ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Putin និង​ Netanhyu ពិភាក្សា​ពី​វិធី​ទប់ស្កាត់​ការ​ប្រឈម​មុខ​គ្នា​ដោយ​យោធា​ដោយ​អចេតនា​នៅ​ស៊ីរី


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu (រូប​ស្តាំ) ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​​​ទីស្នាក់នៅ​របស់​ប្រធានាធិបតី​រុស្សី​នៅ​ Novo-Ogaryovo​ នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​រុស្សី​ Vladimir Putin ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល ​បាន​យល់​ស្រប​គ្នាសម្របសម្រួល​សកម្មភាព​របស់​កងកម្លាំង​របស់​ប្រទេស​ទាំង​ពីរ​នៅ​ខាង​ក្នុង​ និង​នៅ​ជុំវិញ​ប្រទេស​ស៊ីរី​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ដោយ​អចេតនា។​

​លោក​ទាំងពីរ​បាន​ជួបគ្នា​នៅ​កន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតី​រុស្សី​នៅ​ Novo-Ogaryovo នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ។ ​នៅ​ពេល​បន្ទាប់​មក​លោក Netanyahu បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ លោក​និងលោក​ Putin បាន «យល់ស្រប​គ្នា​អំពី​យន្តការ​មួយ​សម្រាប់​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​យល់​ខុស​បែប​នេះ»។

លោក​ Netanyahu បាន​ថ្លែង​ថា​ កិច្ចចរចា​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ «បរិយាកាស​មួយនៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

ការ​ជួប​គ្នា​កាលពី​ថ្ងៃច័ន្ទ​រវាង​ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​កើត​មាន​ឡើង​ក្រោយ​មាន​របាយការណ៍​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​បង្កើន​ចំនួន​កង​យន្តហោះ​យោធា​ និង​កងកម្លាំង​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​នេះ​ជា​ផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជួយរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​ឧទ្ទាម​ដែល​បាន​ប្រឹងប្រែង​ទម្លាក់​លោក​ពី​តំណែង៕

XS
SM
MD
LG