ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​លើ​ពិភពលោក​យល់ព្រម​មិន​ជ្រៀតជ្រែក​ក្នុង​ប្រទេស​លីប៊ី


រូប​ឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩។
រូប​ឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩។

ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចាំបាច់​ត្រូវ​មាន​អ្នក​ដើរ​តួ​ជា​អ្នក​ត្រួត​ពិនិត្យ​តាមដាន ដើម្បី​ឲ្យ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​លីប៊ី​អាច​ដំណើរ​ទៅ​បាន។

លោក​ថ្លែង​ដូច្នេះ​ទៅ​កាន់​អ្នក​កាសែត​មុន​ពេល​កិច្ច​ប្រជុំ​មួយ​ចូល​មក​ដល់ ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​គ្រោង​នឹង​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី និង​អំពី​កិច្ច​ព្រមព្រៀង​មួយ​ដែល​សម្រេច​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ឲ្យ​មាន​ការ​គោរព​តាម​បម្រាម​ហាម​ឃាត់​អាវុធ និង​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ប្រទេស​លីប៊ី។

លោក Borrell បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មិន​អាច​និយាយ​ថា នេះ​ជា​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា ហើយ​យើង​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ទេ។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នេះ​មាន​សុពលភាព ដោយ​នរណា​ម្នាក់​ត្រូវតែ​តាមដាន​ត្រួត​ពិនិត្យ​លើ​រឿង​នេះ។ អង្គការ​សហប្រជាជាតិ សហភាព​អាហ្វ្រិក សហភាព​អឺរ៉ុប ត្រូវតែ​តាមដាន​ត្រួត​ពិនិត្យ​លើ​រឿង​នេះ»។

មេដឹកនាំ​នៃ​ប្រទេស​ចំនួន ១២ នៅ​លើ​ពិភពលោក រួម​ជាមួយ​នឹង​អ្នក​តំណាង​កំពូល​មក​ពី​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ សហភាព​អាហ្វ្រិក និង​សម្ព័ន្ធ​ភាព​អារ៉ាប់ បាន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​អំពី​ប្រទេស​លីប៊ី នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នៅ​ក្នុង​ប្រទេស​លីប៊ី កង​កម្លាំង​រដ្ឋាភិបាល​ប្រជែង​គ្នា​ពីរ​កំពុង​វាយ​ប្រយុទ្ធ​ដណ្ដើម​អំណាច​គ្នា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ភាគី​ទាំង​អស់​ចាំបាច់​ត្រូវ​ដាក់​សម្ពាធ​លើ​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​លីប៊ី។ ដោយសារតែ​មាន​ប្រទេស​ផ្សេងៗ​គ្នា​គាំទ្រ​ភាគី​ជម្លោះ​ម្ខាងៗ​នៅ​ក្នុង​ប្រទេស​លីប៊ី គេ​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ថា ប្រទេស​លីប៊ី​អាច​មាន​ស្ថានការណ៍​ដូច​ទៅ​នឹង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG