កាលពីពេលថ្មីៗនេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការដោះលែងបាតុករប្រមាណជិត ២.៤០០ នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនក្នុងការតវ៉ាប្រឆាំងនៅតាមទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេសរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសកាលពីសប្តាហ៍មុនឱ្យមានការកេណ្ឌកងទ័ពបន្ថែមទៀត ដើម្បីទៅចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។
ការប្រកាសរបស់លោក Putin ដើម្បីកេណ្ឌកងទ័ពចំនួន ៣ សែននាក់បន្ថែមទៀតពីទាហានបម្រុងរបស់រុស្ស៊ីដើម្បីពង្រឹងកងទ័ពដែលកំពុងចុះខ្សោយនៅក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែននេះ បានធ្វើឱ្យមានការប្រឆាំងតវ៉ាទ្រង់ទ្រាយធំចំពោះសង្គ្រាមនេះ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Ravina Shamdasani បាននិយាយថា នៅក្នុងករណីខ្លះគេឃើញមានការប៉ះទង្គិចគ្នាកើតឡើងរវាងក្រុមអ្នកតវ៉ានិងក្រុមប៉ូលិស ប៉ុន្តែការតវ៉ាភាគច្រើនបានប្រព្រឹត្តិទៅដោយសន្តិវិធី។
អ្នកស្រីបានលើកឡើងដូច្នេះថា៖ «បើទោះបីជាការតវ៉ាភាគច្រើនត្រូវបានគេរាយការណ៍ថាបានប្រព្រឹត្តិទៅដោយសន្តិវិធីក៏ដោយ ក៏អាគារយោធានិងអាគាររដ្ឋបាលមួយចំនួន ដែលក្នុងនោះរួមមានទាំងការិយាល័យចុះឈ្មោះទាហានថ្មីៗផងដែរ បានទទួលរងការវាយប្រហារនៅក្នុងតំបន់ជាច្រើន។យើងចង់សង្កត់ធ្ងន់ថា ការចាប់ខ្លួនអ្នកតវ៉ាដោយសារតែពួកគេគ្រាន់តែអនុវត្តសិទ្ធិនៃការជួបជុំដោយសន្តិវិធីនិងសេរីភាពនៃការបញ្ចេញមតិ គឺជាការដកហូតតាមទំនើងចិត្តនូវសេរីភាពរបស់ពួកគេ»។
អ្នកស្រីបានបន្ថែមថា គេមិនដឹងច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលកំពុងនៅជាប់ឃុំ។
ការភ័យខ្លាចចំពោះការកោះហៅទៅចូលបម្រើក្នុងជួរកងទ័ពនេះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសង្ឃឹមថានឹងអាចគេចផុតពីកំណែនយោធានេះ។
អ្នកស្រី Shamdasani បាននិយាយថា វាជារឿងក្តុកក្តួលបំផុតដែលបានឃើញមនុស្សជាច្រើននាក់ បានសម្រេចជ្រើសរើសយកវិធីនេះ នៅក្នុងបរិបទនៃស្ថានការណ៍ដែលអ្នកស្រីហៅថាជាសង្គ្រាមមិនចាំបាច់។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «អ្វីដែលច្បាប់សិទ្ធិមនុស្សអន្តរជាតិទទូចចង់បានគឺថា ទីណាដែលប្រជាពលរដ្ឋធ្វើការប្រឆាំងទៅនឹងការចូលរួមនៅក្នុងសង្គ្រាម ឬក៏ទីណាដែលពួកគេប្រកាសជំទាស់ដោយមនសិការរបស់ពួកគេនោះ អាជ្ញាធរចាំបាច់ត្រូវតែយកចិត្តទុកដាក់និងគោរពចំពោះការជំទាស់នេះ»។
អ្នកស្រីបានបន្តថា គេចាំបាច់ត្រូវតែផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋណាដែលនៅមានភាពស្ទាក់ស្ទើរនៅក្នុងការទៅធ្វើសង្គ្រាម ដូច្នេះពួកគេនឹងដឹងថាតើត្រូវជំទាស់ដោយមនសិការរបស់ខ្លួនចំពោះការចូលរួមនៅក្នុងសង្គ្រាមនេះដោយរបៀបណា។
អ្នកស្រី Shamdasani បានកត់សម្គាល់ថា មានការទទួលស្គាល់ដោយអាជ្ញាធររុស្ស៊ីថា នៅក្នុងករណីខ្លះ ពលរដ្ឋខ្លះត្រូវបានគេច្រឡំប្រាប់ឱ្យចូលមកបម្រើកងទ័ព។ អ្នកស្រីថា អ្នកស្រីជឿថា គេបានដំឡើងប្រព័ន្ធទូរស័ព្ទបន្ទាន់មួយរួចរាល់ហើយសម្រាប់ដោះស្រាយបញ្ហាទាំងនេះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងអ្នកតវ៉ារឿងកំណែនយោធានៅរុស្ស៊ី
- Lisa Schlein
ទីក្រុងហ្សឺណែវ ប្រទេសស្វីស —