ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការ​អ.ស.ប.​​ស្នើ​ឲ្យមាន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ឥត​លម្អៀង​អំពី​ឃាត​កម្ម​លោក​កែម ឡី​​


រូបថត​ឯកសារ៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។
រូបថត​ឯកសារ៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

សហរដ្ឋ​អាមេរិក​​ បណ្តា​ប្រទេស​មួយ​ចំនួន ​ក៏​ដូចជា​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ តម្លាភាព​ និង​ឥត​លម្អៀង។​

បន្ថែម​ពី​លើ​ការ​ថ្កោលទោស​របស់​ក្រុម​មន្ត្រី​ជំនាញ​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ លោក​អគ្គលេខាធិការ​អ.ស.ប. ​បាន គីមូន (Ban Ki-moon) ​បាន​សម្តែង​ក្តី​សោកសៅ​ចំពោះ​ ការ​ស្លាប់​របស់​លោក​បណ្ឌិត​កែម ឡី ​អ្នក​វិភាគ​និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម​ដ៏​ ល្បីល្បាញ។ ​នេះ​ជា​ការ​អះអាង​របស់​លោក ​Stephane ​Dujarric ​អ្នក​នាំពាក្យ​ របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ ​ប៉ុន្មាន​ម៉ោង​មុន​នេះ​នៅ​ក្នុង​ក្រុង​ញូវយ៉ក។​

លោក ​Stephane​ Dujarric​ បាន​មាន​ប្រសាសន៍​តាម​ខ្លឹមសារ​ដើម​កាលពី​ថ្ងៃ​ពុធ​ថា៖

«តាម​ពិត​ទៅ ​ខ្ញុំគិត​ថា​ លោក​អគ្គ​លេខាធិការ​មាន​ភាព​សោក​សៅ​យ៉ាង​ខ្លាំង​នៅ​ ពេល​ទទួល​បាន​ដំណឹង​ពី​ការ​ស្លាប់​របស់​លោក ​កែម ឡី។ ​យើង​សង្ឃឹម​ថា ​ក្រុម​ អាជ្ញាធរ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ពេញលេញ​ និង​មិន​លម្អៀង​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នោះ»។​

អត្ថាធិប្បាយ​របស់​អ្នក​នាំពាក្យ​អ.ស.ប.​នេះបាន​កើត​ឡើង​ស្រប​ពេល​ដែល​បុណ្យ​សព​របស់​លោក ​កែម ឡី​ កំពុង​បន្ត​ធ្វើ​ ហើយ​នឹង​ក្រោយ​ពេល​ដែល​ក្រុម​គណបក្ស ជំទាស់​បាន​ស្នើ​សុំ​កាល​ពី​ម្សិលមិញ​ឲ្យ​អ.ស.ប.​ចូលរួម​ស៊ើប​អង្កេតសំណុំ​រឿង​បាញ់​សម្លាប់​លោក​កែម ឡី​នេះ​ ​ដើម្បី​បញ្ចប់​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ ​មក​រវាង​អ្នក​នយោបាយ ​ហើយក៏​ដើម្បី​បញ្ចប់​អំពើ​ឃាតកម្ម​លើ​សកម្ម​ជន​សំខាន់ៗ​ និង​ពលរដ្ឋ ​ហើយ​នឹង​អ្នក​តស៊ូ​មតិ​ដែល​ហ៊ាន​និយាយ​ការណ៍​ពិត​អំពី​រឿង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បានអះអាងថា៖​

«ដូច្នេះ​ហើយ​បាន​ជា​ថា ​ក្នុង​ករណី​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​មក​លើ​លោក​បណ្ឌិត​កែម ឡី​នេះ ​គឺ​យើង​សុំឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចូលរួម​ជា​លក្ខណៈ​អន្តរជាតិ​ ជាពិសេស​អ.ស.ប. ឲ្យ​មាន​ការ​ចូលរួម ​ដើម្បី​បញ្ចប់​អំពើ​មនុស្ស​ឃាដ​ដ៏​សាហាវ​យង់ឃ្នង​នៅ​ប្រទេស​កម្ពុជា​ ហើយ​ក៏​ដើម្បី​បញ្ចប់​ថា​ តើ​វា​ពាក់ព័ន្ធ​ ឬ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ»។​

តែ​អ្នក​នាំពាក្យ​អ.ស.ប.​ដដែល​បាន​អះអាង​ថា​ អ.ស.ប.​មិន​ទាន់​បាន​ឃើញ​សំណើ​នៅឡើយ​ទេ។​

អ្នក​នាំពាក្យ​ដដែល​បាន​បន្ថែម​សេចក្តី​ថា លោក​អគ្គ​លេខាធិការ​នៅតែ​មាន​សេចក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ក្នុង​នោះ​រួមមាន​របាយ​ការណ៍​ផ្សេងៗ​អំពី​ការ​គំរាម​កំហែង​ ការ​បៀតបៀន ​និង​ការ​ចាប់​ខ្លួន​ពាសពេញប្រទេស​ ដូចជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​ផ្សព្វផ្សាយ​ សមាជិក​គណបក្ស​ប្រឆាំង​ និង​គណៈ​កម្មការជាតិរៀបចំ​ការ​បោះឆ្នោត។ ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​ពេញលេញ​ចំពោះសិទ្ធិ​មនុស្ស ​ដែល​រួមមាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ យោបល់​ ​និង​ការ​ប្រមូល​ផ្តុំ។ ​ការ​ថ្លែង​ដូច្នេះ​របស់​លោក​អគ្គលេខា​អ.ស.ប.​ត្រូវ​គេ ​គិត​ថា​ សំដៅ​ទៅលើ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​ការ​ចោទ​ប្រកាន់ក្រុម​ជំទាស់ ​ដែល​ កំពុង​ជាប់​ឃុំឃាំង​ដោយសារ​អ្វីមួយ​ដែល​ក្រុម​ជំទាស់​អះអាង​ជា​ឯកតោ​ភាគី​ថា​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​សំឡេង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ រួមទាំង​អ្នក​វិភាគ​សង្គម​ដូច​ជា​លោក​ កែម ឡី​ ជាដើម។‍

