បទសម្ភាសន៍ VOA៖ របាយការណ៍អង្គការ Global Witness ជាព័ត៌មានសំខាន់សម្រាប់ពិចារណា
អង្គការការពារបរិស្ថានអន្តរជាតិ Global Witness ដែលមានមូលដ្ឋាននៅប្រទេស អង់គ្លេសបានបញ្ចេញរបាយការណ៍អំពីការក្ដោបក្ដាប់សេដ្ឋកិច្ចនិងក្រុមហ៊ុនជាង១០០តាមបែបប្រទូសរ៉ាយរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំ។ អ្នកស្រាវជ្រាវសង្គមគឺលោកកែម ឡី បានថ្លែងថា ការសិក្សារបស់លោករកឃើញថា របាយការណ៍នោះនឹងជួយឲ្យក្រុមអ្នកបោះឆ្នោត ក្រុមអ្នកជំនួញ និងក្រុមមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតមានព័ត៌មានដើម្បីសម្រេចចិត្ត និងពិចារណា។ នៅក្នុងបទសម្ភាសន៍ជាមួយលោកសុខ ខេមរានៃ VOA នៅថ្ងៃនេះ លោកកែម ឡីបានអះអាងថា បញ្ហាសំខាន់មិនមែនប្រតិកម្មតបទេគឺការបកស្រាយឲ្យពលរដ្ឋបានយល់ច្បាស់និងផ្តល់ព័ត៌មានពិត។ លោកថ្លែងថា ប្រសិនបើរដ្ឋាភិបាលចង់ប្តឹងអង្គការ Global Witness លោកលើកទឹកចិត្ត ហើយបើចង់ស្រាវជ្រាវរកការណ៍ពិត លោកក៏រីករាយនឹងចូលរួមដែរ។ លោកបានអះអាងថា របាយការណ៍នេះជាភស្តុតាងប្រវត្តិសាស្ត្រ ហើយរដ្ឋាភិបាលក្រោយៗអាចសើរើថា រឿងក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារនាយករដ្ឋមន្ត្រីវាសមស្រប ឬមិនសមស្រប។ តែលោកថា ប្រទេសខ្លះ ក៏មានការសម្របសម្រួលបែបនយោបាយដែរ៕