ប្រទេសអ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសអ៊ីរ៉ង់បានប្រកាសពីការផ្លាស់ប្តូរនៅថ្ងៃអាទិត្យនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាប្រទេសអ៊ីរ៉ង់អាចនឹងបង្កើនកម្រិតនៃការចម្រាញ់នេះដល់៥ភាគរយដើម្បីផលិតថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រអគ្គិសនី។
លោកហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់បាននិយាយកាលពីសប្តាហ៍មុនថាប្រទេសរបស់លោកនឹងចាប់ផ្តើមការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមនៅកម្រិតខ្ពស់ជាងមុនបើមិនទទួលបានជំនួយនានាដើម្បីដោះបន្ទុកការដាក់ទណ្ឌកម្មពីប្រទេសហត្ថលេខីដទៃទៀតនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ទេ។
កិច្ចព្រមព្រៀងនោះមានគោលបំណងបំបាត់ចោលការភ័យខ្លាចថាអ៊ីរ៉ង់នឹងធ្វើសកម្មភាពដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនោះបានហាមឃាត់អ៊ីរ៉ង់មិនឱ្យចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិត៣,៦៧ភាគរយទេនិងកំណត់ថាអ៊ីរ៉ង់អាចរក្សាវាបានត្រឹមតែ៣០០គីឡូក្រាមប៉ុណ្ណោះនៅក្នុងឃ្លាំងរក្សាទុករបស់ខ្លួន។
កម្រិត៣,៦៧ភាគរយគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងថាមពល ប៉ុន្តែនៅក្រោមចំនួនប្រហែល៩០ភាគរយនៃកម្រិតដែលត្រូវការចាំបាច់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។
លោករ៉ូហានី បាននិយាយកាលពីពេលថ្មីៗនេះថាអ៊ីរ៉ង់ត្រៀមនឹងចម្រាញ់«ចំនួនប៉ុន្មានក៏បានដែរតាមត្រូវការ» ហើយនឹងលើសពីកម្រិត៣,៦៧ភាគរយ។ លោកថែមទាំងបានសន្យាថានឹងចាប់ផ្តើមការសាងសង់រោងចក្រផលិតអ៊ីដ្រូសែនអារ៉ាក់ ដែលជាគម្រោងមួយដែលអ៊ីរ៉ង់យល់ព្រមបិទចោលនៅពេលដែលខ្លួនបានចុះហត្ថលេខាលើផែនការសកម្មភាពរួមទូលំទូលាយឆ្នាំ២០១៥។