ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​មីយ៉ាន់ម៉ា​រាប់​ពាន់​នាក់​នៅ​ជប៉ុន​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា


ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសជប៉ុនចេញតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នៅមុខក្រសួងការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសជប៉ុនចេញតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នៅមុខក្រសួងការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

បាតុករ​មីយ៉ាន់ម៉ា​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ក្រសួង​ការបរទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ នៅ​ក្នុង​ការ​ប្រកាន់​យក​គោល​ជំហរ​តឹងតែង​ជាង​មុន​ ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​បាតុករ​បាន​ស្រែក​ក្នុង​សំឡេង​តែ​មួយ​ថា៖ «ដោះលែង​អ្នកស្រី Aung San Suu Kyi។ ដោះលែង​ប្រទេស​មីយ៉ាន់ម៉ា»។

ខណៈ​នោះ​ដែរ តំណាង​របស់​ពួកគេ​បាន​ប្រគល់​សេចក្តី​ថ្លែងការណ៍​មួយ​ដល់​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ដែល​សេចក្ដី​ថ្លែងការណ៍​នោះ​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន​ប្រើ «អំណាច​នយោបាយ អំណាច​ការទូត និង​អំណាច​សេដ្ឋកិច្ច» ទាំងអស់​របស់​ខ្លួន ដើម្បី​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ប្រទេស​ជប៉ុន​និង​មីយ៉ាន់ម៉ា​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ដោយ​រដ្ឋាភិបាល​ក្រុង​តូក្យូ​គឺជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ។ ក្រុមហ៊ុន​ជប៉ុន​ធំៗ​បាន​ពង្រីក​អាជីវកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​មើលឃើញ​ប្រទេស​នេះ​ថា​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

សហជីព​សមាគម​ពលរដ្ឋ​មីយ៉ាន់ម៉ា ដែល​ជា​អ្នក​រៀបចំ​ការ​ជួបជុំ​តវ៉ា​នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន​កុំ​ទទួល​ស្គាល់​របប​យោធា​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អ្នក​រៀបចំ​ការ​តវ៉ា​នេះ​បាន​បញ្ជាក់​ថា មនុស្ស​ជិត ៣.០០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ៕

XS
SM
MD
LG