ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថង់​ប្លាស្ទិក​នៅ​តែ​ជា​ប្រភពដ៏​ធំ​នៃ​សំរាម


គំនរ​សំរាម​ដែល​​ភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥ (អ៊ុច នីដា/VOA)
គំនរ​សំរាម​ដែល​​ភាគច្រើនជាថង់ប្លាស្ទិក ត្រូវ​បានទុក​ចោល​នៅ​ជិតផ្សារ​ដើមគរ នាព្រឹកថ្ងៃ ៣ ខែកក្កដា ឆ្នាំ២០១៥ (អ៊ុច នីដា/VOA)

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ស្លឹក​ចេក ឬ​ក៏​ស្លឹកឈូក​ត្រូវ​បាន​ប្រជាជន​ខ្មែរ​​យក​មក​ប្រើប្រាស់​ដើម្បី​ខ្ចប់​ម្ហូប​អាហារ ​និង​របស់​របរ​ផ្សេងៗ។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា គេ​ប្រើ​ថង់​ប្លាស្ទិក​មក​ជំនួស​វិញ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ស្លឹក​ចេក ឬ​ក៏​ស្លឹកឈូក​ត្រូវ​បាន​ប្រជាជន​ខ្មែរយក​មក​ប្រើប្រាស់​ដើម្បី​ខ្ចប់​ម្ហូប​អាហារ ​និង​របស់​របរ​ផ្សេងៗ។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា គេ​ប្រើ​ថង់​ប្លាស្ទិក​មក​ជំនួស​វិញ។

ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​សំរាម ​ដែល​ភាគច្រើន​ជា​ថង់​ប្លាស្ទិក។ ប្រជាជន​ខ្មែរកាន់​តែ​ច្រើន​ឡើង​ចាប់​ផ្តើម​ព្រួយបារម្ភ​អំពី​ផល​ប៉ះ​ពាល់​របស់​ថង់​ប្លាស្ទិកមក​លើ​សុខភាព​មនុស្ស និង​បរិស្ថាន។ ក៏​ប៉ុន្តែ វា​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក​ អ៊ា ផុន អាជីវករ​លក់​ថង់​ប្លាស្ទិក​នៅ​ផ្សារ​អូឬស្សី​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ថ្ងៃ ​គាត់​អាច​លក់​ថង់​ប្លាស្ទិក​បាន​ប្រហែល​ជា​៥០​ទៅ​២០០​គីឡូក្រាម។ លោក​និយាយថា៖ «ស្លឹក​ឈូក​មិន​អាច​យក​មក​ប្រើ​ប្រាស់​នឹង​តម្រូវ​ការ​ប្រជាជន​ដែល​កើន​ជា​រៀង​រាល់​ថ្ងៃ​នឹង​បាន​ទេ ហើយ​ម្ល៉ោះ​ហើយ​ចៀស​មិន​ផុត​ពី​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក ចៀស​មិន​ផុត​ទេ ទោះ​បី​យើង​ដឹង​ថា​ថង់​ប្លាស្ទិក​ធ្វើ​ឲ្យ​ខូច​បរិស្ថាន»។

លោក ហ៊ុល សៀងហេង នាយក​ស្រាវជ្រាវ និងអភិវឌ្ឍន៍​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ថង់​ប្លា​ស្ទិ​ច​ត្រូវ​បាន​បង្កើត​ឡើង​ពី​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ថង់​ប្លាស្ទិក​មួយ​ចំនួន​ផ្ទុក​នូវ​សារជាតិគីមី ដែល​អាច​បង្កើត​ជំងឺ​មហារីក ហើយ​អាច​ប៉ះពាល់​ដល់​សមាសភាព​បន្ត​ពូជ និង​ការ​អភិវឌ្ឍន៍​មិន​ប្រក្រតី​របស់​ទារក។

