កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីស.រ.អា. Donald Trump បានសរសើរប្រទេសអ៊ីរ៉ាក់ នាយករដ្ឋមន្ត្រី និងកងកម្លាំងសន្តិសុខនៃប្រទេសនេះដែលបានរំដោះក្រុង Mosul ពីពួករដ្ឋឥស្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន លោក Trump បាននិយាយថាការយកជ័យជម្នះលើពួកជនសកម្មប្រយុទ្ធនេះនៅក្នុងក្រុង Mosul «ផ្តល់សញ្ញាថាពួកនេះជិតផុតរលត់ហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី»។ គាត់បានសន្យាថែមទៀតថានឹង «បន្តស្វះស្វែងឱ្យមានការបំផ្លាញពួក ISIS ទាំងស្រុង» ដោយប្រើអក្សរកាត់សម្គាល់ពួករដ្ឋឥស្លាម។
លោក Trump បាននិយាយថាស.រ.អា.សោកសង្រេងដល់ជនជាតិអ៊ីរ៉ាក់រាប់ម៉ឺននាក់ដែលបានរងទុក្ខវេទនា និងបានស្លាប់ក្នុងកណ្តាប់ដៃពួករដ្ឋឥស្លាមជាមួយនឹងការ «បាត់បង់ពួកទាហានរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមយុទ្ធជន Kurde Peshmerga ប្រកបដោយវីរភាពដែលបានបូជាជីវិតពួកគេ»។
លោកនាយករដ្ឋមន្ត្រី Haider al-Abadi បានប្រកាសជ័យជម្នះជាផ្លូវការកាលពីថ្ងៃចន្ទនៅក្នុងក្រុងនេះដែលពួករដ្ឋឥស្លាមបានប្រកាសថា ជារដ្ឋធានីរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់។
ថ្លែងពីផ្នែកក្រុងចាស់នៃក្រុង Mosul នៅក្នុងសុន្ទរកថាមួយដែលបានត្រូវផ្សាយតាមទូរទស្សន៍រដ្ឋ លោក Abadi បានមានប្រសាសន៍ថាជ័យជម្នះនេះជាជ័យជម្នះមួយលើការសង្កត់សង្កិន ភាពឃោរឃៅ និងភេរវកម្ម។
លោកបានមានប្រសាសន៍ថា «ខ្ញុំប្រកាសនៅក្នុងក្រុង Mosul ពីក្រុង Mosul ដល់ប្រជារាស្ត្រទាំងអស់អំពីបរាជ័យ និងការរលំនៃពួកភេរវជនរដ្ឋឥស្លាម»៕