គណៈកម្មាធិការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា ប្រទេសនៅអាហ្វ្រិកជាច្រើនមិនបានបំពេញភារកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាសិទ្ធិកុមារឆ្នាំ១៩៩០នោះទេ។ ប្រពៃណីទំនៀមទម្លាប់ដ៏ព្រៃផ្សៃក៏ដូចជារាល់ទម្រង់នៃការរំលោភសិទ្ធិមនុស្សបន្តអនុវត្តនៅទូទាំងទ្វីបអាហ្វ្រិក។
គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកលើសិទ្ធិកុមារ និងដែលបានតាមដានការអនុវត្តអនុសញ្ញានេះ ទើបតែបានបញ្ចប់កិច្ចប្រជុំដែលមានរយៈពេល៣សប្តាហ៍របស់ខ្លួនក្នុងទីក្រុងហ្សឺណែវ។ អ្នកជំនាញការឯករាជ្យទាំង១៨បានតាមដានទៅលើប្រទេសចំនួន១៤ ដោយរួមមានទាំងប្រទេសអាហ្វ្រិកចំនួន៥ផងដែរ រួមមាន ប្រទេសបេណាំង (Benin) កេនយ៉ា សេណេហ្គាល់ (Senegal) សំប៊ី (Zambia) និងស៊ីមបាវ៉េ (Zimbabwe)។
គណៈកម្មាធិការនេះបានរកឃើញការអនុវត្តដ៏ព្រៃផ្សៃមួយចំនួន ដូចជាការច្រឹបប្រដាប់ភេទស្រ្តី និងការរៀបការកុមារនៅវ័យក្មេង ដែលនៅតែបន្តអនុវត្តក្នុងបណ្តាប្រទេសដែលបានតាមដានអង្កេតនេះ។ ក្នុងករណីប្រទេសកេនយ៉ា អ្នកជំនាញការបានបញ្ចេញនូវការព្រួយបារម្ភអំពីការយកក្មេងស្រីធ្វើជាទាសករផ្លូវភេទនៅក្នុងគ្រួសារដែលជារឿយៗឈានទៅដល់ការរំលោភសេពសន្ថវៈ។
ក្រុមអ្នកជំនាញការឯករាជ្យថ្កោលទោសការសម្លាប់និងការជួញដូរកុមារភឿកដើម្បីយកសរីរាង្គផ្សេងៗនៅប្រទេសកេនយ៉ា ដែលករណីមួយចំនួនត្រូវបានប្រព្រឹត្តឡើងដោយសមាជិករបស់ក្រុមគ្រួសាររបស់ជនរងគ្រោះផ្ទាល់។ ប៉ុន្តែក្រុមអ្នកជំនាញការបញ្ជាក់ថា ការអនុវត្តដ៏គួរឲ្យតក់ស្លុតនេះបានធ្វើឡើងក្នុងប្រទេសអាហ្វ្រិកចំនួន១៦៕