ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​អង្គការ​សហ​ប្រជាជាតិ​ ថ្កោល​ទោស​ចំពោះ​ការ​បំផ្លាញ​វិហារ​ ​Mosul


ជន​ស៊ីវិល​អ៊ីរ៉ាក់​ដែល​រត់​ភៀស​ខ្លួន​ដើរ​កាត់​វិហារ​ឥស្លាម​អាល់​ នូរី (al-Nuri) នៅ​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​បន្ត​វាយប្រហារ​លើ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០១៧។
ជន​ស៊ីវិល​អ៊ីរ៉ាក់​ដែល​រត់​ភៀស​ខ្លួន​ដើរ​កាត់​វិហារ​ឥស្លាម​អាល់​ នូរី (al-Nuri) នៅ​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​បន្ត​វាយប្រហារ​លើ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០១៧។

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​វិហារ​ឥស្លាម​ ប្រវត្តិសាស្ត្រ​ អាល់​ នូរី (al-Nuri) ដែល​ត្រូវ​ពួក​ទាហាន​រដ្ឋ​ឥស្លាម​បំផ្លាញ​ចោល​នៅ​ក្នុង​ទីក្រុង ​Mosul របស់​អ៊ីរ៉ាក់ ដែល​ខូច​ខាត​ដោយសារ​ជម្លោះ​សង្គ្រាម។ ​​

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ បាន​និយាយ​ថា​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រាសាទ​បុរាណ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ គឺ​ជា​សោក​នាដ​កម្ម​ថ្មី​បំផុត​ នៅ​ក្នុង​បញ្ជី​ភាព​យង់ឃ្នង​ ប្រព្រឹត្ត​ដោយ​ពួក​យោធា​រដ្ឋ​ឥស្លាម។ ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លាញ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​តំបន់​សាសនា​ រួម​មាន​វិហារ​គ្រិស្ត​ វិហារ​ឥស្លាម​ ចេតិយ​ ផ្នូរ​ កន្លែង​បញ្ចុះ​សព​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី។

លោក​ស្រី Ravina Shamdasani ជា​មន្ត្រី​នាំ​ពាក្យ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ហៅ​ការ​បំផ្លាញ​ដោយ​ចេតនា​ទៅ​លើ​វិហារ ​អាល់​ នូរី​ ថា​ជា​ការ​វាយ​ប្រហារ​លើ​សាសនា​ និង​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រជាជន​អ៊ីរ៉ាក់​ និង​ពិភព​លោក។

លោកស្រី Shamdasani បាន​និយាយ​ថា៖ «ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ហាម​ឃាត់​យ៉ាង​ច្បាស់​ចំពោះ​ការ​វាយ​ប្រហារ​បែប​នេះ​ ហើយ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​បំផ្លាញ​វត្ថុ​ទាំង​នេះ​ ទាំង​បានដឹង​អំពី​លក្ខណៈ​ប្រវត្តិសាស្ត្រ​ និង​សាសនា​របស់​វត្ថុ​ទាំង​នោះ​ នឹង​ត្រូវ​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​សង្គ្រាម​ ដូច​នៅ​ក្នុង​ករណី​រឿង​ក្ដី​ទីក្រុង​ Timbuktu កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ»។

កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១២ ក្រុម​ឧទ្ទាម​ឥស្លាម​ ជា​សម្ព័ន្ធ​ជាមួយ​នឹង​បណ្ដាញ​អាល់​ កៃ​ដា នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី​ បាន​បំផ្លាញ​វិហារសតវត្ស​ទី​១៥​មួយ​ នៅ​ក្នុង​ទីក្រុង​ Timbuktu។

លោក​ស្រី​ Shamdasani បាន​ឲ្យ​ប្រាប់ VOA ​ថា​ គេ​ជឿ​ថា​ពួក​រដ្ឋ​ឥស្លាម IS ឬ​ហៅ​ថា​ ISIL បាន​ធ្វើ​ឲ្យ​ផ្ទុះ​បំផ្លាញ​វិហារ​នោះ​ ដើម្បី​ការពារ​មិន​ឲ្យ​កង​សន្តិសុខ​អ៊ីរ៉ាក់​ចូល​មក​ជិត។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា៖ «នេះ​គឺ​ជា​វិធី​មួយ​ ក្នុង​ចំណោម​កល​វិធី​ដែល​ក្រុម ISIL​ កំពុង​តែ​ប្រើ។​ ដូច​អ្នក​ដឹង​ហើយ​ ពួក​គេ​ប្រើ​មនុស្ស​ជា​របាំង​ការពារ។​ ពួក​គេ​ថែម​ទាំង​បាន​ដុត​ភ្លើង​ឲ្យ​ឆេះ​តំបន់​រ៉ែ​ប្រេង​ រោង​ចក្រ​ របស់​របរ​ដែល​ជា​សម្ភារៈ​បម្រើ​ឲ្យ​សាធារណ​ជន​ទាំង​ស្រុង​ ដើម្បី​ការពារ​កុំ​ឲ្យ​កង​សន្តិសុខ​អ៊ីរ៉ាក់​ចូល​ទៅ​ជិត។​ តាម​ការ​ដែល​ខ្ញុំ​បាន​ដឹង​ពី​សហ​ការី​នៅ​កន្លែង​កើត​ហេតុ​ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ពួក​រដ្ឋ​ឥស្លាម​ចាប់​ផ្ដើម​ភ័យ​ខ្លាចកាន់តែ​ខ្លាំង​ឡើង​ នៅ​ពេល​កង​សន្តិសុខ​អ៊ីរ៉ាក់​ចូល​ទៅ​ជិត​ដល់​ពួក​គេ។​ ដូច្នេះ​ យុទ្ធសាស្ត្រ​របស់​ពួក​គេ​មាន​លក្ខណៈ​រឹត​តែ​ឃោរឃៅ​ឡើង»។

អង្គការ​សហ​ប្រជា​ជាតិ​ បាន​រាយ​ការណ៍​ថា​ ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ កំពុង​បង្ខាំង​ជន​ស៊ីវិល​ប្រហែល​ ១០០.០០០​នាក់​ ទុក​ជា​ចំណាប់​ខ្មាំង​ នៅ​ភាគ​ខាង​កើត​ទីក្រុង​ចំណាស់​ Mosul ខណៈ​ពេល​ដែល​កង​ទ័ព​អ៊ីរ៉ាក់​ធ្វើ​ការ​វាយ​លុក​កាន់តែ​ខ្លាំង​ដើម្បី​យក​ទីក្រុង ​Mosulមក​វិញ។​

ប្រែ​សម្រួល​ដោយ៖ សើ​ សាយ្យាណា

XS
SM
MD
LG