ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អ.ស.ប.​និង​កម្ពុជា​ជួប​គ្នា​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស

  • គង់ សុឋានរិទ្ធ

លោក Surya Subedi ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។

ប្រាំ​ខែ​ក្រោយ​ពី​ប្រទេស​ចំនួន​៧៦​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ជំរុញ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​នេះ​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំសិក្ខាសាលា​រួម​គ្នាដើម្បី​ផ្សព្វផ្សាយ​អនុសាសន៍​ទាំង​នេះ។

អាជ្ញាធរ​កម្ពុជា​និង​អង្គការ​សហប្រជាជាតិបានផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​អនុសាសាន៍​របស់​បណ្តា​ប្រទេសសមាជិក​អង្គការ​សហប្រជាជាតិស្តី​ពីការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ដោយមាន​ការ​លើក​ឡើង​ពី​ការ​រីក​ចម្រើន​មួយ​ចំនួន។

នៅ​ក្នុង​កិច្ច​ប្រជុំរបស់​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅ​ទីក្រុង​ហ្សឺណែវប្រទេស​ស៊្វីស ​ប្រទេសចំនួន​៧៦បាន​ផ្តល់​អនុសាសន៍ស្តី​ពី​ការពង្រឹងការ​លើក​តម្កើង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រហូត​ដល់​ចំនួន​២០៥​ចំណុច។ ​ក្នុង​នោះ​ កម្ពុជា​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣​និង​កត់​ទុក​សម្រាប់​ពិចារណាចំនួន​៣៨។ ​ហើយ​កម្ពុជា​បាន​ទាត់​ចោល​នូវ​អនុសាសន៍​ចំនួន​៤។

អនុសាសន៍​ដែល​កម្ពុជា​ទាត់​ចោល​នោះ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ការពារ​សេរីភាព​សារព័ត៌មាន​ ការ​ធានា​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​សម្រាប់​កុមារ​ទាំង​អស់​ដោយ​រាប់​បញ្ចូល​ទាំង​កុមារ​ដែល​មាន​ដើម​កំណើត​វៀតណាម​ផង​ដែរ។ ក្រៅ​ពី​នោះ​អនុសាសន៍​ទាក់ទង​នឹង​ការ​ប្រឆាំង​នឹង​ការ​រើសអើង​ចំពោះ​កុមារ​ដែល​ងាយ​រងគ្រោះ​និង​អនុសាសន៍​ឲ្យ​ដោះស្រាយ​ឡើង​វិញ​អត្រា​បោះបង់​ចោល​សាលារៀន​ក៏​ត្រូវ​ប្រទេស​កម្ពុជា​ទាត់ចោល​ដែរ។​

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​តាម​កាល​កំណត់​ជា​សាកល (UPR) ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ លោក ម៉ក់​ សម្បត្តិ​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ការ​បែងចែកការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រដ្ឋ​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​អនុសាសន៍​ដែល​កម្ពុជា​ទទួល​យក​នេះ។

«យើង​ទាំង​អស់​គ្នា​មក​ជួបជុំ​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​បំផុត​ដែល​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​អនុសាសន៍ ​UPR។ មាន​ន័យ​ថា​ ក្រោយ​ពី​យើង​ផ្សព្វផ្សាយយើង​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ហ្នឹង។ ​ក្រសួង​ណា​ពាក់ព័ន្ធអនុសាសន៍​ណា​ត្រូវ​យក​ទៅ​ពិនិត្យ​និង​អនុវត្តន៍​បែប​ណា។»

ក្នុង​ចំណោម​អនុសាសន៍​ទាំង​១៦៣​រួម​មានការ​តម្រូវ​ឲ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​និង​អនុសញ្ញាពិសេសៗ​មួយ​ចំនួន ការ​កែ​ទម្រង់និតិបញ្ញត្តិ​និង​ប្រព័ន្ធ​យុត្តិធម៌ ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ សិទ្ធិ​រស់រាន​មាន​ជីវិត​និង​កំណែ​ទម្រង់​ការ​បោះឆ្នោត ការ​លើក​ស្ទួយ​សិទ្ធិ​កុមារ សិទ្ធិ​ជនពិការ អនុសាសន៍​ដែល​ពាក់ព៍ន្ធ​នឹង​ស្ថាប័ន​សាលាក្តី​ខ្មែរក្រហម ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ដីធ្លី​ សិទ្ធិ​ទទួល​បាន​ការងារ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ​ត្រង់​ចំណុច​នេះ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ក្រសួង​ផែនការ។ ​ក្រៅ​ពី​នោះ​មាន​អនុសាសន៍​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​សុខាភិបាល​ សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជា​ដើម។

​លោក ម៉ក់ សម្បតិ្ត​ លើក​ឡើង​ថា​អនុសាសន៍​ទាំង​នេះ​មាន​ការ​លើក​ឡើង​ជាន់​គ្នា​ដដែលៗ​រវាង​ប្រទេស​និមួយៗ ​ហើយ​អនុសាសន៍​ទាំង​នេះ​ «មាន​ចែង​នៅ​ក្នុ​ង​ផែនការ​នយោបាយ»​របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ។​ ​ជាមួយ​គ្នា​នេះ​ ​លោក​បញ្ជាក់​ថា ​កម្ពុជា​បាន​ក្លាយ​ជា​គំរូ​ដល់​ប្រទេស​ដទៃ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញានិង​ពិធីសារ​មួយ​ចំនួន​ ជា​ពិសេស​ពិធីសារ​បន្ថែម​ស្តី​ពី​ការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្មដែល​បណ្តា​ប្រទេស​អាស៊ី​និង​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ផ្តល់សច្ចាប័ន​នៅ​ឡើយ។

​លោក​ស្រី គ្លែរ វ៉ាន់ឌើ វែរ៉ិន (Claire Van der Vearen) ​អ្នក​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាគូស​បញ្ជាក់​ថា​ អនុសាសន៍​នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​នេះ​ជា​ទ្រនិក​វាស់​ស្ទង់ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ស្រី​ពន្យល់​ថា៖ «អនុសាសន៍​ UPR ​បង្ហាញ​ការ​ខិតជិត​មួយ​ដើម្បី​វាយ​តម្លៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ដូច​ជា​វាយ​តម្លៃ​លើ​ភាព​ចន្លោះ​ប្រហោង​និង​ឱកាសសម្រាប់​ពង្រឹង​ការ​ការពារ​សិទ្ធិ​មនុស្ស។»

ដោយ​ឡែក​លោកស្រី​ វ៉ាន់-ហ៊ា លី (Wan-Hea Lee) ​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បញ្ជាក់​ថា​ ការ​ពិភាក្សា​អំពី​អនុសាសន៍​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បីជំរុញ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ជាក់ស្តែង​នៅ​ថ្ងៃ​ខាង​មុខ។

«យើង​នៅ​ទី​នេះ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ​លើ​អនុសាសាន៍​ទាំង​នេះដើម្បី​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​និងដើម្បី​អភិវឌ្ឍ​សកម្មភាព​ជាក់​ស្តែង​សម្រាប់ធ្វើ​ការ​អនុវត្តន៍អនុសាសន៍​ទាំង​នេះ។»

ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​ស្តី​បន្ទោស​ប្រកប​ដោយ​ការ​រិះ​គន់​ជា​លក្ខណៈ​អន្តរជាតិពាក់ព័ន្ធ​នឹង​ការ​បំពារ​បំពាន​លើ​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​សម្តែង​មតិ​ជាដើម។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា​ អនុ​សាសន៍ ​UPR ​នេះ​ជា​ «សម្ពាធ​នយោបាយ​អន្តរជាតិ»​ ​សម្រាប់ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​ប៉ុន្តែ​លោក​ អ៊ូ វីរៈ ចាត់​ទុក​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជំរុញការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នេះ៕

XS
SM
MD
LG