ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិព្រមានថា ស្ថានភាពនៅក្នុងប្រទេសលីប៊ីកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងក្នុងឆ្នាំកន្លងមក ដោយសារជនស៊ីវិលមានគ្រោះថ្នាក់ច្រើនឡើងៗក្នុងសង្គ្រាម ហើយការរំលោភសិទ្ធិមនុស្សកាន់តែរាលដាលគ្រប់ផ្នែកក្នុងសង្គមលីប៊ី។
មន្ត្រីអង្គការសហប្រជាជាតិនិយាយថា ប្រទេសលីប៊ីជាសង្គមដែលមានភាពវឹកវរទាំងស្រុង។ ពួកគេនិយាយថា មនុស្សគ្រប់គ្នាស្ថិតរងការវាយប្រហារ ដូចជាជនស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត ជនចំណាកស្រុកនិងជនភៀសខ្លួន។ ពួកគេមានការភ្ញាក់ផ្អើលអំពីចំនួនជនស៊ីវិលច្រើនត្រូវបានសម្លាប់ដោយសារជម្លោះប្រដាប់អាវុធនៅលីប៊ី។
កងកម្លាំងរបស់មេដឹកនាំក្រុមឧទ្ទាមឈ្មោះ Khalifa Haftar បានចាប់ផ្តើមវាយលុកកាលពីខែមេសាដើម្បីដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី។ ចាប់តាំងពីពេលនោះមក អ.ស.ប.បានកត់ត្រាថា យ៉ាងហោចណាស់ជនស៊ីវិល២៨៤នាក់បានស្លាប និង៣៦៣នាក់បានរងរបួស។ គ្រោះថ្នាក់ភាគច្រើនបណ្តាលមកពីការវាយប្រហារតាមអាកាស ការប្រយុទ្ធគ្នានៅលើដី ជាតិផ្ទុះ ការចាប់ពង្រត់ និងការសម្លាប់។
អ្នកនាំពាក្យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Rupert Colville មានប្រសាសន៍ថា អ្នកយកព័ត៌មាន បុគ្គលិកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សប្រឈមនឹងអំពើហិង្សាការគំរាមកំហែង និងការយាយី។ លោកនិយាយថា ការធ្វើបាបជនចំណាកស្រុក និងជនភៀសខ្លួនជារឿងគួរឲ្យព្រួយបារម្ភជាពិសេស៕