ទាហានកម្ពុជាបំពេញបេសកកម្មអ.ស.ប.ម្នាក់បានស្លាប់ ម្នាក់រងរបួសនិង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារមួយដោយពួកឧទ្ទាមនៅអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី៨ ខែឧសភា។នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកបានបន្ថែមទៀតថា ការវាយប្រហារនេះ ក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ និងស្រាល ហើយបាត់ខ្លួនម្នាក់ផងដែរ។
លោកហ៊ុន សែនបានសម្តែងការសោកស្តាយថា៖
«យើងមានការសោកស្តាយមួយ ដែលខ្ញុំព្រះករុណាសូមយកឱកាសនេះដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើង ដែលកំពុងស្ថិតនៅអាហ្វ្រិកកណ្តាលការពារឲ្យកងកម្លាំងរបស់ម៉ារ៉ុក ត្រូវក្រុមឧទ្ទាមវាយប្រហារបណ្តាលឲ្យស្លាប់ម្នាក់នឹងកំពុងបាត់ខ្លួន៣នាក់»។
ទាក់ទងនឹងទាហានបាត់ខ្លួន លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវនាវឲ្យអ.ស.ប.មានការយកចិត្តទុកដាក់ ដើម្បីរក្សាអាយុជីវិតរបស់ពួកគេ ប្រសិនបើពួកគេនៅមានជីវិត ហើយត្រូវពួកឧទ្ទាមចាប់ជំរិត ឬចង់ដោះដូរជាឈ្លើយសឹក ឬជាថ្នូរអ្វីផ្សេងទៀត។
«យប់មិញនេះបងប្អូនយើង ម៉ោងពីរយប់បងប្អូនយើងក៏បានធ្វើប្រតិបត្តិការរុករកទាហានបាត់ខ្លួនទាំង៣នាក់នេះ។ ឥឡូវបញ្ហាចំណោទ តើបងប្អូន៣នាក់នេះរត់គេចខ្លួនពីការបាញ់ប្រហារ ឬក៏ត្រូវបានចាប់ជាឈ្លើយសឹក ជាចំណាប់ខ្មាំង»។
លោកហ៊ុន សែនបានបន្ថែមថា៖
«ប៉ុន្តែប្រសិនបើគេចាប់ដើម្បីធ្វើជាថ្នូរ ជាមួយនឹងអ្វីមួយ ស្នើឱ្យអង្គការសហប្រជាជាតិ ដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋរបស់ម៉ារ៉ុក ដែលកំពុងបាត់ខ្លួននេះ»។
លោកហ៊ុន សែនសន្និដ្ឋានថា គោលដៅនៃការវាយប្រហាររបស់ក្រុមឧទ្ទាម គឺសំដៅរំដោះឈ្លើយសឹកដែលចាប់បាន ហើយនៅជិតនឹងទីតាំងដែលកងទ័ព របស់កម្ពុជាស្នាក់នៅ ដូច្នេះប្រហែលជាពួកឧទ្ទាមអាចនឹងធ្វើការទាមទារដោះដូរជាថ្នូរ រវាងឈ្លើយសឹករបស់គេ។
លោកហ៊ុន សែនថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារទី៩ ខែឧសភានេះ។
លោកបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនោះគឺឈ្មោះអ៊ឹម សំ ជាអនុសេនីយ៍ទោ មានស្រុកកំណើតនៅខេត្តសៀមរាប ជាអ្នកបើកបរប៊ុលដូស៊ែរ។
ទាហានដែលបាត់ខ្លួនរួមមានអនុសេនីយ៍ឯកធុច ធីម អនុសេនីយ៍ឯកម៉ៅ អេង ព្រិន្ទបាលទោស៊ាង នរិន្ទ ព្រិន្ទបាលទោមុំ តុលា។
ក្រៅពីបង្ហាញការចូលរូមមរណទុក្ខ និងសារៈសំខាន់របស់បេសកកម្មអ.ស.ប. លោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្លាប់បម្រើការអ.ស.ប.នៅក្រៅប្រទេស បានមានប្រសាសន៍ថា បេសកកម្មអ.ស.ប.ច្រើនប្រឈមមុខគ្រោះថ្នាក់ផ្សេងៗគ្នា។ លោកនិយាយថា ទោះបីបេសកកម្មអ.ស.ប.រក្សាសន្តិភាពនៅកម្ពុជាក៏មានគ្រោះថ្នាក់ខ្លះដែរ ថ្វីបើភាគីនានាបានចុះហត្ថលេខាកិច្ចព្រមព្រៀងហើយក៏ដោយ។
«វាមានតិចឬច្រើនវាមិនខុសគ្នាប៉ុន្មានទេ តែបេសកកម្មអ៊ុនតាក់មកស្រុកយើងនោះមិនមែនមកច្បាំងទេ មកធ្វើម៉េចកុំឲ្យមានចម្បាំងបាទ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានគ្រោះថ្នាក់ខ្លះដែរ»។
លោកប៉ុល ហំម ដែលជាមន្ត្រីព័ត៌មានសម័យអ៊ុនតាក់ និងជាមន្ត្រីជាន់ខ្ពស់របស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបន្ថែមថា បេសកកម្មទាហានខ្មែរទៅដោះមីននេះក៏គ្រោះថ្នាក់ណាស់ដែរ។
កម្ពុជាបានបញ្ជូនទាហានទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ ជាបន្តបន្ទាប់ ដូចជាបេសកកម្មសង្រ្គោះ និងដោះមីននៅប្រទេសមួយចំនួន។របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ បានចំនួនជាង៣.៥០០នាក់ដើម្បីទៅបំពេញបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសស៊ូដង់ សូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាលនេះឯង៕