ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា រដ្ឋប្រហារ​«ដែល​មិន​អាច​ទទួល​យក​បាន»​នៅ​មីយ៉ាន់ម៉ា ត្រូវតែ​បរាជ័យ


រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ។
រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ការកៀរគរ​ភាគី​អន្តរជាតិ​សំខាន់ៗ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី «ធ្វើឲ្យ​ប្រាកដ» ថា រដ្ឋប្រហារ​យោធា​របស់​ប្រទេស​នេះ​បរាជ័យ។

លោក​ Guterres​ បាន​ថ្លែង​នៅ​ក្នុង​ការពិភាក្សា​តាម​អនឡាញមួយ​ជាមួយ​កាសែត Washington Post ថា៖ «រដ្ឋប្រហារ​នេះ​ជា​ការមិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត​បន្ទាប់ពី​ការបោះឆ្នោត​មួយ ដែល​ខ្ញុំ​ជឿ​ថា​ជា​ការបោះឆ្នោត​ប្រក្រតី។

បន្ទាប់ពី​រយៈពេល​នៃ​ការផ្ទេរអំណាច​ដ៏​ធំមួយ វា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត​ក្នុង​ការ​ប្រែ​ក្រឡាស់​លទ្ធផល​នៃ​ការបោះឆ្នោត​និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ»។

យោធា​មីយ៉ាន់ម៉ា​ដែល​ហៅ​ថា Tatmadaw បាន​ដណ្តើម​យកអំណាច​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​បាន​ប្រកាស​ស្ថានភាព​អាសន្ន​ក្នុង​ប្រទេសរយៈពេល​មួយ​ឆ្នាំ​ ហើយ​បាន​ឃុំ​ខ្លួនមេដឹកនាំ​លោក​ស្រី​ Aung San Suu Kyi ​លោក​ប្រធានាធិបតី U Win Myint និង​មេដឹកនាំ​ផ្សេង​ទៀត​មួយ​ចំនួន​ផង​ដែរ។

រដ្ឋប្រហារ​នោះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពីមាន​ភាព​តានតឹង​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​រវាង​ពួក​យោធា​និង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជាគណបក្ស​កាន់អំណាច​។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​សម្រាប់​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី។ ក្រុម​យោធា Tatmadaw បាន​បដិសេធ​ពុំ​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​ឡើយ ដោយ​បាន​ចោទប្រកាន់​ថា មាន​ការលួច​បន្លំ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុងការបោះឆ្នោត​នោះ។

កាលពី​ព្រឹក​ថ្ងៃ​ពុធ ពួក​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ចោទ​ប្រកាន់លោក​ស្រី Aung San Suu Kyi ចំពោះ​ការនាំចូល​ទំនិញ​ខុសច្បាប់​និង​ការ​ប្រើ​វិទ្យុ​ទាក់ទង​ចំនួន​ ៦ គ្រឿង​ដោយ​មិន​បាន​ចុះ​បញ្ជី ដែល​បាន​រកឃើញ​ក្នុង​អំឡុង​ពេល​នៃ​ការឆែកឆេរ​នៅ​ផ្ទះ​របស់​លោក​ស្រី​នៅ​រដ្ឋធានី​ណៃពីដោ។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​រំខាន​ដោយសារ​សេចក្តីរាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​ថ្មី​នេះ៕

XS
SM
MD
LG