ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ាក់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​កម្ចាត់​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម


ប្រធានាធិបតី​អាមេរិក​លោក Donald Trumpទទួល​ស្វាគមន៏​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi នៅ​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២០ មីនា ២០១៧។
ប្រធានាធិបតី​អាមេរិក​លោក Donald Trumpទទួល​ស្វាគមន៏​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi នៅ​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២០ មីនា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​សរសើរ​ដល់​ការ​វាយ​ប្រយុទ្ធ​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ាក់ ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​ទល់​មុខ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ឯ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ប្រកាស​រួម​គ្នា​នៃ​ជំនួប​របស់​មេដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​ថា៖ «ទោះបីជា​ពួក ISIS/Da'esh នៅតែ​ជា​សត្រូវ​ដ៏​គ្រោះថ្នាក់​ក៏​ដោយ យើង​មាន​ជំនឿ​ទុក​ចិត្ត​ថា យើង​នឹង​អាច​កម្ចាត់​ពួកគេ​បាន។ ស្រប​ពេល​ដែល​កងកម្លាំង​យោធា​អ៊ីរ៉ាក់​មាន​ប្រៀប​ជាង​ពួក ISIS/Da'esh មេដឹកនាំ​ទាំង​ពីរ​ជឿជាក់​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ាក់ នឹង​បន្ត​ភាព​ជា​ដៃគូ​រយៈពេល​វែង​ត​ទៅ​មុខ​ទៀត ដើម្បី​គាស់​កកាយ​ឫសគល់​នៃ​អំពើ​ភេរវកម្ម​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ដើម្បី​ពង្រឹង​យោធា​អ៊ីរ៉ាក់ និង​ស្ថាប័ន​សំខាន់ៗ​ផ្សេងៗ​ទៀត»។

កងកម្លាំង​អ៊ីរ៉ាក់​បាន​វាយ​ប្រយុទ្ធ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​តាម​ផ្លូវ​គោក ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​សម្ព័ន្ធ​មិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។ ចំណុច​សំខាន់​នៃ​យុទ្ធនាការ​នេះ នៅ​ពេល​ឥឡូវ​នេះ គឺ​ការ​វាយ​ប្រហារ​ដើម្បី​ដណ្ដើម​យក​មក​វិញ​នូវ​ទីក្រុង Mosul ពី​ពួក​សកម្ម​ប្រយុទ្ធ ដែល​បាន​សម្រុក​ចូល​ក្នុង​ទីក្រុង​នេះ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៤។

លោក Trump បាន​និយាយ​នៅ​ពេល​ចាប់ផ្ដើម​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ចំណុច​សំខាន់​បំផុត​របស់​យើង គឺ​យើង​ត្រូវ​កម្ចាត់​ពួក ISIS ឲ្យ​បាន»។

ជំនួប​ដំបូង​រវាង​មេដឹកនាំ​អ៊ីរ៉ាក់​ជាមួយ​នឹង​លោក Trump នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ ៦៨ ប្រទេស នៃ​សម្ព័ន្ធ​សាកល​លោក​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម នៅ​ចុង​សប្ដាហ៍​នេះ៕

XS
SM
MD
LG