ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រយុទ្ធ​នៅ​បន្ត ស្រប​ពេល​ដែល​កង​ទ័ព​អ៊ីរ៉ាក់​អបអរ​ជ័យជម្នះ​លើ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម


ក្រុង​បុរាណ Mosul ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

កង​កម្លាំង​អ៊ីរ៉ាក់​នៅតែ​បន្ត​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​នៅ​ក្នុង​ទីក្រុង Mosul ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​អបអរ​ជាមួយ​នឹង​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ទីក្រុង Mosul មក​វិញ​ក៏​ដោយ។

ទាហាន​អ៊ីរ៉ាក់​បាន​ពណ៌នា​ការ​វាយ​ប្រយុទ្ធ​ចុង​ក្រោយ​នេះ​ថា​មាន​លក្ខណៈ​សាហាវ​បំផុត​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​កន្លង​មក​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ដោយសារតែ​ពេល​ពួកគេ​បាន​ចូល​ទៅ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​នីមួយៗ ដែល​ពួក​ជ្រុល​និយម​នោះ​មាន​ភ្ជាប់​នូវ​គ្រាប់​បែក​អត្តឃាត​ជាប់​នឹង​ខ្លួន​ផង។

ផ្នែក​ភាគ​ច្រើន​នៃ​ទីក្រុង Mosul ឥឡូវ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងទ័ព​អ៊ីរ៉ាក់។ កង​ទ័ព​អ៊ីរ៉ាក់​បាន​ប៉ាន់​ប្រមាណ​ថា មាន​សមាជិក​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​រវាង​ពី ១០០ ទៅ ១៥០ នាក់ កំពុង​នៅ​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង Mosul ហើយ​ឥឡូវ​នេះ ពួកគេ​បាន​និយាយ​ថា ពួកគេ​នឹង​ព្យាយាម​ចាប់​ពួក​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​ទាំង​រស់ តាម​តែ​អាច​ធ្វើ​ទៅ​បាន។

កង​ទ័ព​អ៊ីរ៉ាក់​រំពឹង​ថា សង្គ្រាម​នេះ​នឹង​បញ្ចប់​ទាំង​ស្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ហើយ​បន្ទាប់​មក​ពួកគេ​នឹង​ទៅ​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត។

កន្លង​មក ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ ហើយ​មនុស្ស ៩ សែន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន៕

XS
SM
MD
LG