សភាតួកគីបានអនុញ្ញាតឲ្យពង្រាយកងទ័ពតួកគីនៅប្រទេសលីប៊ីដើម្បីគាំទ្ររដ្ឋាភិបាលដែលគាំទ្រដោយអ.ស.ប.នៅក្នុងចម្បាំងដណ្តើមយករដ្ឋធានីទ្រីប៉ូលី។
លោក Mustafa Sentop ប្រធានសភាតួកគីបាននិយាយថា សភាបានអនុម័តច្បាប់នេះដោយសំឡេង ៣២៥ ទល់នឹង ១៨៤ កាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតការដាក់ពង្រាយកងទ័ពនេះ។
ច្បាប់នេះត្រូវបានអនុម័ត ទោះបីជាគ្មានការគាំទ្រពីក្រុមប្រឆាំងធំៗ ទាំងអស់នៅក្នុងប្រទេសតួកគីក៏ដោយ។ វិធានការនេះផ្តល់អាណត្តិមួយឆ្នាំឱ្យរដ្ឋាភិបាលលោកប្រធានាធិបតី Tayyip Erdogan បញ្ជូនកងទ័ពទៅប្រទេសលីប៊ីដែលជំរុញឱ្យមានក្តីបារម្ភថា កងទ័ពតួកគីអាចបង្កើនជម្លោះនិងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
រដ្ឋាភិបាលក្រុងទ្រីប៉ូលីរបស់លោក Fayez Sarraj នាយករដ្ឋមន្រ្តីលីប៊ីបានព្យាយាមទប់ទល់ការវាយលុកដែលបានចាប់ផ្តើមកាលពីខែមេសាដោយឧត្តមសេនីយ៍ Khalifa Haftar ដែលមានការគាំទ្រពីគូប្រជែងរបស់តួកគីក្នុងតំបន់គឺប្រទេសអេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម។ ការប្រយុទ្ធគ្នានេះអាចបង្កើតភាពវឹកវរនៅក្នុងប្រទេសលីប៊ីដែលជាគូប្រជែងក្នុងជម្លោះឆ្នាំ២០១១ ដែលនាំឱ្យលោក Moammar Gadhafi ដែលជាបុរសខ្លាំងត្រូវបណ្តេញចេញពីតំណែងហើយត្រូវសម្លាប់។
លោក Erdogan បាននិយាយកាលពីខែមុនថា នាយករដ្ឋមន្ត្រីលីប៊ីលោក Sarraj បានសុំឲ្យដាក់ពង្រាយកងទ័ពតួកគី បន្ទាប់ពីមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកតិកាសញ្ញាយោធាដែលអនុញ្ញាតឱ្យប្រទេសតួកគីបញ្ជូនអ្នកជំនាញនិងបុគ្គលិកយោធាទៅប្រទេសអាហ្វ្រិកខាងជើងនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីព្រំដែនសមុទ្ររវាងប្រទេសតួកគីនិងលីប៊ីដែលបានធ្វើឱ្យមានការប្រឆាំងនៅក្នុងតំបន់និងលើសពីនេះ។ ព័ត៌មានលម្អិតអំពីពេលវេលានិងវិសាលភាពនៃការពង្រាយទ័ពនេះមិនទាន់កំណត់ទេ។
ភ្លាមៗបន្ទាប់ពីការអនុម័តសេចក្តីព្រាងច្បាប់នោះ ការិយាល័យរបស់លោក Erdogan បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Erdogan និងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានពិភាក្សាអំពីជម្លោះនៅក្នុងប្រទេសលីប៊ីនិងស៊ីរីនិង«សារៈសំខាន់នៃកិច្ចការទូតក្នុងការដោះស្រាយបញ្ហាក្នុងតំបន់»៕