លោក​បាន​បន្ត​ទៀត​ថា ថង់​ប្លាស្ទិក​នេះ​ក៏​មាន​ផល​ប៉ះពាល់​ដល់​សត្វ​ក្នុង​ទឹក​ដែល​ស៊ី​ប្លាស្ទិក​ជា​ចំនី​អាហារ ហើយ​ប្រសិន​បើ​ថង់​ប្លា​ស្ទិក​នេះ​ទុក​រយៈពេល​យូរ​នៅ​លើ​ដី​នោះ វា​អាច​បញ្ចេញ​ជា​កម្ទេច​ម៉ត់ៗ​មួយ​ចំនួន​ដែល​ហៅ​ថា (Leaching of Chemical)។

យ៉ាងណាមិញ មិន​ទាន់​មាន​តួរ​លេខ​ជាក់លាក់​ស្តី​អំពី​ចំនួន​ថង់​ប្លា​ស្ទិ​ច​ ដែល​ត្រូវ​បាន​ប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

លោក​ សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា សំណល់​ទូទៅ​នៅ​ទីក្រុង​ភ្នំពេញ​គឺ​មាន​ប្រមាណ​ជាង​២.០០០តោន​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​យើង​អាច​ប៉ាន់​ស្មាន​ថា​ ថង់​ប្លាស្ទិក​មាន​ពី​១៥​ទៅ​២០​ភាគរយ​នៅ​ក្នុង​សំណល់​ទូទៅ។

លោក ហេង យ៉ុន គូរ៉ា អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ កែច្នៃ និង​អនាម័យ​សហគមន៍​បាន​យល់​ឃើញ​ថា ប្រជាជន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដោយសារ​តែ​ពួក​គេ​មិន​ទាន់​យល់​ច្បាស់​ពី​ផល​ប៉ះពាល់​របស់​ថង់​ប្លាស្ទិក និង​ដោយសារ​តែ​ថង់​ប្លាស្ទិក​មាន​តម្លៃ​ថោក។ លោក​បន្ត​ថា៖ «ប្រសិន​ជា​ថង់​ហ្នឹង​ថ្លៃ​តិច​ប្រហែល​ជា​គាត់​មិន​សូវ​ទិញ ដូច្នេះ​គាត់​នឹង​បន្ថយ​ច្រើន​រឿង​ហ្នឹង។

នៅ​ក្នុង​កម្មវិធី «Vital Go Green» កាល​ពី​អាទិត្យមុន លោក សាយ សំអាល់ រដ្ឋ​មន្ត្រី ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា ក្រសួង​បរិស្ថាន​កំពុង​តែ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត​ឲ្យ​កាត់​បន្ថយ​ថង់​ប្លាស្ទិក​នៅ​ក្នុង​ស្រុក ដែល​ក្នុង​នោះ​រួម​មាន​ការ​កាត់​បន្ថយ​ពន្ធ​ដល់​ក្រុមហ៊ុន​ដែល​រួម​ចំណែក​ការពារ​បរិស្ថាន។

សម្រាប់​អាជីវករ​ដូច​លោក អ៊ា ផុន វិញ លោក​ដឹង​ថា ផល​ប៉ះ​ពាល់​នៃ​ថង់​ប្លាស្ទិក​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ ពី​ព្រោះ​កម្ពុជា​មិន​ទាន់​មាន​ជម្រើស​ផ្សេង​ទៀត​ ដែល​អាច​ប្រើប្រាស់​ជំនួស​ថង់​ប្លាស្ទិក​នេះ​បាន​នៅ​ឡើយ​ទេ។ លោក​និយាយថា៖ «ថង់ ​ប្លា​ស្ទិក​នឹង​១០០ឆ្នាំ​មិន​ទាន់​រលាយ​ផង ប៉ុន្តែ​យើង​ចៀស​យក​អ្វី​មក​ជំនួស​នឹង​មិន​កើត»៕

XS
SM
MD
LG