ជាមួយ​គ្នា​នឹង​ភាព​លោក​សៅ​នេះ​ដែរ​ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ សហ​ប្រជាជាតិ ​បាន​ប្រកាស​ថ្កោល​ទោស​ ហើយ​បានបញ្ជាក់​ពី​ក្តី​បារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​សេរីភាព​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ និង​ជាអ្នក​ស្រាវ​ជ្រាវ​សង្គម​កម្ពុជា​គឺ​លោក​កែម ឡី​ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​

នេះបើ​តាម​សេចក្តី​ថ្លែង​ការណ៍​ពិសេស​មួយ​ដែល​ចេញ​ផ្សាយ​ កាលពី​យប់​ថ្ងៃពុធ​កន្លង​ទៅពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។​

ក្រុម​មន្ត្រី​អ.ស.ប.៥​រូប​ រួមមាន​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថាន​ការណ៍​នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​លោក ​Michel Forst ​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​លោកស្រី ​Rhona Smith​ អ្នក​រាយ​ការណ៍​ពិសេស​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​គឺ​លោក ​David Kaye​ អ្នក​រាយ​ការណ៍​ពិសេស​លើ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​គឺ​លោក​ Maina Kiai និង​អ្នក​រាយ​ការណ៍​ ពិសេស​នៃ​អង្គភាព​នីតិ​វិធី​ពិសេស​លើ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​គឺ​លោក ​Christof Heyns។​

ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា៖​

«យើង​មាន​ក្តី​រន្ធត់​យ៉ាង​ខ្លាំង​នៅពេល​ទទួល​ដំណឹង​ពី​ការ​ស្លាប់​របស់​លោក​កែម ឡី។ ​យើង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ដោយ​ពេញ​លេញ​ និង​មិន​លម្អៀង​សម្រាប់​ឧក្រិដ្ឋ​កម្ម​នោះ ​ដើម្បី​ធានា​ថា ​គ្មាន​ជន​ដៃដល់​ណា​ម្នាក់​ គេច​ផុតពី​ការ​ផ្តន្ទាទោស​ឡើយ។​ ការ​ស៊ើប​អង្កេត​នេះ​ទៀតសោត​គួរតែ​ត្រូវ​បាន​ធ្វើ​ ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ​មួយ ​ដែល​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល»។​

លោក ​កែម ឡី ​អ្នកវិភាគ​និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម​ដ៏​ល្បីល្បាញ​ដែល​ធ្លាប់តែ​ និយាយ​វិភាគ​នយោបាយ ​និង​រិះគន់​រដ្ឋាភិបាលតាម​បណ្តាញ​សារ​ព័ត៌មាន​នានា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើងបាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ និង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​ អន្តរជាតិ​ ជាពិសេស ​ស.រ.អា.​ផង​ដែរ។ ​ស.រ.អា.​ បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​ដូចជា​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ តម្លាភាព​ និង​ឥត​លម្អៀង។​

ជន​សង្ស័យ​ឈ្មោះ ​ជួប សម្លាប់ ​អាយុ​៣៨​ឆ្នាំ ​ហើយ​ដែល​ត្រូវ​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ប្រាប់​ VOA ​ថា​ ឈ្មោះ​អឿត អាង ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​ នោះ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ ​ហើយ​ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃពុធ​ពី​បទ​ «ឃាតកម្ម​គិតទុក​ជាមុន​និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។​

លោក ​កែម ឡី ​គឺ​អ្នកវិភាគ​ និងជា​អ្នក​ស្រាវជ្រាវ​សង្គម​ដ៏ល្បីល្បាញ​ ដែល​ធ្លាប់​តែ និយាយ​តាម​បណ្តាញ​សារព័ត៌មាន​នានាធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​របស់លោក។​ ហើយចុងក្រោយ​នេះ​លោក​វិភាគ​អំពីរបាយ​ការណ៍របស់​អង្គការ​ Global ​Witness ដែល​បាន​ចោទ​ប្រកាន់​ថា​ ​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មាន​ការ​គ្រប់គ្រង​សេដ្ឋ​កិច្ច​ក្រុមហ៊ុន​ជាង​១០០​ ​ហើយ​ដែល​ជា​ការ​ធានា​អំណាច​ដ៏​យូរឆ្នាំ។ ​ម្តងម្កាល​ដែរ​លោក​កែម ឡី​ក៏​បាន​រិះគន់​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​ផង​ដែរ​ មុន​ពេល​លោក​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង ​Star Mart របស់​ស្ថានីយ​ចាក់​សាំងមួយ​ ស្ថិត​នៅ​ក្បែរ​ស្តុប​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG