ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ថា ការ​ដណ្ដើម​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា​គឺជា​រដ្ឋប្រហារ​យោធា


រូបឯកសារ៖ មេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពិធីព្យុហយាត្រាយោធាមួយ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ​ថា ការ​ដណ្តើម​គ្រប់គ្រង​អំណាច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ពួក​យោធា​គឺជា​រដ្ឋប្រហារ។

មន្ត្រី​ក្រសួង​ការបរទេស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «បន្ទាប់ពី​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់​លើ​ការ​ពិត​និង​ស្ថានការណ៍ សហរដ្ឋ​អាមេរិក​បាន​វាយតម្លៃ​ថា អ្នកស្រី Aung San Suu Kyi មេដឹកនាំ​គណបក្ស​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា និង​លោក Win Myint ប្រមុខ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រឹមត្រូវ​តាម​រយៈ​ការ​បោះឆ្នោត ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ»។

ការ​លើកឡើង​ដូច​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស និង​បាន​ឃុំ​ខ្លួន​អ្នក​នយោបាយ​ជាន់​ខ្ពស់​នានា។

មន្ត្រី​ក្រសួង​ការបរទេស​ដែល​មិន​បញ្ជាក់​ឈ្មោះ​នោះ បាន​បន្ត​ថា ការ​វាយតម្លៃ​លើ​រដ្ឋប្រហារ​មួយ «ជំរុញ​ឲ្យ​មាន​ការ​ដាក់​កំហិត​មួយ​ចំនួន​លើ​ជំនួយ​បរទេស​សម្រាប់​រដ្ឋាភិបាល» ហើយ​ថា សហរដ្ឋ​អាមេរិក «នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ដែល​ទទួល​ខុសត្រូវ»។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​កម្មវិធី​ដែល​ជួយ​ដល់​ពលរដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្នុ​ងនោះ​រួម​មាន​ទាំង​ជំនួយ​មនុស្សធម៌​និង​កិច្ច​ផ្តួចផ្តើម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ផងដែរ។

យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា ការ​គ្រប់គ្រង​ប្រទេស​របស់​ពួកគេ ដែល​គ្រោង​នឹង​មាន​រយៈពេល​មួយ​ឆ្នាំ​នេះ គឺ​ចាំបាច់​ដោយសារតែ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ឆ្លើយតប​តាម​ការ​អះអាង​របស់​ខ្លួន​ដែល​ថា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន មាន​ការ​លួច​បន្លំ៕

XS
SM
MD
LG