ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ឧត្ដមសេនីយ៍​អ៊ីស្រាអែល​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ធ្វើ​ឲ្យ​វត្តមាន​របស់​អ៊ីរ៉ង់​ក្នុង​ប្រទេស​ស៊ីរី​ថយ​ចុះ


ឧត្ដមសេនីយ៍​អ៊ីស្រាអែល Michael Edelstein ចូលរួម​ក្នុង​ពិធី​នៅ​មជ្ឈមណ្ឌល​គោលនយោបាល​យូដា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១១ កក្កដា ឆ្នាំ២០១៨។

ឧត្ដមសេនីយ៍​នៃ​ប្រទេស​អ៊ីស្រាអែល​មួយ​រូប​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​របស់​អ៊ីស្រាអែល​ទៅ​លើ​កង​កម្លាំង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មិន​អាច​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ទី​នោះ ក៏​ដូចជា​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ត្រូវការ​ជំនួយ​ដើម្បី​បញ្ចប់​វត្តមាន​របស់​អ៊ីរ៉ង់​ទាំង​ស្រុង​នៅ​ទី​នោះ។

ការ​លើក​ឡើង​ដូច​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​របស់​លោក​នាយ​ឧត្ដមសេនីយ៍​ឯក Michael Edelstein នៅ​ឯ​ការ​ពិភាក្សា​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វាយ​តម្លៃ​ជា​សាធារណៈ​ដ៏​កម្រ​មួយ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​អ៊ីស្រាអែល​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Edelstein ដែល​ជា​សេនានុព័ន្ធ​អ៊ីស្រាអែល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​គោល​នយោបាយ​ជ្វីហ្វ (Jewish Policy Center) នៅ​ឯ​អាគារ​ការិយាល័យ​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា Cannon House Office Building។

លោក Edelstein បាន​ប្រាប់ VOA ភាសា​ពែក​ថា យុទ្ធនាការ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​សកម្មភាព​យោធា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី លីបង់ និង​កន្លែង​ផ្សេង​ទៀត គឺ​ទទួល​បាន​លទ្ធផល​ល្អ។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​គូ​ប្រជែង​ចម្បង​របស់​ខ្លួន បង្កើត​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។ ប៉ុន្តែ លោក Edelstein បាន​និយាយ​ថា ប្រទេស​អ៊ីស្រាអែល​បាន «ពន្យារពេល» សកម្មភាព​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​មុខ​ព្រួញ​អ៊ីរ៉ង់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG