ការស៊ើបអង្កេតមួយដោយអង្គការ Global Witness ដែលមានទីតាំងនៅទីក្រុងឡុងដ៏ បានរកឃើញបណ្តាញដ៏ស្មុគស្មាញមួយនៃបណ្តាក្រុមហ៊ុននៅកម្ពុជា ដែលបានដាក់បង្ហាញទឹកប្រាក់ប្រហែល២០០លានដុល្លារ ហើយដែលសុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំផ្តាច់ការនៅក្នុងប្រទេស។
របាយការណ៍ដែលមានចំណងជើងថា «Hostile Takeover» បានសរសេរថា «ការរកឃើញនេះប្រហែលជា គ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ»។
របាយការណ៍នោះមិនបានរួមបញ្ចូលអចលនទ្រព្យរបស់ក្រុមគ្រួសារនេះ ដែលមានច្រើនសន្ធឹកសន្ធាប់នោះទេ ប៉ុន្តែរបាយការណ៍នោះបានដកស្រង់សម្តីរបស់អ្នកជំនាញការនានាដែលថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនេះអាចមានតម្លៃពី ៥០០លានដុល្លារ ទៅ១ពាន់លានដុល្លារ។
នេះគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើក្រឡេកមើលទៅលើការទទូចរបស់លោក ហ៊ុន សែន ដែលថា លោករកចំណូលបានត្រឹមតែប្រមាណ១៣៨០០ដុល្លារតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ក្នុងនាមលោកជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ។
ប្រជាជនកម្ពុជាប្រហែល៤០ភាគរយរស់នៅក្បែរឬស្ថិតក្នុងស្ថានភាពក្រីក្រ កុមារ៤០ភាគរយកង្វះអាហារូបត្ថម្ភ ហើយការបែងចែករវាងអ្នកមាននិងអ្នកក្រ កំពុងតែលេចឡើងជាបញ្ហាសង្គមដ៏ធំមួយ។
របាយការណ៍នោះបង្ហាញពីខ្សែបណ្តាញដ៏ធំសម្បើមមួយនៃការធ្វើជំនួញដោយសម្ងាត់និងអំពើពុករលួយ ដែលចង្អុលបង្ហាញពីការដឹកនាំបែបផ្តាច់ការដោយសម្លាប់ ធ្វើទារុណកម្ម និងចាប់អ្នកដែលប្រឆាំងនយោបាយដាក់ពន្ធនាគារ។
របាយការណ៍នោះក៏បានរកឃើញថា ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនចំនួន ១១៤ នៅក្នុងស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលមានចាប់ពី វិស័យជីករ៉ែ វិស័យកសិកម្ម អគ្គិសនី រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ វិស័យកាត់ដេរ ព្រៃឈើ និងវិស័យដឹកជញ្ជូនជាដើម។
ក្នុងចំណោមក្រុមហ៊ុនទាំង ១១៤ ក្រុមហ៊ុនចំនួន១០៣ មានសមាជិកគ្រួសារម្នាក់របស់លោក ហ៊ុន សែន ជាប្រធាន ខណៈដែលក្រុមហ៊ុនចំនួន៤៤ មានភាគហ៊ុនសំខាន់របស់សមាជិកគ្រួសារលោក ជាមួយនឹងភាគហ៊ុនយ៉ាងហោចណាស់ ៥ភាគរយ ហើយក្រុមហ៊ុនចំនួន ៣៣ មានដាក់ឈ្មោះរបស់សមាជិកគ្រួសារម្នាក់របស់លោក ជាម្ចាស់ផ្តាច់មុខតែម្តង។
របាយការណ៍នោះបានឲ្យដឹងទៀតថា ក្រុមហ៊ុនទាំងនោះ មានជាប់ពាក់ព័ន្ធជាមួយនឹងសាខាក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Visa ក្រុមហ៊ុន Procter & Gamble ក្រុមហ៊ុន Tommy Hilfiger និងក្រុមហ៊ុន Polo Ralph Lauren ជាដើម ហើយទិន្នន័យជាច្រើនដែលទទួលបានលើប្រព័ន្ធអ៊ីនធឺណែតគឺបានពីបញ្ជីរាយនាមក្រុមហ៊ុនរបស់រដ្ឋាភិបាលតែម្តង។ ក៏ប៉ុន្តែ ឥឡូវនេះ ការទៅចូលមើលព័ត៌មានទាំងនោះត្រូវបានដាក់កម្រិត៕