ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួងការបរទេស​អាមេរិក​ប្រតិកម្ម​ចំពោះ​ការ​បាញ់​សម្លាប់​លោក​កែម ឡី

  • សុខ ខេមរា
  • នៅ វណ្ណារិន

លោក​ ​JOHN KIRBY​ អ្នក​នាំ​ពាក្យក្រសួងការបរទេស​អាមេរិក​ បាន​ចូល​រួម​រំលែក​​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​និង​ស្មោះ​ស្ម័គ្រដល់​ក្រុម​គ្រួសារ​ ​មិត្ត​ភក្តិ និងសហការី​ របស់​លោក​បណ្ឌិត​កែម ឡី។

ក្រសួង​ការបរទេស​អាមេរិក​បាន​នាំមុខ​គេ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ ​ចំពោះ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​លោក​បណ្ឌិត​ ​កែម​ ឡី​ ​ដោយ​ហៅ​ករណី​បាញ់​ប្រហារ​នេះ​គឺ​ ​ជា​រឿង​ដ៏​បារម្ភ​ ​ហើយ​សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​

​«យើង​មាន​ការ​រន្ធត់​និង​បារម្ភ​យ៉ាង​ខ្លាំងចំពោះព័ត៌មាន​ស្តីពី​ការ​បាញ់​សម្លាប់​ដ៏រន្ធត់​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ​លោក​បណ្ឌិត​ ​កែម ឡី»​។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ ​JOHN KIRBY​ អ្នក​នាំ​ពាក្យ​ ​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​ថ្ងៃ អាទិត្យ​ ​កន្លង​ទៅ​នេះ​ ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​ដ៏​រន្ធត់​ក្នុង​ក្រុង​ភ្នំពេញ។​

សពរបស់​លោក​កែម ឡី​ត្រូវ​បានបញ្ជូន​ទៅកាន់​វត្តក្តីចាស់ ដើម្បី​ធ្វើ​ពិធី​បុណ្យ​តាមបែបព្រះពុទ្ធសាសនា។
សពរបស់​លោក​កែម ឡី​ត្រូវ​បានបញ្ជូន​ទៅកាន់​វត្តក្តីចាស់ ដើម្បី​ធ្វើ​ពិធី​បុណ្យ​តាមបែបព្រះពុទ្ធសាសនា។

លោក​ ​កែម ឡី​ ​អ្នកវិភាគ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​សង្គម​ដ៏​ល្បី​ល្បាញ​ ​ដែល​ធ្លាប់​តែ​និយាយ​តាម​សារព័ត៌មាន​នា​នា​ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​លោក​ កែម ឡី​ ​ត្រូវ​បាន​ជន​សង្ស័យ​បាញ់​ជា​ច្រើន​គ្រាប់​ ​និង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ។​ ​សព​របស់​លោក​ ​ត្រូវ​បានមនុស្ស​រាប់​ពាន់​នាក់​ ​ចូល​រួម​ដង្ហែ​ ​ទៅ​តម្កល់​នៅ​វត្ត​ក្ដី​ចាស់​ ​ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ​ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា។​

​លោក​ ​JOHN KIRBY​អ្នក​នាំ​ពាក្យ​ ​ក៏បាន​ចូល​រួម​រំលែក​ ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​និង​ស្មោះ​ស្ម័គ្រ ដល់​ក្រុម​គ្រួសារ​ ​មិត្ត​ភក្តិ និងសហការី​ ​របស់​លោក​ បណ្ឌិត​ ​កែម ឡី ​ផងដែរ ​ក្រៅ​ពីការកត់​សម្គាល់​ចំពោះ​ការ​បេ្តជ្ញា​នៃ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញា​ធរ​កម្ពុជា​។​

«យើង​កំពុង​តាម​ដាន​យ៉ា​ងយកចិត្តទុដាក់នៅក្នុ​ង​ករណីនេះ ​និង​បាន​កត់​សម្គាល់​ផង​ដែរពី​ការ​អំពាវ​នាវរ​បស់​រាជរដ្ឋាភិបាលក​ម្ពុជាអោ​យមានការស៊ើប​អង្កេត​ និង​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ដោយ​ម៉ត់ចត់​ ​និង​មិន​លំ​អៀង​ ​»។

លោក​ ​កែម ឡី​ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នកវិភាគ​កិច្ច​ការសង្គម​និង​នយោបាយ​ឯករាជ្យ​ ​ដែល​រិះគន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ ​ជាពិសេស​នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ ​រហូត​ទាល់​បច្ចុប្បន្ន​និង​ការរិះគន់​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​លោក​ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់​ក្រុម​ហ៊ុន​និង​សេដ្ឋកិច្ច​ប្រទេស​ដែល​មាន​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ ​ដូច​ដែល​មាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​អង្គការ​ Global Witness​ កាល​ពី​ថ្ងៃទី៧​ខែ​កក្កដា​ឆ្នាំ​២០១៦ ៕

XS
SM
MD
LG