ខណៈថ្ងៃចូលធ្វើការរបស់ចៅក្រមនៅហុងកុងបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃចន្ទ ទី២២ ខែមករា លោក Andrew Cheung ប្រធានតុលាការកំពូលក្រុងហុងកុងបានប្រើឱកាសនេះសង្កត់ធ្ងន់អំពីរបៀបដែលតុលាការអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់។
លោក Cheung បានថ្លែងក្នុងពិធីបើកជាផ្លូវការថាតុលាការនឹងមិន «កាត់ទោសដោយងងឹតងងល់» លើនរណាម្នាក់ឡើយ ហើយនឹងគោរពសិទ្ធិជាមូលដ្ឋាននៅក្នុងករណីសន្តិសុខជាតិ។ លោកបានបន្ថែមថា ប្រព័ន្ធយុត្តិធម៌នឹងមិនចុះចាញ់ការដាក់សម្ពាធណាមួយនោះទេ។
លោក Cheung បានថ្លែងក្នុងសម្តីដើមថា៖ «ការគំរាមកំហែងនៃការដាក់ទណ្ឌកម្ម ឬការសងសឹកប្រឆាំងនឹងចៅក្រមដែលគ្រាន់តែបំពេញតួនាទីរបស់តុលាការជារឿងមិនអាចទទួលយកបានចំពោះនីតិរដ្ឋនិងជាការប្រឆាំងដ៏សំខាន់មួយ»។
ការថ្លែងរបស់ប្រធានតុលាការកំពូលបានធ្វើឡើង នៅពេលដែលក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យក្រុងហុងកុងទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក Jimmy Lai ដែលជាអ្នកបោះពុម្ពផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក Lai ស្ថិតក្នុងសវនាការអស់រយៈពេលមួយខែមកហើយ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការឃុបឃិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិក្រុងហុងកុង។ អ្នកបោះពុម្ពផ្សាយ វ័យ ៧៦ ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែប្រសិនបើត្រូវបានផ្តន្ទាទោស លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី ២២ ខែមករា អ្នកជំនាញអង្គការសហប្រជាជាតិចំនួន ៤ នាក់ បានអំពាវនាវឱ្យហុងកុងទម្លាក់បទចោទប្រឆាំងនឹងលោក Lai។
បុរសជនជាតិអង់គ្លេសដែលបង្កើតកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ ឈ្មោះ Apple Daily រូបនេះត្រូវបានឃុំខ្លួនតាំងពីការចាប់ខ្លួន នៅឆ្នាំ ២០២០។ សារព័ត៌មានរបស់លោកបានបិទទ្វារ ក្រោយការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់និងការបង្កកទ្រព្យសម្បត្តិ។
ក្រុមរដ្ឋអាជ្ញាក្នុងសំណុំរឿងនេះបានពណ៌នាលោក Lai ថាជា «អ្នកមូលវិវដ្តនិយម» ដែលពួកគេថា ជាបុគ្គលស្នូលនៃការសមគំនិតក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេសនិងបោះពុម្ពផ្សាយខ្លឹមសារក្លែងក្លាយ នៅក្នុងសារព័ត៌មាន Apple Daily។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ថា លោក Lai បានប្រើ« លេសតស៊ូប្រយុទ្ធដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ» ដើម្បីស្នើសុំឱ្យបរទេស រួមទាំងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម និងធ្វើសកម្មភាពអរិភាពផ្សេងទៀតប្រឆាំងនឹងក្រុងហុងកុងនិងចិន។
ការលើកឡើងជាភស្តុតាងគឺជំនួបរវាងលោក Lai និងលោក Mike Pence ដែលនៅពេលនោះជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិង លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែកក្កដា ឆ្នាំ ២០១៩។
កិច្ចប្រជុំនេះរួមមានការពិភាក្សាអំពីច្បាប់ធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យមានការបញ្ជូនមនុស្សពីទីក្រុងហុងកុងទៅប្រទេសចិន ដើម្បីប្រឈមមុខនឹងការកាត់ទោស។ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំមក សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ននេះត្រូវបានដកចេញ។
ក្រុមរដ្ឋអាជ្ញាក៏បានដកស្រង់អត្ថបទ ចំនួន ១៦១ នៅក្នុងសារព័ត៌មាន Apple Daily ជាភស្តុតាងនៃការបះបោរ និងបានថ្លែងថាលោក Lai បានបង្គាប់ឱ្យសារព័ត៌មាន Apple Daily ផ្សាយខ្លឹមសារជាភាសាអង់គ្លេស ដើម្បីជំរុញការគាំទ្រដល់រដ្ឋាភិបាលលោកខាងលិចដែលដាក់ទណ្ឌកម្មលើប្រទេសចិន និងក្រុងហុងកុង។
លោក Lai បដិសេធរាល់ការចោទប្រកាន់ទាំងនោះ។
អ្នកជំនាញអង្គការសហប្រជាជាតិដែលជាផ្នែកនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងថា សំណុំរឿងប្រឆាំងនឹងលោក Lai ហាក់ដូចជា «ទាក់ទងដោយផ្ទាល់ទៅនឹងការរិះគន់របស់លោកចំពោះរដ្ឋាភិបាលចិន និងការគាំទ្ររបស់លោក ចំពោះលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង»។
អ្នកជំនាញរួមមាន អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពនៃការបញ្ចេញមតិ លោក Clement Nyaletsossi Voule អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី អ្នកស្រី Alice Jill Edwards អ្នករាយ ការណ៍ពិសេសទទួលបន្ទុកការធ្វើទារុណកម្ម និងអ្នកស្រី Margaret Satterthwaite អ្នករាយការណ៍ពិសេសទទួលបន្ទុកឯករាជ្យភាពរបស់ចៅក្រមនិងមេធាវី។
ក្រុមប្រឹក្សានេះបានរំឭកឡើងវិញនូវការព្រួយបារម្ភរបស់ខ្លួនអំពីច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុងដែលពួកគេថាមិនស្របតាមកាតព្វកិច្ចអន្តរជាតិ។
អង្គការសហប្រជាជាតិបានថ្លែងថា ការកាត់ក្តីរបស់លោក Lai ជាករណីទី ២ ដែលចោទប្រកាន់ ក្រោមច្បាប់សន្តិសុខជាតិ បន្ទាប់ពីសំណុំរឿងពាក់ព័ន្ធនឹងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤៧ នាក់ ដែលកំពុងរង់ចាំសាលក្រម។
អ្នកជំនាញអង្គការសហប្រជាជាតិបានថ្លែងថា៖ «យើងសូមបញ្ជាក់ឡើងវិញថា ច្បាប់សន្តិសុខជាតិដែលមានទណ្ឌកម្មព្រហ្មទណ្ឌមិនគួរត្រូវបានប្រើប្រាស់ខុសចំពោះអ្នកដែលអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ និងការជួបប្រជុំដោយសន្តិវិធី ឬដកហូតសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈការចាប់ខ្លួន និងការឃុំឃាំងនោះទេ»។
ហុងកុងបានវាយបកនឹងការរិះគន់ដែលថា ច្បាប់នេះកំពុងប៉ះពាល់ដល់សេរីភាពព័ត៌មាន។ អ្នកស្រី Carrie Lam អតីតនាយកប្រតិបត្តិនៃទីក្រុងហុងកុងធ្លាប់ បានថ្លែងថា ករណីសារព័ត៌មាន Apple Daily ពាក់ព័ន្ធនឹង«សកម្មភាពគួរឱ្យសង្ស័យដែលបង្កគ្រោះ ថ្នាក់ដល់សន្តិសុខជាតិ» មិនមែនពាក់ព័ន្ធនឹងសេរីភាពប្រព័ន្ធផ្សព្វផ្សាយនោះទេ។
ករណីរបស់លោក Lai ត្រូវបានអ្នកតស៊ូមតិសេរីភាពសារព័ត៌មានមើលឃើញថា ជាការសាកល្បងលើការប្តេជ្ញាចិត្តរបស់ក្រុងហុងកុងចំពោះសារព័ត៌មានសេរី។
គណៈកម្មាធិការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ឬ CPJ បានចាត់ទុកប្រទេសចិនជាប្រទេសដែលមានអ្នកកាសែតជាត់ពន្ធនាគារច្រើនជាងគេដែលមានចំនួន ៤៤ នាក់ និងបានថ្លែងថាឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងកំពុងត្រូវបានគេមើលឃើញនៅក្នុងទីក្រុងហុងកុង។
អ្នកស្រី Jodie Ginsberg នាយកប្រតិបត្តិគណៈកម្មាធិការ CPJ បានថ្លែងថា៖ «អ្វីដែលយើងបានឃើញក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺថា ហុងកុងបានអនុវត្តតាមច្បាប់សន្តិសុខជាតិដ៏ឃោរឃៅរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបង្រ្កាបអ្នកដែលត្រូវបានចាត់ទុកថាជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ រួមទាំងអ្នកសារព័ត៌មានដែលនិយាយការពិតចំពោះអ្នកកាន់អំណាចផងដែរ»។
អ្នកស្រី Ginsberg បានថ្លែងថា៖ «ករណីរបស់លោក Lai ជាការសាកល្បងដ៏មានអានុភាពនិងសំខាន់មិនគួរឱ្យជឿលើការប្តេជ្ញាចិត្តរបស់ហុងកុងចំពោះសារព័ត៌មានសេរី។ វាពិតជាមានសារៈសំខាន់ណាស់ដែលយើងមើលឃើញសហគមន៍អន្តរជាតិនិយាយគាំទ្រលោក Jimmy Lai ដើម្បីគាំទ្រដល់សារព័ត៌មានសេរី»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