ប្រេសិតអ.ស.ប.ទទួលបន្ទុកកិច្ចការប្រទេសស៊ីរីបានបើកកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតមួយរបស់លោកក្នុងការនាំភាគីនយោបាយក្នុងប្រទេសឱ្យជួបជុំគ្នាដើម្បីធ្វើការចរចាអំពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលមានការបង្ហូរឈាមគ្នាក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃអង្គារ លោក Staffan de Mistura បានប្រកាសអំពីប្រធាននៃក្រុមការងារ «តាមប្រធានបទ» ដែលបានតាក់តែងឡើងសម្រាប់ស្វែងរកដំណោះស្រាយនយោបាយមួយសម្រាប់ជម្លោះនេះដែលមានរយៈពេលជាងបួនឆ្នាំមកហើយ។ ផែនការនេះអំពាវនាវឱ្យភាគីស៊ីរីទាំងអស់ចូលរួមក្នុងការពិភាក្សាគ្នានៅក្នុងក្រុមការងារទាំងនេះដែលនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហានយោបាយ និងបញ្ហាខាងផ្លូវច្បាប់ បញ្ហាយោធា និងការប្រឆាំងនឹងភេរវកម្មនៅក្នុងចំណោមបញ្ហាឯទៀតៗ។
លោក de Mistura បានមានប្រសាសន៍ថា ក្តីសង្ឃឹមគឺត្រូវស្វែងរកដំណោះស្រាយមួយ ដែលត្រូវធ្វើឡើងដោយផ្អែកលើសេចក្តីថ្លែងការណ៍នៅក្នុងក្រុងហ្សឺណែវ (Geneva)។
ឯកសារនោះដែលត្រូវបានយល់ព្រមកាលពីឆ្នាំ២០១២បានបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់ឱ្យមានអន្តរកាលប្រជាធិបតេយ្យមួយនៅក្នុងប្រទេសស៊ីរី ហើយវានៅតែជាមូលដ្ឋានមួយនៃការដោះស្រាយបញ្ហាប្រទេសស៊ីរីដោយសន្តិវិធី។
នៅក្នុងព័ត៌មានឯទៀតៗ បើតាមក្រុមសកម្មជន កងយន្តហោះចម្បាំងស៊ីរីបានធ្វើការវាយប្រហារលើតំបន់នានាក្នុងផ្នែកកណ្តាលនៃប្រទេសស៊ីរីដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាម ហើយបានបណ្តាលឲ្យយុទ្ធជនរដ្ឋឥស្លាម៣៨នាក់ស្លាប់៕