នេះជាលើកដំបូងហើយមិនធ្លាប់ឃើញកើតមានឡើងក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជាទៅលើរឿងក្តីដ៏ចម្រូងចម្រាសប្រឆាំងជំទាស់ នឹងសកម្មជនការពារសិទ្ធិមនុស្សដែលជាព្រះសង្ឃដ៏សកម្មមួយអង្គ។
តាមដីការកោះរបស់តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ បានបើកសវនាការពេញអង្គសេចក្តីជំនុំជម្រះលើសំណុំរឿងព្រះតេជគុណ លួន សូវ៉ាត និង លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋខ្មែរដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។ ក្នុងបទចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍»ដែលបទល្មើសនេះបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១១។
សវនការនេះបានធ្វើឡើងរួមគ្នា ក្នុងបន្ទប់តែមួយ និងថ្ងៃតែមួយដោយមានវត្តមានព្រះតេជគុណ លួន សូវ៉ាត ចំណែកឯលោក សួន សេរីរដ្ឋា ត្រូវបានបើកសវនាការកាត់ទោស កំបាំងមុខតែលោកបានឱ្យលោក មេធាវី សុខ សំអឿនជាអ្នកការពារក្តី។
បន្ទាប់ពីដំណើរការសវនាការបានបន្តិចដោយសារតែសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញនិងមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ទៅលើព្រះតេជគុណលួន សូវ៉ាតនោះ តុលាការបានបំបែកសំណុំរឿងព្រះតេជគុណចេញពីសំណុំរឿងលោក សួន សេរីរដ្ឋា។
លោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការរបស់តុលាការបានប្រាប់ក្នុងអង្គសវនាការថាការកោះហៅព្រះតេជគុណលួន សូវ៉ាតមកសវនការនៅថ្ងៃនេះជាការភាន់ច្រឡំមួយហើយក្រោយមកត្រូវបាន
លោក តុប ឈុនហេង ប្រធានចៅក្រមជំនុំជម្រះបានប្រកាសលើកពេលសវនាការក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាសវនាការទៅលើព្រះតេជគុណលួន សូវ៉ាតនឹងធ្វើឡើងសាជាថ្មីនៅពេលណាទេ។
លោក ហម ស៊ុនរិទ្ធ មេធាវីការពារក្តីព្រះតេជគុណ លួន សូវ៉ាត ក្នុងចំណោមមេធាវីការពារក្តីទាំងបួននាក់បានសំណូមពរដល់តុលាការឱ្យលើកលែងការចោទប្រកាន់ដោយសារតែកូនក្តីរបស់លោកពុំមានធាតុផ្សំបទល្មើសណាមួយដូចមានការចោទប្រកាន់របស់តុលាការទេ។
សំណុំរឿងលើព្រះតេជគុណ លួន សូវ៉ាតមិនត្រូវបានតុលាការសម្រេចឱ្យថតចម្លងសំណុំរឿងទេនៅពេលមានការស្នើសុំពីមេធាវីការពារក្តីដោយតុលាការបង្គាប់ឱ្យក្រុមមេធាវីធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង។
នៅក្នុងបន្ទប់សវនាការតុលាការបានរឹតបន្តឹងសន្តិសុខ។ មានអ្នកសារព័ត៌មានខ្លះតុលាការបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការហើយមួយចំនួនទៀតមិនអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការទេ។ ចំណែកឯអ្នកយកព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) បើទោះបីជាមានបណ្ណអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការក៏ដោយក៏ត្រូវបានមន្ត្រីប៉ូលិសសាកសួរនិងបានដេញចេញមិនឱ្យចូលស្តាប់សវនាការ។ ក៏ប៉ុន្តែដោយមានការតវ៉ាទើបសមត្ថកិច្ចបានអនុញ្ញាតឱ្យចូលស្តាប់ក្នុងបន្ទប់សវនាការ។
ព្រះតេជុណ លួន សូវ៉ាត ក្រោយពីតុលាការបានប្រកាសលើកពេលសវនាការព្រះអង្គបានមានសង្ឃដីការប្រាប់អ្នកកាសែតនៅខាងក្រៅអគាររបស់តុលាការថា រឿងក្តីទៅលើព្រះអង្គជារឿងអយុត្តិធម៌និងបានភ្ជាប់ករណីនេះទៅជារឿងនយោបាយ។
ព្រះតេជគុណនៅតែបញ្ជាក់ពីភាពមិនជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដូចមានការចោទប្រកាន់របស់តុលាការទេ។
ព្រះតេជគុណមានសង្ឃដីការថា៖«ពីព្រោះរូបភាពអាត្មាធ្វើរាល់ថ្ងៃវាមានរូបភាពអ្វីឧក្រិដ្ឋ? វាអត់មាន។សកម្មភាពក៏អត់ឧក្រិដ្ឋ និយាយក៏អត់ឧក្រិដ្ឋ ធ្វើក៏អត់ឧក្រិដ្ឋអញ្ចឹងបើចោទអាត្មា ប្រព្រឹត្តបទឧក្រិដ្ឋវាខុសអំពីការពិត។ អញ្ចឹងអាត្មាយល់ថាអំណាចរបស់តុលាការដែលប្រើក្នុងពេលនេះគ្រាន់តែជាឧបករណ៍មួយដើម្បីបើយើងនិយាយទៅវាអាចជាថ្នាំពុលមួយដែរ។ តែកាលណារកថ្នាំបន្សាបមិនទាន់វាអាចពុលស្លាប់»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូដែលបានតាមដានឃ្លាំមើលសវនាការនេះមានប្រសាសន៍ថាការភាន់ច្រលំរបស់តុលាការជាកំហុសនីតិវិធីមួយដ៏ធ្ងន់ធ្ងររបស់តុលាការនៅក្នុងសំណុំរឿងនេះ។
លោកមានប្រសាសន៍ថា«រឿងនេះស បញ្ជាក់ថារឿងនេះត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត។ដោយសារតែមិនមានភស្តុតាងណាមួយគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើព្រះតេជគុណលួន សូវ៉ាតនោះបានជាមួយលើកហើយមួយលើកទេ។ បង្វិលទៅបង្វិលមកៗធ្វើឱ្យមានការភាន់ច្រឡំសូម្បីតែតុលាការក៏មានការភាន់ច្រឡំខ្លួនឯងដែរ»។
នៅខាងក្រៅអគារតុលាការព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនរយនាក់បានមកតវ៉ាដើម្បីទាមទាររកយុត្តិធម៌ចំពោះព្រះតេជគុណ លួន សូវ៉ាត។ ក៏ប៉ុន្តែការតវ៉ានេះមិនមានការបង្ក្រាបពីកម្លាំងមានសកម្មកិច្ចទេ។
ក្រុមអង្គការសង្គមស៊ីវិល ក្នុងស្រុកចំនួន១៦បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយបានអំពាវនាវដល់តុលាការលើកលែងបទចោទដែលមិនត្រឹមត្រូវទៅលើព្រះតេជគុណលួន សូវ៉ាត ជាបន្ទាន់ដោយសារការចោទប្រកាន់នេះជាការរារាំងមិនឱ្យព្រះសង្ឃបញ្ចេញមតិ។
ព្រះតេជគុណ លួន សូវ៉ាត បានទទួលពានរង្វាន់ Martin Ennal កាលពីខែតុលាឆ្នាំ២០១២។ ពានរង្វាន់នេះបានផ្តល់ដល់ព្រះអង្គជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្ម៕