ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការ​អ.ស.ប.​​ Antonio Guterres​ ជំរុញ​ឱ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរិមា​នៅ​តំបន់​មជ្ឈិម​បូព៌ា​


រូបឯកសារ៖ អគ្គ​លេខាធិការ​អ.ស.ប.​​ Antonio Guterres ថ្លែង​ក្នុង​ពេលបើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើ​ក​ទី​៧៤ នៃ​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​កញ្ញា ២០១៩។
រូបឯកសារ៖ អគ្គ​លេខាធិការ​អ.ស.ប.​​ Antonio Guterres ថ្លែង​ក្នុង​ពេលបើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើ​ក​ទី​៧៤ នៃ​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​កញ្ញា ២០១៩។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres​ កាលពី​នៅ​ថ្ងៃ​សុក្រ ​បាន​ជំរុញ​ឱ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរិមា​នៅ​តំបន់​មជ្ឈិម​បូព៌ា បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ស.រ.អា.នៅ​ជិត​អាកាស​យានដ្ឋាន​ក្រុង​បាកដាដ ​ប្រទេស​អ៊ីរ៉ាក់​ ដោយ​បាន​សម្លាប់​ឧត្តម​សេនីយ៍ ​Qassem Soleimani ​ដែល​ជា​មេ​បញ្ជាការ​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ​ដ៏មាន​ឥទ្ធិពល។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Guterres ​បាន​និយាយ​ថា​ លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សភាព​ការណ៍​តាន​តឹង​ដែល​កើន​ឡើង​នេះ​ ​ហើយ​បាន​ព្រមាន​ថា​ «ពិភព​លោក​មិន​អាច​ទ្រាំទ្រ​សង្គ្រាម​មួយ​ទៀត​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​នោះ​ទេ»។​

នៅ​ក្រៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជា​កន្លែង​ដែល​សមាជិក​ក្រុមប្រឹក្សា​នេះ​ធ្វើ​កិច្ច​ប្រជុំ​បិទទ្វារ​កាលពីព្រឹក​ថ្ងៃ​សុក្រ​ស្តីពីស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ ​ក្រុម​អ្នកការ​ទូត​បាន​និយាយ​បន្ទរ​ការ​អំពាវនាវ​របស់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ។

ឯកអគ្គ​រដ្ឋ​ទូតបារាំង​ លោក​ Nicolas De Riviere ​មាន​ប្រសាសន៍​ថា «យើង​អំពាវ​នាវ​កុំ​ឱ្យ​មាន​ការ​តាន​តឹង​បន្ថែម​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ឥឡូវ​នេះ។ ​យើង​ត្រូវ​បន្ថយការ​តាន​តឹង។​ យើងត្រូវ​ការ​ស្ថិរភាព​នៅ​ក្នុង​តំបន់ ​ហើយ​យើង​ពិតជា​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​គ្នា​បន្ថយការ​តានតឹង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG