដូចជា ពពួកមេទីលប៉ារ៉ាចុន Methylparathion , មេវីនហ្វូស Mevinphos, ម៉ូណូក្រូតូហ្វូស Monocrotophos, មេតូមីល Mythomyl , អែនដូស៊ុលហ្វាន Endosulfan , កាបូហ្វូនរ៉ាន Carbofuran , ក្លរពិរីហ្វូស Chlorpyrifos , អាបាម៉ិចទីន Abamectint ត្រូវបានប្រើប្រាស់ក្នុងបន្លែ១១មុខរួមមានស្ពៃក្តោប ស្ពៃស ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ តាំងឱ សណ្តែកកួរ សណ្តែកបារាំង ខាត់ណា ផ្កាខាត់ណា និងត្រកួន។
ផលប៉ះពាល់នៃសារធាតុគីមីក្នុងបន្លែទាំងនេះ ជាទូទៅបង្អាក់ប្រព័ន្ធប្រសាទ ដោយជ្រាបតាមស្បែកភ្នាសកោសិកា និងតាមមាត់។ សារធាតុគីមីក៏ធ្វើឲ្យឈឺក្បាល វិលមុខ ចេញទឹកមាត់ បែកញើស ហៀរសំបោរ ហៀរទឹកភ្នែកច្រើន រមួលសាច់ដុំ ខ្សោយ ញ័រខ្លួន ក្អួត ឈឺពោះ រាគ ឈឺសួត តឹងទ្រូង ដកដង្ហើមដាច់ៗ ងងឹតមុខ និងអាចបាត់បង់ ស្មារតីឬសន្លប់។
លោកស្រីបណ្ឌិតចេក សុថា បានលើកឡើងថា កាត់បន្ថយការប្រើប្រាស់ជាតិគីមី ទាំងអស់នេះ ក្នុងបន្លែ និងសាច់អាចធ្វើទៅបានលុះត្រាតែមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ហើយអ្នកទិញ និងអ្នកលក់ត្រូវមានសីលធម៌ក្នុងការប្រកបមុខរបររបស់ខ្លួន។
លោកឌិម ថេង ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលបាន ទទួលស្គាល់ថា បន្លែសាច់ប្រហែលជា៥០ទៅ៦០ភាគរយនៅលើទីផ្សារមានប្រើប្រាស់សារធាតុ គីមីដែលប៉ះពាល់ខ្លាំងដល់សុខភាព។ លោកបានឲ្យដឹងបន្តថា តាមរយៈការរកឃើញនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះត្រួតពិនិត្យជាប្រចាំនៅតាមផ្សារ និងនៅតាមកន្លែងផលិតហើយមានការចុះអប់រំដល់អ្នកប្រើប្រាស់ឲ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើសារធាតុគីមីទាំងនោះហើយក៏មានការដកហូតចំណីអាហារ មួយចំនួនដែលពិនិត្យឃើញថា មានសារធាតុគីមី និងមានការព្រមានដល់អ្នក ដែលប្រើប្រាស់សារធាតុទាំងនោះដែរ ហើយជាលទ្ធផលមានការថយចុះប្រមាណជា១០ភាគរយ។
លោកបានបញ្ជាក់ថា ការដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ គឺជាអំពើខុសច្បាប់។ ដូច្នេះអ្នកដែលប្រើប្រាស់សារធាតុទាំងនោះ ត្រូវប្រឈមមុខនឹងការទទួលទោស ក៏ប៉ុន្តែលោកបានឲ្យ ដឹងថា រហូតមកដល់ពេលនេះនៅមិនទាន់មានការប្តឹងអ្នកដែលប្រើប្រាស់សារធាតុគីមីទាំង នោះឡើងតុលាការនៅឡើយ គឺត្រឹមតែមានការដកហូតចំណីអាហារ និងធ្វើការព្រមានតែប៉ុណ្ណោះ។ លោកថ្លើងថា៖
«សារធាតុគីមីមួយចំនួន ដែលយើងបានហាមឃាត់នោះ គឺយើងបានរកឃើញនៅតាមទីផ្សារមួយចំនួននូវហ្វ័រម៉ាលីន បូរ៉ាក់ ដែលរដ្ឋភិបាលបានហាមឃាត់ តែយើងនៅតែពិនិត្យឃើញ នៅក្នុងម្ហូបអាហារខ្លះ ប៉ុន្តែយើងបានចុះធ្វើជាប្រចាំនៅតាមទីផ្សារហើយក៏បានយកគំរូមកវិភាគ នៅមន្ទីរពិសោធន៍ បន្ទាប់ពីការរកឃើញហើយក៏បានចុះទៅដកហូតណែនាំអ្នកលក់កុំឲ្យប្រើសារធាតុគីមីនោះទៀត»។
លោកប្រេម ណូរ៉ុន ជាអនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការប្រើប្រាស់ជាតិគីមីលើចំណីអាហារនេះ គឺត្រូវមានការចូលរួមទាំងអស់គ្នាជាពិសេសការចូលរួមពីអ្នកផលិត។ លោកណូរ៉ុនបន្តថា៖
«ឥឡូវឃើញដូចច្រើនមែន ជាពិសេស ពួកផ្លែឈើ សាច់ គ្រឿងសមុទ្រ មានការទុក ដាក់ ដើម្បីទុកឲ្យបានយូរកុំឲ្យស្អុយ គេមានប្រើជាតិគីមីហើយផ្លែឈើ ក៏មានការពិបាកញុំ ដែរសព្វថ្ងៃ គឺប្រើនៅជាតិគីមីឲ្យវាមានទំហំធំរក្សាបានយូរឃើញមានច្រើនមែនអញ្ជឹង បានខ្លួនខ្ញុំផ្ទាល់ខ្ញុំបែរមករកផលិតផល ដែលមិនប្រើជាតិគីមី»។
លោកស៊ាន វិញ្ញូរតនៈ ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ បានសំដែងការព្រួយបារម្ភ ជាខ្លាំង ចំពោះម្ហូបចំណីអាហារ ដែលសំបូរទៅដោយជាតិគីមីប៉ះពាល់ដល់សុខភាពបែបនេះ។លោកបានអំពាវនាវថា សូមឲ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការទប់ស្កាត់ ជាបន្ទាន់លើករណីនេះ។ លោកថ្លែងដូច្នេះថា៖
«បារម្ភខ្លាំង ប៉ុន្តែជំហានដែលល្អ គឺកាត់បន្ថយការហូបចុក សូម្បីតែអង្ក ត្រីប្រៃក៏មាន ការប្រើប្រាស់ជាតិគីមីដែរ ហើយការជ្រើសរើសរបស់ខ្ញុំដូចជាបន្លែដូចជា ពិបាកជៀស ប៉ុន្តែអង្ករខ្ញុំទិញពីស្រុក ស្រែមកយើងអាចមានលទ្ធភាពជៀសបានប៉ុន្មានប៉ុណ្ណឹង ប៉ុន្តែភាគច្រើនចំណី ដែលគេលាយនោះយើងជៀសរួចខ្លះមិនរួចខ្លះ»។
គួររំលឹកថា ក្រៅពីការប្រើប្រាស់សារធាតុគីមីក្នុងចំណីអាហារ ម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាជាច្រើនទៀតក៏ត្រូវគេមើលឃើញថា ពុំមានអនាម័យគ្រប់គ្រាន់ ដែលជាប្រភពដ៏គ្រោះថ្នាក់ដល់សុខភាពផងដែរ៕