ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​សម្លាប់​ទាហាន​រក្សា​សន្តិភាព ៤ នាក់ នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល


លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិ Antonio Guterres ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី Holocaust Memorial Ceremony របស់​អង្គការ​ប្រជាជាតិ​កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។
លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិ Antonio Guterres ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី Holocaust Memorial Ceremony របស់​អង្គការ​ប្រជាជាតិ​កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ទាហាន​រក្សា​សន្តិភាព​ចំនួន ៤ នាក់ នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បន្ទាប់ពី​ក្បួន​រថយន្ត​របស់​ពួកគេ​ត្រូវ​បាន​ពួក​សកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង Balaka វាយ​ប្រហារ។

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​ហៅ​កាត់​ថា MINUSCA បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ បញ្ជាក់​អះអាង​អំពី​ការ​ស្លាប់​របស់​ទាហាន​រក្សា​សន្តិភាព​ជនជាតិ​កម្ពុជា​មួយ​រូប និង​បាន​បន្ថែម​ថា ខ្លួន «មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ក្នុង​ការ​បញ្ជាក់​ថា ទាហាន​រក្សា​សន្តិភាព ៣ នាក់ ក្នុង​ចំណោម​ទាហាន​រក្សា​សន្តិភាព ៤ នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ​តាំង​ពី​ការ​វាយ​ប្រហារ​ម្សិលមិញ​មក ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្លាប់‍‍»។

ក្បួន​រថយន្ត​របស់​កង​រក្សា​សន្តិភាព​នេះ បាន​រង​ការ​វាយ​ប្រហារ​នៅ​ជិត​ភូមិ Yogofongo ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៤៧០ គីឡូម៉ែត្រ ពី​រដ្ឋធានី Bangui នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

លោក Antonio Guterres ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល «ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី Faustin Archange Touadera ដែល​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ស្ថិរភាព​របស់​ប្រទេស‍»។

សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​ប្រឈម​នឹង​ជម្លោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់តាំង​ពី​ពួក​ឧទ្ទាម Seleka ដែល​ជា​ក្រុម​ឧទ្ទាម​មាន​សមាជិក​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម បាន​ផ្ដួល​រំលំ​លោក​ប្រធានាធិបតី Francois Bozize ចេញ​ពី​តំណែង កាល​ពី​ខែ​មីនា ឆ្នាំ ២០១៣ មក។ ការ​សម្លាប់​នានា​ដែល​ធ្វើ​ឡើង​ដោយ​ពួក Seleka បាន​ជំរុញ​ឲ្យ​ពួក​សកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង Balaka ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​កកើត​ឡើង៕

XS
SM
MD
LG