ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដោះមីន​ទីពីរ​ស្លាប់​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អ.ស.ប


រូបឯកសារ៖ កុមារ​មើល​​រថយន្ត​​របស់​អង្គការ​សហ​ប្រជាជាតិ​​បើក​ក្នុង​​ទីក្រុង ​Kidal នៃ​ប្រទេស​ម៉ាលី នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។
រូបឯកសារ៖ កុមារ​មើល​​រថយន្ត​​របស់​អង្គការ​សហ​ប្រជាជាតិ​​បើក​ក្នុង​​ទីក្រុង ​Kidal នៃ​ប្រទេស​ម៉ាលី នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។

លោក​អនុសេនីយ៍ត្រី ​សួន សំបូរ​ ​ដែល​ជា​កង​កម្លាំង​​រក្សា​សន្តិភាព​នៃ​អង្គកា​រសហ​ប្រជាជាតិ​ នៅ​ប្រទេស​ម៉ាលី​បាន​លាចាក​លោក​កាល​ពីថ្ងៃច័ន្ទ​កន្លងទៅ​បន្ទាប់​ ​ពី​មានជំងឺ​គ្រុនចាញ់​ប្រភេទ​ធ្ងន់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

ក្រសួង​ការពារ​ជាតិ​និង​អង្គការ​សហ​ប្រជាជាតិ​កំពុង​រៀបចំ​បញ្ជូនសព​អ្នកដោះមីនមួយ​រូប​នៃ​កង​កម្លាំង​ការពារ​សន្តិ​ភាព​កម្ពុជាពី​អាហ្រ្វិកខាងលិច​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ ពីមន្ត្រី​កម្ពុជា​។

លោក​អនុសេនីយ៍ត្រី ​សួន សំបូរ​ ​ដែល​ជា​កង​កម្លាំងរក្សា​សន្តិភាព​នៃ​អង្គកា​រសហ​ប្រជាជាតិ​ នៅ​ប្រទេស​ម៉ាលី​បាន​លាចាក​លោក​កាល​ពីថ្ងៃច័ន្ទ​កន្លងទៅ​បន្ទាប់​ ​ពី​មានជំងឺ​គ្រុនចាញ់​ប្រភេទ​ធ្ងន់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។​ នេះ​បើយោង​តាម​ការឲ្យដឹង​របស់​លោក​ ឧត្តម​សេនីយ៍​ឯក​ ផាល សាម៉ន​ ប្រធាន​នាយកដ្ឋាន​ កាកសំណល់​គ្រឿង​ផ្ទុះ​និង​ព័ត៌មាន​ នៃ​មជ្ឍមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​ការពារ​សន្តិភាព។

លោកឧត្តម​សេនីយ៍ ​ផាល សាម៉ន ​បាន​ឲ្យ​ដឹង​ថា​កង​កម្លាំង​មួកខៀវដែល​មាន​អាយុ​៣២ឆ្នាំរូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ នា​ប្រទេស​ Senegal​ ​ជា​ទី​ ​ដែល​លោក​ចែកស្ថាន​។​ ​«ថ្ងៃ​ទី​១១​ទៅ​១៣​ នេះ​ក្រោយ​ពី​សភាព​ជំងឺ​ ដូច​ថា​វាឡើង​ វា​មាន​ភាព​លំបាក​គេ​ក៏​បាន​បញ្ជូន​រូប​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​បី​ នៅ​ទីក្រុង​ដាកា​ នៃ​ប្រទេស​ ​Senegal​។​ ដល់​ថ្ងៃ​ទី១៤​នេះ​ ​លោក​សួនសំបូរ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៤ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ​នៅប្រទេស​Senegal​»​។​

លោក​ ឧត្តម​សេនីយ៍​ ផាល សាម៉ន​បាន​បញ្ជាក់​ថា​មកដល់​ពេល​នេះ​ ​អង្គការ​សហ​ប្រជា​ជាតិ​កំពុង​រៀបចំ​បញ្ជូន​សាកសព​លោក​មក​កាន់​ប្រ​ទេស​កម្ពុជា​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណីដោយ​មាន​ការ​ហែរហម​តាម​របៀប​ពិធីការ​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ។

«ការ​ទទួល​នេះ​គឺ​យើង​ធ្វើ​ដូចរាល់​ដង​ គឺ​ទទួល​បែប​ផែន​ជាតិ​ គឺ​យើង​ធ្វើ​ពិធី​ ​ដេហ្វីឡេ​ជញ្ជូនទ័ព​ចេញ​ពី​យន្តហេះ​ ហើយ​ឡើង​រថយន្ត​ ដង្ហែ​រ ​កាត់​តាម​ភ្នំពេញ​ចេញ​ទៅ​ ទី​តាំង​ដែល​គេ​នៅ​ល្វាឯម​»​។​

​ការ​ស្លាប់​របស់​ ​លោក​អនុសេនីយ៍ត្រី​ ​សួន សំបូរ​នេះ​គឺជា​លើ​ទីពីរ​សម្រាប់កង​កម្លាំង​រក្សាសន្តិភាព​កម្ពុជា​ ដែល​បំពេញ​ការងារ​រក្សា​សន្តិភាព​ក្របខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី​។​ ​កាល​ពី​ឆ្នាំ​២០១៤​ កង​ទ័ពមួកខៀវ​កម្ពុជា​មួយរូប​នៅ​ប្រទេស​ម៉ាលី​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​ ពី​ពុល​អាហារ​។​

លោកឧត្តម​សេនីយ៍​ ផាល សាម៉ន បាន​បញ្ជាក់​ថា​ សព្វថ្ងៃនេះ​កម្ពុជា​មាន​កង​កម្លាំង​មួក​ខៀវ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ប្រហែល​៣០០នាក់​រួម​ទាំង​កង​ អនុសេនាតូច​កម្ទេច​គ្រឿង​ផ្ទុះ​ ដែលមានលោក​ សួន សំបូរ​ផង​ដែរ​។​

ជា​មួយ​គ្នា​នោះ​ដែរ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​បញ្ជាក់​ពី​សេចក្តី​ក្រៀម​ក្រំ​ក្នុង​ការ​បាត់បង់​កង​កម្លាំង​ជំនាញ​របស់​ខ្លួន​និង កា​រលះបង់​របស់​នាយទាហាន​រូប​នេះ​ ​«ក្នុង​ការ​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះ​ កិត្តិ​យស​ជាតិមាតុ​ភូមិ​ ពិសេស​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​ លើ​ឆាក​អន្តរ​ជាតិ​»​។​

​យោង​តាម​សារ​រំលែក​ទុក្ខ​របស់​ក្រសួង​ការពារ​ជាតិ​ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​បាន​សរសេរ​ ៖ ​«ការបាត់បង់រូបលោក​អនុសេនីយ៍​ត្រី​ ​សួន សំបូរ​ គឺ​ជា​ការបាត់បង់​នាយ​ទាហាន​ជំនាញ​ឯកទេស​ដ៏​ឆ្នើម​មួយ​រូប ប្រកប​ដោយ​វិជ្ជាជីវៈ​ពិតប្រាកដ​ដែល​បាន​លៈបង់​ អស់​ពី​កម្លាំង​កាយ​ចិត្ត​និង​ស្មារតីចូល​រួម​បម្រើ​ជាតិ​មាតុភូមិ​និង​ប្រជាជន​ ព្រម​ទាំង​បាន​ចូលរួម​ចំណែក​ដោយ​ស្ម័គ្រចិត្ត​ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​នាម​មនុស្ស​ធម៌»​។

យោង​តាម​ទី​ភ្នាក់​ងា​រសារ​ព័ត៌មាន​កម្ពុជាAKP​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ឆ្នាំ​២០០៦​ មក​ ​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ចំនួន​៣០០០នាក់ទៅ​ក្នុង​ប្រទេស​Sudan​ Sudan​ខាងត្បូង​ ​អាហ្វ្រិក​កណ្តាល​ ​(Central ​African Republic​)​ ប្រទេស​ ឆាដ​ ស៊ីរី​ លីបង់ ​និង​ប្រទេស​ម៉ាលី៕

XS
SM
MD
LG