ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ UN ថា៖ ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ជា​សាកល​ពី​ជំងឺ​កូវីដ១៩ នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុងញូវយ៉ក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ​លោកAntonio Guterres បាន​ឲ្យដឹង​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ថា ការបំផ្លិចបំផ្លាញ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ១៩ នៅទូទាំង​សកលលោក នឹង​មិនអាច​ប្រសើរ​ឡើងវិញ​តាមរយៈ​វ៉ាក់សំាង​មួយមុខ​នោះទេ ហើយ​ការរើប​ឡើងវិញ​ពេញលេញ អាច​ចំណាយ​ពេល​រាប់ឆ្នាំ ឬរាប់​ទសវត្ស​ក៏ថាបាន។

លោក​ Antonio Guterres បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ជាន់​ខ្ពស់​ពិសេស​មួយ​របស់​មហាសន្និបាត​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ការ​ឆ្លើយតប​ជា​សាកល​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​លើ​ជំងឺ​កូវីដ១៩​ ថា៖​ «ផល​ប៉ះពាល់​មក​លើ​សង្គម និង​សេដ្ឋកិច្ចដោយសារការ​រាតត្បាត​នេះ​ គឺ​ធំធេង​ណាស់ ហើយ​ទំហំ​នេះ​ កំពុង​រីក​ធំ​ទៅៗ»។​

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​៣២​លាន​នាក់ ​អាច​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​អង្គការ​នេះ ​កំពុង​ព្យាយាមដោះ​ស្រាយ​បញ្ហា តាម​រយៈការ​ពង្រីក​ជំនួយ​មនុស្សធម៌​ទៅ​កាន់​មនុស្ស​រាប់​លាន​នាក់។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ក៏​កំពុង​អំពាវនាវ​រក​កញ្ចប់​ថវិកា​ជំនួយដែល​មាន​ចំនួន​យ៉ាង​ហោច​ណាស់​ ១០% នៃ​ចំនួន​ផលិតផលក្នុង​ស្រុក​សរុប​ GDP របស់​ពិភពលោក និង​សម្រាប់​កាត់​បន្ថយ​បំណុល​របស់​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​វា។

ប្រមុខ​រដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ជិត ៨០ នាក់ ចូល​រួម​ថ្លែងក្នុង​មហាសន្មិបាត​រយ:ពេល​ពីរ​ថ្ងៃ​នេះ​តាម​រយៈការ​ផ្ញើ​ជា​វីដេអូ ដែល​ក្នុង​នោះ​ រួម​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​អ្នក​វិទ្យាសាស្ត្រ អ្នកជំនាញ និង​មេដឹកនាំរបស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​រូប រួម​ទាំង​ប្រធានអង្គការ​សុខភាព​ពិភពលោក​ផងដែរ។​

បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ John Hopkins University មក​ដល់ពេល​នេះ​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ នៅទូទាំង​ពិភពលោក​កើន​ឡើង​ដល់​ប្រមាណ​ ១,៥ លាន​នាក់ ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ ៦៤,៦ ​លាន​ករណី។

ការ​ចែកចាយ​វ៉ាក់សំាង​ដែល​ទទួល​បាន​ការ​យល់​ព្រម​ឲ្យ​ប្រើប្រាស់​ដំបូងរំពឹង​ថា ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ក្នុង​ខែធ្នូ​នេះ។​ លោក​ Guterres បាន​អំពាវ​នាវ​ម្ដង​ហើយ​ម្ដង​ទៀតឲ្យ​មាន​ការ​ទទួល​បាន​វ៉ាក់សំាង​ស្មើ​ភាព​គ្នា​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ទូទំាង​ពិភពលោក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG