ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​​ភ្នំពេញ​​ចោទ​ជន​សង្ស័យ​សម្លាប់​លោក​កែម ឡី​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​​


ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ដោយ​ប្រើ​​កាំភ្លើង​​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ដោយ​ប្រើ​​កាំភ្លើង​​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​ចោទ​ជា​ផ្លូវការ​លើ​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​អ្នក​វិភាគ​គឺលោក​កែម ឡី​នោះ​ ​មាន​ការ​រាយ​ការណ៍​ព័ត៌មាន​ខុសៗ​គ្នាអំ​ពី​អត្ត​សញ្ញាណ​ និង​សាវតា​​របស់​ជនរូប​នេះ។

តុលាការ​ក្រុង​ភ្នំពេញ នាថ្ងៃ​ពុធ​នេះ​បាន​សម្រេចចោទ​ជន​សង្ស័យ​មួយ​រូប​ ​ដែល​បាន​បាញ់​សម្លាប់​លោកកែម ឡី​ អ្នកវិភាគ​ និង​ស្រាវជ្រាវ​សង្គម​។ ការ​ចោទប្រកាន់​នេះ​មាន​ពីរ​បទ​គឺ​ ​«ឃាត​កម្ម​គិត​ទុក​ជា​មុន​និង​បទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកលី សុផាន់ណា​ អ្នក​នាំ​ពាក្យ​នៃ​តុលាការ​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​តុលាការ​ក៏​បាន​ចោទ​ជន​មួយ​រូប​ផ្សេង​ទៀត​ពីបទ​លក់​អាវុធ​ដោយគ្មាន​ច្បាប់​អនុញ្ញាត ​ឲ្យ​ទៅ​ជន​ជាប់​ចោទ​ដែល​អះអាង​ថា ​ខ្លួន​ឈ្មោះ​ជួប សម្លាប់​ អាយុ៣៨ឆ្នាំ។ ​ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ភិនភាគ​របស់​ជន​ដែល​ផ្តល់​អាវុធដល់​ឃាតករឈ្មោះ​ជួប សម្លាប់នោះទេ។

លោកនាយឧត្តមសេនីយ៍​ជួន សុវណ្ណ​ ក្នុង​សំលៀកបំពាក់​ខ្មៅ​ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អំពី​ការ​បាញ់​សម្លាប់​លោក​កែម ឡី។ លោក​ព្រះរាជ​អាជ្ញា​រង លី សុផាន់ណា ឈរ​នៅ​ក្បែរ​លោក​នាយឧត្តមសេនីយ៍​ជួន សុវណ្ណ។ (ហ៊ុល រស្មី/VOA)
លោកនាយឧត្តមសេនីយ៍​ជួន សុវណ្ណ​ ក្នុង​សំលៀកបំពាក់​ខ្មៅ​ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អំពី​ការ​បាញ់​សម្លាប់​លោក​កែម ឡី។ លោក​ព្រះរាជ​អាជ្ញា​រង លី សុផាន់ណា ឈរ​នៅ​ក្បែរ​លោក​នាយឧត្តមសេនីយ៍​ជួន សុវណ្ណ។ (ហ៊ុល រស្មី/VOA)

​ក្នុង​សារ​អេឡិចត្រូនិច​មក​កាន់​ក្រុម​អ្នក​សារព័ត៌​មាន​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​លោកលី សុផាន់ណាបាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ក្រោយ​ពី​ការ​សួរ​ចម្លើយ ​ការ​ពិនិត្យ​ឯកសារ ​និង​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​ឃាត​កម្ម​ទៅ​លើ​លោក​បណ្ឌិតកែម​ ឡី​ ​តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​ល្មើស​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​២០០និង​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ ​និង​ចោទ​ប្រកាន់​លើ​បុគ្គល​ដែល​បាន​លក់​អាវុធ​ឲ្យជន​ល្មើស​ពី​បទលក់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​យោង​តាម​មាត្រា២០នៃ​ច្បាប់​ស្តីពីការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ​និង​គ្រាប់​រំសេវ​។​ ​សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​កា​របន្ត​តាមនីតិវិធី»។​

យោង​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ​អំពើឃាតកម្មគិតទុក​ជា​មុន​គឺត្រូវផ្តន្ទា​ទោស​ដាក់​ពន្ធនាគា​រ​អស់​មួយ​ជីវិត​ ​រីឯ​មាត្រា៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា​ ជន​ល្មើសកាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ត្រូវ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារពី​៦ខែ​ទៅ៣ឆ្នាំ​ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​មួយលានរៀលទៅ​ប្រាំមួយ​លានរៀល។

​យ៉ាង​ណា​ក៏​ដោយ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់អាជ្ញាធរ​កម្ពុជា​ លោក​នាយ​ឧត្តមសេនីយ៍ខៀវ សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ប្រាប់ VOA ​ថា ​មន្ត្រី​នគរ​បាលបាន​ប្រមូល​ភស្តុតាង​ក្នុង​កន្លែង​កើត​ហេតុ​ រួម​ទាំង​កា​មេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​កាហ្វេ​នោះ​ផង​ដែរ។

មុន​ពេលសុំ​បង្វែរ​សំណួរ​ទៅ​កាន់​អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ខៀវ សុភ័គបាន​បញ្ជាក់​ថា៖​

«កាល​ដែល​យើង​នៅ​ក្រសួង​មហាផ្ទៃ ​ហ្នឹង​យើង​គ្រាន់​តែ​បាន​ប្រមូល​ ពិនិត្យ​កន្លែង​កើត​ហេតុ​ ប្រមូល​និង​ចាប់​បាន​ជន​ដៃ​ដល់​ ​យក​បាន​កាមេរ៉ា​សុវត្ថិភាព​ ​ព្រម​ទាំង​បាន​សាកសួរ​នាំ​ព័ត៌មាន​មួយ​ចំនួន​ ​យក​បាន​សាវតា​ជាតិរបស់វា​ពិត​ប្រាកដ​ហើយ។​ ​ហើយ​ក្នុង​រយៈ​ពេល​ដែល​យើង​នៅ​ហ្នឹង​គឺ​រយៈពេល​២៤​ម៉ោង។​ ​ថ្ងៃ​ច័ន្ទ ​ចង់និយាយ​ថា ​ថ្ងៃ​ច័ន្ទ​ ​យើង​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​។​ ​អញ្ចឹងសំណុំ​រឿងគឺ​បញ្ជូន​ទៅហ្នឹង។ ​អញ្ចឹង​ថា អូន​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​នៃ​សាលា​ដំបូង»។​

លោកលី សុផាន់ណា​ អ្នក​នាំ​ពាក្យតុលាការ​ក្រុង​ភ្នំពេញ​ ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មក​ដល់​ថ្ងៃ​ពុធ​នេះ​ថា​ ​តុលាការ​បាន​ចាត់​ការ​សំណុំ​រឿង​នេះ​ ​តាម​សាវតា​និង​ភស្តុតាងដែល​មាន ហើយ​ជន​ជាប់​ចោទ​បាន​បញ្ជាក់​អះ​អាង​ថា​ខ្លួនឈ្មោះ​ជួប សម្លាប់​ ​អាយុ​៣៨ឆ្នាំ។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក​កែម ឡី​ ​អ្នកវិភាគ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​សង្គម​ដ៏​ល្បី​ល្បាញ​ ​ដែល​ធ្លាប់​តែ​និយាយវិភាគ​នយោបាយ​តាម​បណ្តាញ​សារ​ព័ត៌មាន​នានា​ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​លោក​ កែម ឡី​ជា​ច្រើន​គ្រាប់​ ​និង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​នោះ​ គឺ​មាន​ឈ្មោះ​ជួប សម្លាប់​ ហើយ​ជន​រូបនេះ​អះអាង​ថា ​ខ្លួន​សម្លាប់​លោក​កែម ឡី​ដោយ​សារ​តែរឿង​លុយ​ជំពាក់​ចំនួន​៣ពាន់​ដុល្លារ។

ក៏​ប៉ុន្តែ​អត្ត​សញ្ញាណ​របស់​ជន​ល្មើស​រូប​នេះ​និង​មូលហេតុនៃ​ការ​សម្លាប់លោក​កែម ឡី​នៅតែ​ជា​ក្តី​មន្ទិល​របស់​ក្រុមគ្រួសារ​និង​អ្នក​គាំ​ទ្រ​លោក​កែម ឡី។​ ​ព័ត៌​មាន​និង​ ​អត្ត​សញ្ញាណ​របស់​ជន​ល្មើស​រូប​នេះ​ត្រូវ​បានគេ​រាយការណ៍​ខុសៗ​គ្នា​ពី​សមត្ថកិច្ច។

​សារ​ព័ត៌មាន​ក្នុង​ស្រុក​នានា​ ​ដែល​ចេញ​ផ្សាយ​នាថ្ងៃ​អង្គារនេះបាន​ឲ្យ​ដឹង​ថា​ ​ជន​ជាប់​ចោទ​មាន​ឈ្មោះ​អឿត អាង​ ​អាយុ​៤៤​ឆ្នាំ​ ​មាន​ទី​លំនៅ ឃុំ​នគរ​ភៀស​ ​ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប​ ​ដែល​ធ្លាប់​ធ្វើជា​មន្ត្រី​យោធា​ អ្នក​ការពារ​បរិស្ថាន​ និង​សង្ឃ​ផង​ដែរ​។ ហើយ​ជន​រូប​នេះ​ត្រូវបាន​គេ​រាយ​ការណ៍​ ​ថា​បាន​ចេញ​ពី​ខេត្ត​សៀមរាប​ មក​កាន់​ក្រុង​ភ្នំពេញ​ ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។​

​ក្នុង​ការ​ចុះ​ផ្សាយ​មួយ​របស់បណ្តាញ​ព័ត៌មាន​ ​Associated Press​ ​(AP)​ ដែល​បាន​ធ្វើ​បទ​សម្ភាស​ន៍​ជា​មួយ​នារី​ម្នាក់នៅខេត្ត​សៀមរាបដែលអះអាង​ថា​ជា​ភរិយារ​បស់​ជនជាប់​ចោទនោះ​ បាន​បញ្ជាក់​ថា ​ជន​ជាប់​ចោទ​ឈ្មោះ​អឿត អាង​ ​អាយុ​៤៤​ឆ្នាំ​ ​មាន​ទី​លំនៅ ឃុំ​នគរ​ភៀស​ ​ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប។ ​ស្ត្រី​ដដែល​អះអាង​បន្តថា ប្តីរបស់​អ្នក​ស្រី​ ​ដែល​បាន​ចាក​ចេញ​មក​កាន់​ក្រុង​ភ្នំពេញ​គឺ​មិន​អាច​មាន​ថវិកា​ដល់​ទៅ៣ពាន់​ដុល្លារ​សម្រាប់​ឲ្យ​គេ​ខ្ចី​នោះ​ទេ។​

លោក​ស្រី​ហឿម ហុត​ ​វ័យ​៤៥ឆ្នាំ​ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន ​Associated Press​ ​(AP)​ដកស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​ការរន្ធត់យ៉ាង​ខ្លាំង ​ពេល​ដែល​ឃើញ​រូបគាត់​នៅ​ក្នុង​ទូរទស្សន៍​ ​ហើយ​គេ​ថា​ គាត់​គឺ​ជា​ឃាតករ»។​

លោក​ស្រី​ហឿម ហុត​បន្ត​ថា ​ចាប់​តាំង​ពី​រៀប​ការ​ជា​មួយ​អឿត អាង​នា​ខែ​ឧសភា​កន្លង​ទៅ​ ​បុរស​ម្នាក់​នេះ​មិន​ដែល​មាន​ការ​ប្រទូស​ហិង្សា​ណា​មួយ​នោះ​ទេ។​

នាថ្ងៃ​ពុធ​នេះ​ ​VOA ​មិន​អាច​ទំនាក់​ទំនង​លោក​ជួន សុវណ្ណ​ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ និ​ង​លោក​ គៀត ច័ន្ទថារិទ្ធ ​អ្នក​នាំពាក្យ​នៃ​នគរតបាល​ជាតិ​កម្ពុជា​ ​ដើម្បី​សុំសេច​ក្តី​អធិប្បាយ​បន្ថែម​លើ​ករណី​នេះ​បាន​ទេ។​

ស្រប​ពេល​ដែល​ស្ថានទូត​ ​អង្គការ​សង្គម​ស៊ីវិល​នា​នា​ ​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​លោក​កែម ឡីឲ្យ​បាន​ហ្មត់ចត់​ និងត្រឹមត្រូវនោះ​ គណ​បក្ស​ជំទាស់​គឺគណបក្សសង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នាថ្ងៃ​នេះ​ដែរ​ ដោយ​អំពាវ​នាវ​ឲ្យអាជ្ញាធរ​កម្ពុជា​ចាប់​«ឃាត​ករ​ពិត​ប្រាកដ​ ឬ​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម»​នេះ​ផង​ដែរ៕

XS
SM
MD
LG