អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃពុធម្សិលមិញថា «ពេលវេលាមិនស្ថិតនៅខាងយើងទេ» នៅក្នុងប្រទេសលីប៊ី ដោយលោកនិយាយទៀតថា ជម្លោះបានចូលដំណាក់ការថ្មី ដោយការជ្រៀតជ្រែករបស់បរទេសបានឡើងទៅដល់កម្រិតដែលមិនធ្លាប់មានកាលពីពេលមុន។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gutteres បានប្រាប់ជំនួបកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «អង្គការសហប្រជាជាតិនឹងបន្តធ្វើការជាមួយភាគីនានាដើម្បីធ្វើឲ្យសម្រេចការឈប់បាញ់គ្នា ហើយនឹងបន្តដំណើរការនយោបាយ»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ទៀតថា ការជ្រៀតជ្រែកពីខាងក្រៅ រួមមានការផ្គត់ផ្គង់អាវុធទំនើប និងទាហានស៊ីឈ្នួលដែលជាការរំលោភការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសលីប៊ី។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកម្លាំងរបស់រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ (GNA) បានរុញទៅមុខនៅក្នុងការវាយប្រហារដែលមានរយៈពេល១៤ខែដើម្បីដណ្តើមយករដ្ឋធានីទ្រីប៉ូលីមកវិញពីលោក Khanifa Haftar មេបញ្ជាការធ្វើតាមអំពើចិត្តនៃកងទ័ពជាតិលីប៊ី និងអ្នកប្រយុទ្ធរបស់លោក។រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិក៏បានកាន់កាប់ចំណតអាកាសយាន្តនិងទីក្រុងយុទ្ធសាស្រ្ត២នៅក្នុងតំបន់ភាគពាយ័ព្យ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយទៀតថា ស្ថានភាពនៅសមរភូមិ មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលមួយខែកន្លងមកនេះ៕