មេដឹកនាំពិភពលោកនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នានាជាង១០០នាក់ នឹងជួបប្រជុំតាមប្រព័ន្ធអនឡាញនៅក្នុងសម័យប្រជុំពេញអង្គពិសេសរបស់អ.ស.ប. នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធីឆ្លើយតបជាសាកលប្រឆាំងនឹងជំងឺកូវីដ១៩ និងការបង្កើតយុទ្ធសាស្ត្រសម្រាប់ការស្តារឡើងវិញ។
លោក Brendan Varma អ្នកនាំពាក្យរបស់ប្រធានសម័យប្រជុំពេញអង្គរបស់អ.ស.ប. បានលើកឡើងថា សម័យប្រជុំពិសេសនេះ មានគោលបំណងបង្កើតនូវយុទ្ធសាស្ត្រពហុភាគីក្នុងចំណោមប្រទេសនានា ភាគីអ.ស.ប. វិស័យឯកជននិងក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីរកវិធីដាក់ចេញនូវយុទ្ធសាស្រ្តស្តារឡើងវិញ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃសុក្រ ដែលជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនោះ នឹងមានរួមផងដែរ នូវវេទិកានៃកិច្ចពិភាក្សាចំនួន៣តាមប្រព័ន្ធអនឡាញ គឺការពិភាក្សាពីការឆ្លើយតបជាសាកលចំពោះជំងឺរាតត្បាត ការវិវត្តន៍ទៅមុខនាពេលបច្ចុប្បន្នជុំវិញវ៉ាក់សាំងការពារវីរុសកូរ៉ូណា និងការស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្សព្វផ្សាយនូវរបាយការណ៍សិក្សាមួយ ដោយប៉ាន់ប្រមាណថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ អាចបណ្តាលឲ្យមនុស្សប្រមាណ២០៧លាននាក់នៅជុំវិញពិភពលោក ធ្លាក់ក្នុងស្ថានភាពក្រីក្រធ្ងន់ធ្ងរ ដោយធ្វើឲ្យចំនួនសរុបនៃជនក្រីក្រកើនជាង១ពាន់ លាននាក់ ត្រឹមឆ្នាំ២០៣០។ នៅក្នុងរបាយការណ៍ផ្សេងមួយទៀត ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយកិច្ចប្រជុំរបស់អ.ស.ប. ស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍បានឲ្យដឹងថា ប្រទេសដែលមានការអភិវឌ្ឍតិចប្រមាណជិត៥០ប្រទេសនិងជួបប្រទះស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ និងធ្វើឲ្យមនុស្សចំនួនប្រមាណ៣២លាននាក់ ធ្លាក់ក្នុងភាពក្រីក្រ គ្រាន់តែក្នុងឆ្នាំនេះតែមួយប៉ុណ្ណោះ៕