ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេសកជន​អង្គការ​សហប្រជាជាតិ​ព្រមាន​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​ក្រុម​គ្រួសារ​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម


(រូបភាព​ឯកសារ) លោក Jan Kubis ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤។

បេសកជន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​អ៊ីរ៉ាក់ បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ការ​វាយ​ប្រហារ​សងសឹក​មក​វិញ​នៅ​ក្នុង​ទីក្រុង Mosul ប្រឆាំង​នឹង​ជន​ស៊ីវិល ដែល​គេ​ជឿ​ជាក់​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម បន្ទាប់​ពី​ទីក្រុង​នេះ​ត្រូវ​បាន​រំដោះ​រួច​មក។

លោក Jan Kubis បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា គំនិត​ជា​ទូទៅ​នៅ​ក្នុង​ការ​ចង់​ដាក់​ទោស​ទណ្ឌ​រួម​ដល់​ជន​ស៊ីវិល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម មាន​ការ​កើន​ឡើង។

លោក​បាន​បន្ថែម​ថា ជន​ស៊ីវិល​អ៊ីរ៉ាក់​ណា ដែល​គេ​យល់​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ការ​រឹបអូស​យក​ផ្ទះ​សម្បែង ការ​ដាក់​ទោស​ទណ្ឌ និង​វិធានការ​សងសឹក​ផ្សេងៗ​ទៀត។

លោក Jan Kubis បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi ចាត់​វិធានការ​ជា​បន្ទាន់​នានា ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​ទាំង​នេះ ដោយ​លោក​បាន​និយាយ​ថា វិធានការ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ចំពោះ​ជន​ស៊ីវិល ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ គឺ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​អ៊ីរ៉ាក់ និង​កាតព្វកិច្ច​របស់​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ។

លោក​បាន​បញ្ជាក់​ថា ភស្តុតាង​ទាំង​អស់​នៃ​ឧក្រិដ្ឋកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ត្រូវតែ​រក្សា​ទុក ដើម្បី​គាំទ្រ​ដល់​ការ​កាត់ទោស​ដែល​អាច​ទៅ​រួច​នានា។

បេសកជន​រូប​នេះ ក៏​បាន​រំឭក​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា អនាគត​នៅ​ក្នុង​ទីក្រុង Mosul គឺ​មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​ត្រូវ​ប្រឹងប្រែង​យ៉ាង​ណា​ធ្វើ​ឲ្យ​ជ័យជម្នះ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Mosul នេះ ក្លាយ​ជា​ស្ថិរភាព។ លោក​បន្ថែម​ថា ការ​ពង្រឹង​នីតិ​រដ្ឋ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់៕

XS
SM
MD
LG